អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនសន្យាផ្តល់ជម្រកសម្រាប់ប្រជាជន ខណៈរដូវរងាឈានចូលមកដល់ 
×![]()
ខណៈរដូវរងាបានឈានចូលមកដល់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២២ ខែវិច្ឆិកា បានសន្យាផ្តល់ជម្រកដែលមានកំដៅ និងទឹកប្រើប្រាស់ដល់ពលរដ្ឋ និងបានលើកទឹកចិត្តប្រជាជនរបស់ខ្លួនសន្សំសំចៃថាមពល ស្របពេលមានការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី។
នៅយប់ថ្ងៃទី២២ ខែវិច្ឆិកាប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយថា អ៊ុយក្រែននឹងសាងសងមជ្ឈមណ្ឌលបណ្ដោះអាសន្នពិសេសមួយ នៅជុំវិញប្រទេសដើម្បីផ្តល់អគ្គិសនី កំដៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់ទូរស័ព្ទចល័ត និងឱសថស្ថានដោយមិនគិតថ្លៃដល់ពលរដ្ឋដែលត្រូវការ។
ការវាយប្រហារពីរុស្ស៊ីនាពេលកន្លងមកបានផ្តាច់ថាមពលអស់រយៈពេលជាយូរដល់ពលរដ្ឋអ៊ុយក្រែន ជាង១០លាននាក់ក្នុងពេលតែមួយ។ លើសពីនេះ ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិរបស់អ៊ុយក្រែននៅថ្ងៃទី២២ ខែវិច្ឆិកា បានលើកឡើងថា ការខូចខាតដែលបង្កឡើងដោយការវាយប្រហារនេះមានទំហំធំខ្លាំង។
«ប្រសិនបើរុស្ស៊ីវាយប្រហារម្ដងទៀត កន្លែងផ្ដល់ថាមពលច្បាស់ណាស់នឹងត្រូវស្តារឡើងវិញក្នុងរយៈពេលជាច្រើនម៉ោងទៀត ហើយមជ្ឈមណ្ឌលបណ្ដោះអាសន្នមួយនឹងត្រូវដំណើរការដោយផ្ដល់សេវាកម្មសំខាន់ៗ»។ លោក ហ្សេលេនស្គី បានលើកឡើងបែបនេះក្នុងសុន្ទរកថាតាមវីដេអូដដែល។ បើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ក្នុងសប្តាហ៍នេះ អ៊ុយក្រែនបាននាំចូលគ្រឿងម៉ាស៊ីនភ្លើងប្រហែលជាង៨៥០០ ដើម្បីជួយដោះស្រាយបញ្ហាថាមពល។
ខណៈរដូវរងាបានឈានចូលមកដល់ អ៊ុយក្រែនក្នុងសប្តាហ៍កន្លងមកនេះបានទទួលរងការធ្លាក់ព្រិលយ៉ាងខ្លាំង។ លើសពីនេះ អាជ្ញាធរអ៊ុយក្រែនបានព្រមានថា ការកាត់ផ្តាច់ចរន្តអគ្គិសនីអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់រហូតដល់ចុងខែមីនាឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com