FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមអាល្លឺម៉ង់ខ្ទប់មុខថតរូបមុនប្រកួត ដើម្បីប្រឆាំង FIFA ដែលហាមកីឡាករពាក់ស្លាក​ OneLove​ នៅ World Cup
24, Nov 2022 , 9:50 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដាក់ដៃខ្ទប់មាត់អំឡុងពេលថតរូបក្រុមមុនការប្រកួតជាមួយជប៉ុនសម្រាប់ការប្រកួត World Cup ដើម្បីប្រឆាំងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលហាមប្រធានក្រុមពាក់ស្លាក OneLove​ ក្នុងការប្រកួត។ ស្លាក​ OneLove បង្ហាញពីការប្រឆាំងម្ចាស់ផ្ទះកាតាជុំវិញការរិតត្បឹតសិទ្ធសេរីភាពបញ្ចេញមតិ​ និងអ្នកស្រឡាញ់ភេទដូចគ្នាជាដេីម។

 
ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់បានចាញ់ក្រុមសាំម៉ូរៃជប៉ុនទាំងភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូល E នាថ្ងៃទី២៣ ខែវិច្ឆិកា នាកីឡដ្ឋាន Khalifa International។ មុនការប្រកួតចាប់ផ្តើម អាល្លឺម៉ង់បានព្យាយាមបង្ហាញគោលជំហរខ្លួនតាមរយៈការពាក់ស្លាកប្រធានក្រុមដែលមានសញ្ញា OneLove ដើម្បីប្រឆាំងលើការរើសអើងនៅក្នុងប្រទេសកាតា។ ក្រៅពីអាល្លឺម៉ង់ ក្រុមដទៃទៀតដែលរួមមានអង់គ្លេស ហូឡង់ ដាណឺម៉ាក ស្វីស និងវេលស៍ សុទ្ធចូលរួមពាក់ស្លាកនេះ។ 
 
ស្លាកសញ្ញា OneLove បង្ហាញពីការគាំទ្រចំពោះអ្នកស្រលាញ់ភេទដូចគ្នានៅព្រឹត្តិការណ៍ World Cup ត្រូវបានហាមឃាត់ពីសំណាក់ FIFA។ ស្ថាប័នគ្រប់កីឡាបាល់ទាត់ពិភពលោកមួយនេះ តម្រូវឱ្យអាជ្ញាកណ្តាលផ្តល់កាតលឿងទៅឱ្យប្រធានក្រុមណាដែលពាកស្លាក OneLove អំឡុងពេលប្រកួតទៀតផង។
 
បើតាមការលើកឡើងពីសំណាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយការប្រកួតចាប់ផ្តើមទើបបានប៉ុន្មាននាទី ពួកគេនៅតែរក្សាជំហររបស់ខ្លួនប្រឆាំងនឹងការសម្រេចរបស់ FIFA ដដែល។ អ្នកចាំទី Manuel Neuer ដែលជាប្រធានក្រុមអាល្លឺម៉ង់នៅតែពាក់ស្លាក OneLove ប៉ុន្តែត្រូវអាជ្ញាកណ្តាលស្នើឱ្យដោះចេញវិញមុនប្រកួតចាប់ផ្តើម។
 
«នេះមិនមែនជាការឃោសនាបែបនយោបាយអ្វីឡើយ តែជាការអំពាវអំពីការរើសអើងនានានៅទីនេះដែលមិនអាចដោះស្រាយបាន។ វាគួរតែត្រូវបានគេយល់ព្រម តែវានៅតែត្រូវបានហាមឃាត់ចំពោះករណីទាំងនេះ នេះហើយជាមូលហេតុដែលយើងនៅតែបន្តគោលជំហររបស់យើង ព្រោះវាមានសារៈសំខាន់ខ្លាំងសម្រាប់យើង។ ពួកគេព្យាយាមរារាំងយើងក្នុងការពាក់ស្លាកសញ្ញានោះ ដូចដែលពួកគេបានរារាំងការបញ្ចេញមតិរបស់យើងអ៊ីចឹង។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអាល្លឺម៉ង់។
 
យ៉ាងណាមិញនេះមិនមែនជាលើកដំបូងឡើយដែលក្រុមអាល្លឺម៉ង់ត្រូវបានហាមឃាត់មិនឱ្យពាក់ស្លាកសញ្ញាប្រធានក្រុម ពោលគឺក្រុមមកពីតំបន់អឺរ៉ុបដែលមានអង់គ្លេស ស្វីស ហូឡង់ ដាណឺម៉ាកសុទ្ធសឹងតែត្រូវបានហាមឃាត់ដូចគ្នា៕
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com