កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ជើងឯករងកាល ២០១៨ ក្រូអាស៊ីបញ្ចប់ត្រឹមលទ្ធផលស្មើទល់ម៉ារ៉ុក
23, Nov 2022 , 7:00 pm        
រូបភាព
ជំនួបបើកឆាកពូល F រវាងម៉ារ៉ុកនិងក្រូអាស៊ីបញ្ចប់ទៅដោយលទ្ធផល ០-០ ដែលជាការប្រកួតទី៣ ហើយក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាដែលគ្មានការស៊ុតបំប៉ោងសំណាញ់គ្នា។ World Cup កាតាក្លាយជាការប្រកួតទីពីរក្នុងប្រវត្តិសាស្ត្រសម្រាប់ក្រុមទាំងពីរដែលបានប៉ះគ្នា គិតចាប់តាំងពីឆ្នាំ ១៩៩៦មក។



ចាប់ផ្តើមការប្រកួតនៅដើមវគ្គទីមួយក្រូអាស៊ីដែលជាក្រុមរងជើងឯកនៅឆ្នាំ ២០១៨ ចាប់ផ្តើមការប្រកួតធ្វើបានយ៉ាងល្អដោយការដាក់សម្ពាធខ្លាំងលើម៉ារ៉ុក ហើយក្រូអាស៊ីព្យាយមស្វែករកឱកាសស៊ុតគ្រាប់បាល់ខ្លាំងនៅដើមវគ្គតែមិនមានឱកាសល្អៗឡើយ ព្រោះការរារាំងពីខ្សែការពារម៉ារ៉ុកដ៏រឹងមាំ រួមជាមួយរនាំងដ៏រឹងមាំនៃអ្នកចាំទីវ័យចំណាស់ជាងគេក្នុងព្រឹត្តិការណ៍របស់ម៉ារ៉ុក។ ទោះនៅវគ្គទីមួយត្រូវក្រូអាស៊ីដាក់សម្ពាធខ្លាំងក្តី ម៉ារ៉ុកនៅតែអាចទប់ទល់ការវាយសម្រុកខ្លាំងនោះបាន ពួកគេក៏មានឱកាសវិញមួយចំនួនវាយបកលើគូប្រកួតវិញផងដែរ ហើយការប្រកួតនៅវគ្គទីមួយបញ្ចប់ទៅត្រឹមលទ្ធផល ០-០។

ឈានចូលការប្រកួតវគ្គទីពីរក្រូអាស៊ីដដែលនៅតែបន្តដាក់សម្ពាធសារជាថ្មីជាមួយយុទ្ធសាស្រ្តថ្មីក្នុងការស្វែករកគ្រាប់បាល់តែឱកាសល្អៗពិបាកស្វែករកដោយការមិនយលចិត្តគ្នាពីសំណាក់កីឡាករក្រូអាស៊ីនៅតំបន់គ្រោះថ្នាក់របស់ម៉ារ៉ុក។ ត្រឹមនាទី៦០ ក្រូអាស៊ីគ្របដណ្តប់លើម៉ារ៉ុកដោយស្ថិតិ ៦២ភាគរយទល់ ៣៨ភាគរយ តែយ៉ាងណានៅតែមិនអាចបំបែករនាំងដ៏រឹងមាំរបស់ម៉ារ៉ុកដែលជាក្រុមមកពីទ្វីបអាហ្រ្វិកនេះបានឡើយ ការប្រកួតចេះតែបន្តទៅមុនដោយក្រុមទាំងពីរគ្មានការស៊ុតបញ្ជូលទីគ្នាឡើយ រហូតដល់បញ្ចប់ការប្រកួតពេញ ៩០នាទី ក្នុងកីឡដ្ឋាន Al Bayt រាត្រីថ្ងៃទី២៣ នេះ។

លទ្ធផលស្មើ ០-០ រវាងក្រូអាស៊ីនិងម៉ារ៉ុកបានធ្វើឱ្យពួកគេក្លាយជាក្រុមទីបីហើយប្រចាំព្រឹត្តិការណ៍ World Cup 2022 ដែលគ្មានការស៊ុតបញ្ជូលទីគ្នាសូម្បីតែមួយគ្រាប់ បន្ទាប់ពីក្រុម ដាណឺម៉ាក ស្មើទុយនីស៊ី ០-០ និង ម៉ិកស៊ិកស្មើប៉ូឡូញក្នុងលទ្ធផលនេះដូចគ្នា។ បើគិតចាប់តាំងពីឆ្នាំ ១៩៩៦ ដែលជួបគ្នាលើកដំបូង ជំនួបនៅកាតានេះ ជាការប៉ះគ្នាលើកទីពីរក្នុងប្រវត្តិសាត្រ្តសម្រាប់ក្រុមទាំងពីរ។

ម៉ារ៉ុកនឹងធ្វើដំណើរទៅប៉ះប៊ែលហ្ស៊ិក បន្ទាប់ពីការប្រកួតនេះទៅ ហើយពួកគេនឹងជួបកាណាដានៅការប្រកួតវគ្កចែកពូលនេះចុងក្រោយនៅថ្ងៃទី១ ខែធ្នូ៕




 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com