កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គុនខ្មែរវគ្គផ្តាច់ព្រ័ត្រ៖ ឃុន បូរ៉ា ជួបសេរីវ៉ាន់ថង ដើម្បីដណ្តើមរង្វាន់វីឡាភ្លោះមួយខ្នង
24, Nov 2022 , 1:59 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ឈុត សេរីវ៉ាន់ថង និងបង្គោលខៀវ ឃុន បូរ៉ា នាពេលកន្លងទៅ។ រូប Capture ពី Facebook
ការប្រកួតរវាងបង្គោលក្រហម ឈុត សេរីវ៉ាន់ថង និងបង្គោលខៀវ ឃុន បូរ៉ា នាពេលកន្លងទៅ។ រូប Capture ពី Facebook
ដោយ:
អ្នកប្រដាល់ឃុន បូរ៉ា មិនហ៊ានរំពឹងខ្ពស់នោះទេទោះ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រទល់ឈុត សេរីវ៉ាន់ថង ពានរង្វាន់ខ្សែក្រវាត់«សម្តេចទៀ បាញ់» នៅលើប្រភេទទម្ងន់៦០គីឡូក្រាម ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៦ល្ងាច នាសង្វៀនខេត្តសៀមរាប។ ជើងឯក នឹងទទួលបានរង្វាន់តម្លៃស្មើផ្ទះវីឡាភ្លោះមួយខ្នង និងប្រាក់រង្វាន់៦០០០០០០រៀល។

 
កីឡាករនាគមាសខេត្តបន្ទាយមានជ័យ ឃុន បូរ៉ា មុននឹងមកដល់វគ្គផ្តាច់ព្រ័ត្រនេះគេបានផ្តួលកីឡាករ វ៉ាន់ វឿន ឱ្យសន្លប់ក្នុងទឹកទី៣ ចំណែកកីឡាកររាហ៊ូមាស ឈុត សេរីវ៉ាន់ថង ប្រកួតចុងក្រោយគេបានផ្តួលកីឡាករ សូត្រ វាសនា ឱ្យសន្លប់ក្នុងទឹកទី២។ សម្រាប់ បូរ៉ា និងវ៉ាន់ថង អ្នកទាំងពីរធ្លាប់ជួបគ្នា៤លើក ដោយបូរ៉ា ឈ្នះ២ ស្មើ១ និងចាញ់១។
 
ជាមួយគ្នានេះដែរនាគមាសខេត្តបន្ទាយមានជ័យ ឃុន បូរ៉ា មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ពេកនោះទេសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ ទោះបីធ្លាប់ឈ្នះ វ៉ាន់ថង ពីរលើករួចមកហើយក្តីនាពេលកន្លងទៅ តែយ៉ាងណា បូរ៉ា នៅតែសង្ឃឹម ៥០លើ៥០ ព្រោះរូបគេបានហ្វឹកហាត់ពេញលេញបនញទាប់ពីសម្រាករយៈពេល៣សប្តាហ៍មកនេះ។
 
ឃុន បូរ៉ា និយាយថា៖«ការជួបកីឡាករ ឈុត សេរីវ៉ាន់ថង លើកនេះខ្ញុំមិនហ៊ានរំពឹងខ្ពស់ទេ អាច៥០លើ៥០ ព្រោះបច្ចុប្បន្ន វ៉ាន់ថង ល្អច្រើនស្នៀតគាត់ចេញលឿន កណ្តាប់ដៃធ្ងន់ ពិសេសកម្លាំងគាត់ខ្លាំង ទាំងអស់នេះខ្ញុំមិនអាចធ្វេសប្រហែសបានទេ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមព្រោះបីសប្តាហ៍មកនេះខ្ញុំបានហ្វឹកហាត់បានពេញលេញល្អ និងថែរក្សាកម្លាំងបានល្អ»។ កីឡាករនាគមាសខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
ក្រៅពីគូដណ្តើមខ្សែក្រវាត់នេះ ក៏មានកីឡាករ សូត្រ វាសនា ត្រូវប្រជែងដំណែងលេខ៣ ជាមួយកីឡាករ វ៉ាន់ វឿន ដែលអ្នកទាំងពីរត្រូវបានបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ សូត្រ វាសនា ចាញ់ ឈុត សេរីវ៉ាន់ថង និង វ៉ាន់ វឿន ចាញ់ ឃុន បូរ៉ា។
 
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ខ្សែក្រវាត់«សម្តេច ទៀ បាញ់» លេខមួយ ទទួលបានខ្សែក្រវាត់ ដែលមានតម្លៃស្មើផ្ទះវីឡាភ្លោះមួយខ្នង និងប្រាក់រង្វាន់៦០០០០០០៛(ប្រាំមួយលានរៀល) ចំណែកលេខពីរទទួលបានដីឡូតិ៍ទំហំ១០x២០ម៉ែត្រ ប្រាក់អម ៥០០០០០០៛(ប្រាំលានរៀល) ខណៈលេខបីដីឡូតិ៍ទំហំ ៥x២០ម៉ែត្រ ប្រាក់អម៤០០០០០០៛(បួនលានរៀល) និងលេខបួនដីឡូតិ៍ទំហំ ៥x២០ម៉ែត្រ ៣០០០០០០៛(បីលានរៀល)៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរេ
 ខ្សែក្រវាត់សម្តេច ទៀត បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com