កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក យ៉ាំ ថៃសាន៖ វ៉ូវីណាមជោគជ័យ នៅព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ពិធីបំពាក់មេដាយជូនកីឡាករ-កីឡាការិនីក្នុងថ្ងៃបិទបញ្ចប់ការប្រកួតកីឡាវ៉ូវីណាមកីឡាជាតិលើកទី៣។
× លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មើលឃើញគុណផលផ្លែផ្កាចំពោះកីឡាករកីឡាការិនី ក្រោយបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣។
កីឡាវ៉ូវីណាម បានបិទបញ្ចប់ការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ក្រោមវត្តមានលោក ម៉ុង គឹមហេង ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
«សហព័ន្ធកីឡាវ៉ូវីណាម ឆ្លងកាត់ការប្រកួតកីឡាជាតិលើកទី៣ នេះការគ្រប់គ្រង រៀបចំអ្វីៗនោះយើងយល់ថាជាជោគជ័យមួយហើយ ចំពោះកីឡាករ-កីឡាការិនី ពួកគាត់មានគុណផល ដែលជាសមិទ្ធផលថ្មី បន្ទាប់ពីឆ្លងកាត់ការប្រកួតមួយរយៈពេលកន្លងមកនេះ» ។ នេះជាការបញ្ជាក់របស់លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
លទ្ធផលសម្រាប់ការប្រកួតក្រុមក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប១១ មាស៨ ប្រាក់២ និងសំរឹទ្ធ១ ក្រសួងមហាផ្ទៃ ឈរលេខ២ មេដាយសរុប១៥ មាស៧ ប្រាក់៤ និងសំរឹទ្ធ៤ ចំណាត់ថ្នាក់លេខ៣ បានទៅខេត្តព្រៃវែង មេដាយសរុប១០ មាស២ ប្រាក់៦ និងសំរឹទ្ធ២។
ខេត្តស្វាយរៀង ឈរចំណាត់ថ្នាក់លេខ៤ មេដាយសរុប១១ មាស២ ប្រាក់៦ និងសំរឹទ្ធ៣ ចំណាត់ថ្នាក់លេខ៥ ខេត្តកំពង់ស្ពឺ មេដាយសរុប៤ មាស១ និងសំរឹទ្ធ៣ ខេត្តប៉ៃលិន ឈរលេខ៦ មេដាយសរុប៨ ប្រាក់២ និងសំរឹទ្ធ៦ រាជធានីភ្នំពេញ ឈរលេខ៧ មេដាយសំរឹទ្ធ៣ និងខេត្តត្បូងឃ្មុំ ឈរលេខ៨ មេដាយសំរឹទ្ធ៣។
គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ បានដាក់បញ្ចូល២០វិញ្ញាសាទៅក្នុងការប្រកួត ដែលកីឡាករ-កីឡាការិនីចំនួន៧០នាក់ ក្នុងនោះនារី២៤ នាក់មកពីបណ្តារាជធានី-ខេត្ត និងក្រសួងចំនួន៨ ការប្រកួតមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
Tag:
កីឡាវ៉ូវីណាម
កីឡាជាតិលើកទី៣
យ៉ាំ ថៃ សាន
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com