អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បុលសូណារ៉ូ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីប្រេស៊ីល​ ហើយដាក់ពាក្យបណ្តឹងតវ៉ា
23, Nov 2022 , 8:29 pm        
រូបភាព
ដោយ:
លោក ជែ បុលសូណារ៉ូ នៅថ្ងៃទី២២ ខែវិច្ឆិកា ដាក់ពាក្យបណ្តឹងទៅតុលាការប្រេស៊ីលដើម្បីតវ៉ាពីលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីខែមុន ដោយអះអាងថាមានភាពមិនប្រក្រតីក្នុងម៉ាស៊ីនបោះឆ្នោត។ ប៉ុន្តែតុលាការរៀបចំបោះឆ្នោតប្រេស៊ីលតបថា លោក បុលសូណារ៉ូ ត្រូវតែបង្ហាញពីការត្រួតពិនិត្យពេលលេញក្នុងរយៈពេល២៤ម៉ោង បើមិនដូច្នោះទេ ពាក្យបណ្តឹងនោះនឹងត្រូវច្រានចោល។

 
ជាងបីសប្តាហ៍ក្រោយចាញ់ការបោះឆ្នោត លោក បុលសូណារ៉ូ នៅតែមិនព្រមទទួលស្គាល់លទ្ធផលដោយលើកហេតុផលថា ម៉ាស៊ីនបោះឆ្នោតមួយចំនួនអសុក្រឹត។ ក្នុងការបោះឆ្នោតជុំទីពីរ  លោក បុលសូណារ៉ូ ត្រូវបានផ្តួលដោយអតីតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva ជាមួយលទ្ធផលបោះឆ្នោតយ៉ាងប្រកៀកប្រកិតដោយសំឡេងគាំទ្រ៤៩,១ភាគរយទល់នឹង៥០,៩​ភាគរយ។ 
 
លោក Lula គ្រោងចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
 
បើទោះលោក Lula ត្រូវបានតុលាការបោះឆ្នោតកំពូលប្រេស៊ីលសម្រេចឱ្យឈ្នះរួចហើយ លោក បុលសូណារ៉ូ ដែលមកពីបក្សសេរីនិយមដាក់ពាក្យតវ៉ាកម្រាស់៣៣ទំព័រទៅកាន់អាជ្ញាធររៀបចំការបោះឆ្នោតប្រេស៊ីល។ ពាក្យបណ្តឹងនោះបញ្ជាក់ថា សន្លឹកឆ្នោតដែលបោះលើម៉ាស៊ីនអេឡិចត្រូនិចជាតិភាគច្រើនត្រូវទុកជាមោឃ។ បក្សសេរីនិយមរបស់លោក បុលសូណារ៉ូ អះអាងថា ម៉ាស៊ីនបោះឆ្នោតចំនួន ២៨ ម៉ឺនគ្រឿងខ្វះលេខអត្តសញ្ញាណបុគ្គលក្នុងបញ្ជីផ្ទៃក្នុង។ 
 
«ភាពមិនច្បាស់លាស់នេះមិនអនុញ្ញាតឱ្យសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតអាចផ្ទៀងផ្ទាត់បាន។ នេះមិនមែនមានន័យថាមានការបន្លំសន្លឹកឆ្នោតទេ ប៉ុន្តែគ្មានភាពច្បាស់លាស់ណាដែលថាសន្លឹកឆ្នោតទាំងនោះអាចជឿទុកចិត្តបានទេ»។ មេធាវីរបស់បក្សសេរីនិយម លោក Marcelo Bessa ប្រាប់អ្នកកាសែតបែបនេះនៅទីក្រុងប្រាស៊ីលីយ៉ា ។
 
ទាក់ទងពាក្យបណ្តឹងនេះ លោក Alexandre de Moraes ចៅក្រមតុលាការកំពូលដែលបច្ចុប្បន្នដឹកនាំតុលាការបោះឆ្នោតកំពូលប្រេស៊ីលចោទសួរទៅវិញថាតើ ម៉ាស៊ីនបោះឆ្នោតដែលដំណើរការមិនប្រក្រតីនោះត្រូវបានប្រើប្រាស់ទាំងការបោះឆ្នោតពីរជុំនេះឬយ៉ាងណា។ បើតាមលោក Moraes ពាក្យបណ្តឹងនោះនឹងត្រូវកែប្រែក្នុងរយៈពេល២៤ម៉ោងដោយរួមបញ្ចូលទាំងការបោះឆ្នោតជុំទីមួយទៀត បើមិនដូច្នោះទេ ករណីបណ្តឹងនេះនឹងត្រូវបានច្រានចោល។ 
 
កាលពីបោះឆ្នោតជុំទីមួយនៅថ្ងៃទី២ ខែតុលា លោក Lula និងលោក Bolsonaro ទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេតែមិនលើសពី៥០ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ទើបអ្នកទាំងពីរត្រូវបន្តទៅការបោះឆ្នោតជុំទីពីរ៕
 
 
 
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com