ជាតិ
អន្តរជាតិ
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាដឹកនាំ ពិភាក្សាគ្នាពីសន្តិសុខក្នុងតំបន់ និងក្នុងពិភពលោក
24, Nov 2022 , 3:10 pm        
រូបភាព
ដោយ៖ ទេពញាណ
 
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលរដ្ឋមន្រ្តីការពារជាតិកម្ពុជាធ្វើជាប្រធាន បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញការវិវត្តថ្មីៗពាក់ព័ន្ធនឹងសន្តិសុខទាំងក្នុងតំបន់ទាំងក្នុងពិភពលោក ដូចជា បម្រែបម្រួលភូមិសាស្រ្ដនយោបាយ សន្តិសុខបច្ចេកវិទ្យា និងភេរវកម្ម ជាដើម ដោយបូករួមទាំងជំងឺរាតត្បាតសាកល បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។

 
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖«រដ្ឋមន្ត្រីការពារជាតិអាស៊ាន ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រឹងយន្តការដែលមានស្រាប់ និងស្វែងរកយន្តការថ្មីៗ ដែលមានសារសំខាន់អាចឆ្លើយតបការវិវត្តជាក់ស្តែ​ងនៃបញ្ហាប្រឈមទាំងនោះ»។ 
 
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បានពិភាក្សាអំពីទិសដៅក្នុងការធានាឲ្យបាននូវយន្តការ ដែលឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ថែមទាំងបានគិតគូរអំពីទំនាក់ទំនងជាមួយ​ដៃគូខាងក្រៅ ដោយឈរលើគោលការណ៍មជ្ឈភាព សាមគ្គីភាព និងឯកភាពរបស់អាស៊ាន។ 
 
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឆ្លៀតយកពេលបន្តិចក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ជម្រាបជូនពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលគ្រោងបញ្ជូនគ្រូបង្គោលកម្ពុជា ទៅបណ្តុះបណ្តាលជំនាញដោះមីន និងគ្រាប់មិនទាន់ផ្ទុះដល់អ៊ុយក្រែន។ សម្តេចប្រធាននៃកិច្ចប្រជុំ អះអាងថា ការបណ្តុះបណ្តាលជំនាញដោះមីននេះ នឹងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ប្រព្រឹត្តទៅនៅខេត្តសៀមរាប ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់កម្ពុជា ជាប្រធានអាស៊ាន។ ក្រៅពីរដ្ឋមន្រ្តីការពារជាតិនៃប្រទេសជាសមាជិកអាស៊ាន រដ្ឋមន្រ្តីការពារជាតិនៅក្រៅតំបន់អាស៊ាន មានរដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន ជាដើម ក៏មកចូលរួមកិច្ចប្រជុំនេះដែរ៕ 
 
 
 
 
 
 

Tag:
 កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com