អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការប្រេស៊ីល ច្រានចោលពាក្យបណ្តឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់លោក បុលសូណារ៉ូ
24, Nov 2022 , 12:29 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីលដែលនឹងអស់អាណត្តិ លោក ជែ បុលសូណារ៉ូ។ រូបថត Xinhua
ប្រធានាធិបតីប្រេស៊ីលដែលនឹងអស់អាណត្តិ លោក ជែ បុលសូណារ៉ូ។ រូបថត Xinhua
ដោយ:
ប្រធានតុលាការរៀបចំការបោះឆ្នោតប្រេស៊ីល Alexandre de Moraes នៅថ្ងៃទី២៣ ខែវិច្ឆិកា ច្រានចោលពាក្យបណ្តឹងរបស់បក្សសម្ព័ន្ធរបស់លោក ជែ បុលសូណារ៉ូ ដែលតវ៉ាពីលទ្ធផលចាញ់ការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ តុលាការព្រមទាំងពិន័យទឹកប្រាក់ជាង៤លានដុល្លារពីបក្សក្នុងបក្សសម្ព័ន្ធមួយនេះ ហើយបញ្ជាឱ្យស៊ើបអង្កេតលើបក្សកាន់អំណាចបច្ចុប្បន្នជុំវិញការប្រើប្រាស់លុយផ្គត់ផ្គង់ផ្នែកនយោបាយខុសគោលដៅផងដែរ។

 
ក្នុងលទ្ធផលបោះឆ្នោតជុំទីពីរកាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន ជែ បុលសូណារ៉ូ ត្រូវបានផ្តួលដោយលោក Luiz Inacio Lula da Silva ដែលជាអតីតប្រធានាធិបតីដោយចាញ់សន្លឹកឆ្នោតគាំទ្រមិនដល់ពីរភាគរយផង។ លោក បុលសូណា មកពីបក្សស្តាំនិយមតែងទទូចថា ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិចដែលត្រូវបានប្រើប្រាស់ជាងពីរទសវត្សរ៍មកនេះងាយប្រឈមនឹងការបន្លំ បើទោះគ្មានព័ស្តុតាងបញ្ជាក់ក៏ដោយ។ 
 
ទន្ទឹមនឹងចាញ់ការបោះឆ្នោតប្រធានាធិបតីនេះ បក្សសម្ព័ន្ធរបស់ លោក បុលសូណា ដាក់ពាក្យបណ្តឹងតវ៉ាដោយអះអាងថា ម៉ាស៊ីនបោះឆ្នោតមួយចំនួនដំណើរការមិនប្រក្រតី ហើយសន្លឹកឆ្នោតទាំងនោះគួរតែត្រូវទុកជាមោឃ។ ប៉ុន្តែ អាជ្ញាធររៀបចំការបោះឆ្នោតប្រេស៊ីលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្លើយតបទៅវិញដោយទាមទារឱ្យកែប្រែពាក្យបណ្តឹងក្នុងរយៈពេល២៤ម៉ោងដោយរួមបញ្ចូលទាំងការបោះឆ្នោតជុំទីមួយទៀត បើមិនដូច្នោះទេ ករណីបណ្តឹងនេះនឹងត្រូវបានច្រានចោល។
 
ដោយមិនមានការកែប្រែពាក្យបណ្តឹង តុលាការរៀបចំការបោះឆ្នោតប្រេស៊ីលដែលមានលោក Alexandre de Moraes ជាប្រធាននៅថ្ងៃទី២៣ ខែវិច្ឆិកាសម្រេចច្រានចោលពាក្យបណ្តឹងខាងលើ។
 
«ប្រអប់សន្លឹកឆ្នោតបង្កើតឱ្យមាន​​ឯកសារដែលអាចកំណត់អត្តសញ្ញាណពីរបៀបដែលប្រើកំណត់លទ្ធផលបានជាក់លាក់។ នៅពេលយន្តការមួយក្នុងចំណោមយន្តការទាំងនេះឈប់ដំណើរការ យន្តការផ្សេងទៀតនឹងមកជំនួសមុខងារដោយមិនប៉ះពាល់ដល់ការតាមដាន និងលទ្ធផលកំណត់អត្តសញ្ញាណសន្លឹកឆ្នោតឡើយ»។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការរៀបចំបោះឆ្នោតប្រេស៊ីល។
 
លោក Moraes ដែលជាចៅក្រោមតុលាការកំពូលប្រេស៊ីលផងដែរក៏បានពិន័យបក្សក្នុងសម្ព័ន្ធភាពរបស់លោក បុលសូណា ជាទឹកប្រាក់រហូតដល់៤,២៧លានដុល្លារ។ បើតាមឯកសារសម្រេច តុលាការចាត់ទុកការប្តឹងផ្តល់នេះមានចេតនាក្លែងបន្លំ ហើយប្រមាថដល់បទដ្ឋានប្រជាធិបតេយ្យ ក៏ដូចជាញុះញង់ឱ្យមានចលនាប្រឆាំងប្រជាធិបតេយ្យ។
 
ក្រោមលក្ខខណ្ឌនៃសេចក្តីសម្រេច តុលាការរៀបចំការបោះឆ្នោតប្រេស៊ីលបញ្ជាឱ្យបង្កកលុយផ្គត់ផ្គង់ផ្នែកនយោបាយរបស់បក្សសម្ព័ន្ធរបស់ប្រធានាធិបតីរហូតដល់ប្រាក់ពិន័យត្រូវបានបង់។ សេចក្តីសម្រេចក៏បានបញ្ជាឱ្យស៊ើបអង្កេតទៅលើបក្សសេរីនិយមរបស់ប្រធានាធិបតីដែលប្រើប្រាស់លុយ និងរចនាសម្ព័ន្ធបក្សមិនត្រឹមត្រូវផងដែរ៕
 
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com