សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កសិករ​ថៃ​បារម្ភ​ពី​ទុរេន​វៀតណាម​នឹង​គ្រប​ដណ្ដប់​ទីផ្សារ​ចិន
24, Nov 2022 , 8:29 am        
រូបភាព
កសិករម្នាក់នៅខេត្ត Uttaradit (ភាគខាងជើងប្រទេសថៃ) ពិនិត្យផ្លែទុរេនក្រោយពេលប្រមូលផល។ រូបថត៖ Bangkok Post ។
កសិករម្នាក់នៅខេត្ត Uttaradit (ភាគខាងជើងប្រទេសថៃ) ពិនិត្យផ្លែទុរេនក្រោយពេលប្រមូលផល។ រូបថត៖ Bangkok Post ។
វៀតណាមបានចាប់ផ្តើមនាំចេញទុរេនស្រស់ទៅកាន់ចិនដែលមានគុណភាពខ្ពស់មិនចាញ់ប្រទេសថៃ ជាមួយការដឹកជញ្ជូនដោយប្រើរយៈពេលតិចជាង។ សន្ទុះនៃការនាំចេញនេះ ជាហេតុធ្វើឱ្យកសិករថៃមានព្រួយបារម្ភអំពីផលិតទុរេនរបស់ពួកគេ ដោយចិនមានការបញ្ជាទិញទុរេនវៀតណាមកើនឡើងជាងមុនបើធៀបនឹងពេលកន្លងមក។



កសិករដាំទុរេនអស់រយៈពេលជាង ៣០ឆ្នាំនៅក្នុងប្រទេសថៃលោកស្រី Busaba Nakpipat មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការប្រកួតប្រជែងរវាងទុរេនរបស់ថៃ ជាមួយទុរេនវៀតណាម។ ក្តីបារម្ភរបស់លោកស្រីបានកើតឡើងបន្ទាប់ពីមានការនាំចេញទុរេនស្រស់ដំបូងពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនកាលពីចុងសប្តាហ៍មុន។
 
លោកស្រី Busaba Nakpipat បានឱ្យដឹងថា៖ «កន្លងមក ថៃគឺជាប្រទេសតែមួយគត់ដែលអាចនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន ហើយវៀតណាមបានត្រឹមនាំចេញតែផលិតផលកែច្នៃប៉ុណ្ណោះ ប៉ុន្តែពេលនេះ វៀតណាមគឺជាដៃគូប្រកួតប្រជែងរបស់យើង ហើយនេះជាអ្វីដែលធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ»។ 
 
បើ​តាម​លោកស្រី Busaba Nakpipat វៀតណាម​នៅកៀក​ជាប់​ចិន ហើយមាន​ការត្រួតពិនិត្យ​គុណភាព​ល្អ​ជាង ដូច្នេះ​ទុរេន​ថៃ​អាចមានភាពយឺតយ៉ាវ​តាម​ពីក្រោយ​។ កសិកររូបនេះធ្លាប់បានទៅលេងប្រទេសវៀតណាមក្នុងខែកញ្ញា ហើយបានឃើញដោយផ្ទាល់ភ្នែកពីទិដ្ឋភាពចម្ការទុរេនរបស់វៀតណាមកំពុងពង្រីកការអភិវឌ្ឍយ៉ាងឆាប់រហ័សលើសពីការរំពឹងគិត។
​ថៃ​ជា​ប្រទេស​ផលិត​ទុរេន​ធំ​ជាង​គេ​របស់​ពិភពលោក។ ការ​នាំ​ចេញ​ទុរេន​របស់​ថៃ​ទៅ​​ចិន​បាន​កើន​ឡើង ៦៨ភាគរយរហូត​ដល់​ជាង៨៧៥ពាន់តោនកាលពីឆ្នាំមុន។ ជា​មធ្យមប្រជាជន​ម្នាក់​ក្នុងប្រទេសចិន​បរិភោគ​ទុរេន​ថៃ​ច្រើន​ជាង០,៦គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។
 
