ជាតិ
យុវជនសកម្ម សេវាល្អ
​កោះកុង៖ សិស្សអនុវិទ្យាល័យ ពន្លឺវិជ្ជា ​​ចូលរួមបង្កើតបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងវិន័យលើការប្រើទូរសព្ទដៃ​
24, Nov 2022 , 7:59 am        
រូបភាព
ដោយ៖ ស៊ឹម ឆាន់ (យុវជនឃុំអណ្តូងទឹក)

 ស្រុកបូទុមសាគរ, កោះកុង៖ ​ក្នុងចំណោមសិស្សសរុប ១១៩នាក់ ដែលកំពុងសិក្សានៅក្នុងអនុវិទ្យាល័យ ពន្លឺវិជ្ជា មានសិស្សប្រមាណ៣០ភាគរយ ​មានទូរសព្ទដៃទំនើបប្រើប្រាស់។ ​នេះបើតាមលោក ម៉ែន ចាន់ នាយកសាលា ដោយលោកបានគូសបញ្ជាក់ទៀតថា សិស្សដែលទូរសព្ទប្រើ ភាគច្រើនគឺថ្នាក់ទី៩ ព្រោះពួកគេមានតម្រូវការច្រើនក្នុងការ​ស្រាវជ្រាវមេរៀន តាមប្រពន្ធអេឡិចត្រូនិក​។

 
សម្រាប់លោក ម៉ែន ចាន់ ការណ៍ដែលសិស្សមានទូរសព្ទដៃប្រើប្រាស់ ជារឿងល្អផង និងក៏មានចំណុចអវិជ្ជមានខ្លះដែរ។ រឿងល្អគឺថា ពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្តាយក្នុងករណីមានការបន្ទាន់ ហើយសិស្សក៏អាចប្រើប្រាស់ទូរសព្ទ ក្នុងការស្រាវជ្រាវមេរៀនបន្ថែមពង្រឹងចំណេះដឹងរបស់គេដែរ។ ប៉ុន្តែរឿងដែលលោក នាយកអនុវិទ្យាល័យពន្លឺវិជ្ជាព្រួយ​បារម្ភនោះ គឺខ្លាចសិស្សលួចលាក់លេងហ្គេម ឬប្រើប្រាស់បណ្តាញសង្គម ក្នុងម៉ោងសិក្សា ដែលធ្វើឱ្យការសិក្សារបស់សិស្សធ្លាក់ចុះ។
 
បើតាមលោក ម៉ែន ចាន់ ដើម្បីទប់ស្កាត់បញ្ហានេះ លោកបានឱ្យសិស្សតាមថ្នាក់នីមួយៗ បងបង្កើតបទបញ្ជាផ្ទៃក្នុង ដោយខ្លួនឯង ពាក់ព័ន្ធនឹងការប្រើទូរសព្ទនៅអំឡុងម៉ោងសិក្សានេះ ក្រៅពីនេះ សាលាក៏តែងតែ ផ្តល់ការអប់រំ ណែនាំ នៅតាមថ្នាក់ តាមរយៈគ្រូបន្ទុកថ្នាក់ និងនៅពេល​គោរពទង់ជាតិជាងរាល់ថ្ងៃផងដែរ។ «ហ្នឹងជាក្តីកង្វល់មួយដែរសម្រាប់ខ្ញុំ។ ​ ប៉ុន្តែខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់(តាមដាន)។ ខ្ញុំ​បាន​រៀបចំបទបញ្ជាផ្ទៃក្នុងនៅតាមថ្នាក់រៀនហ្នឹង ពាក់ព័ន្ធទៅនឹងការរៀននៅក្នុងថ្នាក់ ការប្រើប្រាស់ទូរសព្ទ។ យើងមានជាការពិន័យ យើងមានជាការអប់រំផ្សេងៗ»។
 

 លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា ដែលមានទីតាំងក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

យ៉ាងណាក៏ដោយដើម្បីពង្រឹងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សនៅក្នុងអនុវិទ្យាល័យទាំងមូលតែម្តង លោក ម៉ែន ចាន់ មានបំណងដាក់ចេញនូវបម្រាមយកទូរសព្ទដៃទំនើបចូលក្នុងបរិវេណសាលារៀនតែម្តង នៅក្នុងឆ្នាំសិក្សាក្រោយ។ ប៉ុន្តែការសម្រេចយ៉ាងណាជុំវិញរឿងនេះ ​គណៈកម្មការគ្រប់គ្រងសាលា នឹងប្រជុំគ្នា ​ព្រមទាំងពិគ្រោះយោបល់ជាមួយមាតាបិតាសិស្សជាមុនសិនផងដែរ ដើម្បីមានការឯកភាពគ្នាជុំវិញបញ្ហានេះ។ «បើតាមវិធានការរបស់ខ្ញុំហ្នឹងគឺយើងមិនចង់ឱ្យពួកគាត់ យកទូរសព្ទមកសាលារៀនតែម្តង។ នេះជាគោលការណ៍ធំរបស់ខ្ញុំ ដែលខ្ញុំគិត ហើយក៏ខ្ញុំពិគ្រោះយោបល់ជាមួយមាតាបិតាសិស្សខ្លះដែរ ប៉ុន្តែយើងមិនបាន(ពិគ្រោះ)ទាំងអស់ទេ។ ដើម្បីឱ្យការសិក្សារបស់សិស្សមានប្រសិទ្ធភាព មានតែយើងធ្វើវិធីហ្នឹង»។ នេះជាការបញ្ជាក់របស់លោក ម៉ែន នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា។
 

 
​សូមជម្រាបថា អនុវិទ្យាល័យ ពន្លឺវិជ្ជា ដែល​ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង​ មានសិស្សសរុប១១៩នាក់ ក្នុងនោះស្រីមាន៦៥នាក់ កំពុងសិក្សា ពីថ្នាក់ទី៧ ដល់ទី៩៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com