FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
២គ្រាប់នៅ World Cup ជួយ Giroud តាមស្មើកំណត់ត្រា Henry ក្នុងនាមអ្នករកគ្រាប់ច្រើនជាងគេឱ្យបារាំង 
×![]()
Olivier Giroud នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិបារាំងនាជំនួបបើកឆាក FIFA World Cup ទល់ក្រុមអូស្រា្តលី រាត្រីថ្ងៃទី២២ ខែវិច្ចិកាចូលថ្ងៃទី២៣។ ២គ្រាប់របស់ Giroud ដែលជួយបារាំងឈ្នះអូស្ត្រាលី ៤-១ បានតាមស្មើកំណត់ត្រារបស់ Thierry Henry ក្នុងនាមអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់មាន់គក ចំនួន៥១គ្រាប់។
កីឡាករវ័យ ៣៦ឆ្នាំរកបានគ្រាប់ទីពីរឱ្យបារាំងនៅត្រឹមនាទី៣២ ដោយការតែតបាល់យ៉ាងល្អពីការបញ្ជូនមកពីខ្សែការពារ Adrien Rabiot និងគ្រាប់ស៊ុតទីពីររបស់គេឱ្យបារាំងនៅនាទី៧១ ដែលជាការបញ្ជូលបាល់ពីខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe។ ២គ្រាប់ផ្សេងទៀតរបស់បារាំងរកបានដោយ Adrien Rabiot នៅនាទី២៧ និង Mbappe នៅនាទី៦៨ ចំណែក១គ្រាប់របស់អូស្ត្រាលីស៊ុតលើបារាំងតាំងតែពីនាទី៩ ដោយខ្សែប្រយុទ្ធ Craig Goodwin។
២គ្រាប់ស៊ុតដោយ Giroud ក្នុងការបង្ហាញខ្លួនលើកទី១១៥ នៅក្រុមជម្រើសជាតិបារាំងធ្វើឱ្យរូបគេរកបានគ្រាប់បាល់ទី៥១ សម្រាប់ក្រុមជម្រើសជាតិបារាំងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១១ មក។
ខ្សែប្រយុទ្ធក្រុម AC Milan រូបនេះតាមស្មើកំណត់ត្រារបស់ខ្សែប្រយុទ្ធ Thierry Henry ដែលជាវីរៈបុរសប្រចាំក្រុមបារាំងមួយដែលធ្លាប់ជួយក្រុមលើកពាន World Cup នៅឆ្នាំ ១៩៩៨ ដោយអតីតវីរៈបុរសបារាំងនិង Arsenal រូបនេះរកបានគិតចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០១០។
តាមស្មើកំណត់ត្រានេះ Giroud ឡើងឈរកំពូលតារាងក្នុងនាមជាកីឡាករដែលស៊ុតរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិបារាំងច្រើនជាងគេ និងលឿនជាងគេបង្អស់ប្រចាំប្រវត្តិសាស្ត្របារាំង។ កាលពីឆ្នាំ ២០១៨ ខ្សែប្រយុទ្ធរូបនេះក៏ត្រូវបានលោក Didier Deschamps ជ្រើសរើសដែរសម្រាប់ការប្រកួតរបស់បារាំងនៅ World Cup ប្រទេសរុស្ស៊ី ហើយរូបគេក៏រួមចំណែកជួយឱ្យបារាំងឈ្នះពានរង្វាន់ World Cup លើកទីពីរផងដែរ។
ដោយឡែកជ័យជម្នះនេះបានជួយឱ្យបារាំងក្លាយជាក្រុមការពារតំណែងជើងឯកដែលឈ្នះការប្រកួតថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ World Cup ចាប់តាំងពីប្រេស៊ីលធ្វើបាននៅឆ្នាំ ២០០៦ World Cup នៅអ៊ីតាលី។ នេះក៏ជាប្រកួតជ័យជម្នះលើកដំបូងប្រចាំ World Cup 2022 ដែលមានគ្រាប់ស៊ុតគ្នាទៅវិញទៅមកដល់ទៅ ៥គ្រាប់ចាប់តាំងបើកការប្រកួតមក។
បារាំងនឹងត្រូវជួបដាណឺម៉ាកនៅការប្រកួតបន្ទាប់របស់ពួកគេនៅក្នុងពូល D នៅថ្ងៃ២៦ ខណៈអូស្រ្តាលីត្រូវជួបទុយនីស៊ី៕
Tag:
World Cup
Olivier Giroud
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com