ចាប់ពីខែកុម្ភៈដល់ខែមិថុនាឆ្នាំនេះ ទុរេនថៃជាងកន្លះលានតោនត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសចិនក្នុងតម្លៃដែលមានការប្រកួតប្រជែង។ ការ​នាំ​ចេញ​​កើន​ឡើង​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​នៃ​ការ​និយម​របស់ជនជាតិ​ចិន​ចំពោះ​ទុរេន​ថៃ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី Busaba មើលឃើញពីវិធានការណ៍រឹតបណ្តឹងនៅក្នុងប្រទេសចិន​កំពុង​ប៉ះពាល់​ដល់​គុណភាព​ផ្លែ​ទុរេនថៃ។
 
បច្ចុប្បន្ន​វៀតណាមនិង​ប្រទេស​នាំ​ចេញ​ទុរេន​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ ក៏បាន​ខិត​ចូល​មក​កៀក​ទីផ្សារ​ប្រទេស​ចិនផង​ដែរ។ លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យពាណិជ្ជកម្មថៃ (UTCC) បាននិយាយថា វៀតណាមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សទៅជាដៃគូពាណិជ្ជកម្មជុំវិញផ្លែឈើដ៏យ៉ាងច្រើនជាមួយចិន ដោយសារប្រព័ន្ធនៃការដឹកជញ្ជូនមានលក្ខណៈងាយស្រួល និងទីតាំងភូមិសាស្ត្រជិតគ្នា។
 
ជាមួយគ្នានេះ​ លោក Woochai Kunjet ប្រធានសមាគមធុរេនថៃបានមានឱ្យដឹងថា រដូវប្រមូលផលទុរេនរបស់វៀតណាមគឺចាប់ពីខែមិថុនាដល់ខែវិច្ឆិកា ស្របពេលជាមួយទុរេនភាគខាងត្បូងប្រទេសថៃ។ បើតាមប្រធានសមាគមធុរេនថៃរូបនេះ ទុរេនពីតំបន់ភាគខាងត្បូងមិនត្រឹមតែប្រឈមនឹងការប្រកួតប្រជែងក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជាមួយប្រទេសវៀតណាមទៀតផង។ 
 
ប៉ុន្តែអ្នកជំនាញ Aat Pisanwanich យល់ឃើញថា វៀតណាមនៅតែមិនអាចប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសថៃក្នុងការនាំចេញទុរេនបានទេ ព្រោះវៀតណាមអាចផលិតបានតែពាក់កណ្តាលនៃទិន្នផលសរុបរបស់ប្រទេសថៃ ដែលមានចំនួន ១,២លានតោនក្នុងឆ្នាំ​២០២១។ ប៉ុន្តែវៀតណាមអាចវិនិយោគលើផ្ទៃដីដាំដុះនៅប្រទេសឡាវ និងកម្ពុជា ព្រោះប្រទេសទាំងពីរមានពាណិជ្ជកម្មផ្តាច់មុខជាមួយប្រទេសចិន ដែលនេះអាចនាំឱ្យវៀតណាមប្រកួតប្រជែងជាមួយថៃបាននាពេលអនាគត។
 
នៅឆ្នាំ ២០២១ ទុរេនវៀតណាមនឹងមានតម្លៃ ៧០បាតក្នុងមួយគីឡូក្រាម (ប្រហែល ១,៩៥ដុល្លារ) តម្លៃត្រឹមតែពាក់កណ្តាលនៃទុរេនថៃប៉ុណ្ណោះ។ ប៉ុន្តែទិន្នន័យនៅមជ្ឈមណ្ឌលស្រាវជ្រាវ Krungthai Compass បានបង្ហាញថា នៅឆ្នាំនេះ គម្លាតតម្លៃបានរួមតូចមកវិញ។ ។ បើ​តាម​លោក Aat Pisanwanich នេះ​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ធូរេន​ថៃ​ធ្លាក់​ចុះ ខណៈ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។
 
ក្នុងឆមាសទី១ នៃឆ្នាំនេះ ការនាំចេញទុរេនវៀតណាមសម្រេចបាន ៨៤,៤លានដុល្លារកើនឡើងជាង ៩០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​នោះការ​នាំ​ចេញ​ធុរេនទៅ​កាន់​ប្រទេស​ចិន​សម្រេច​បាន​ជិត ២,៩ លាន​ដុល្លារ កើន​ជាង​ទ្វេ​ដង។ នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម៕
 
 

Tag:
 ទុរេន វៀតណាម ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com