ភ្នំពេញ៖ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាអនុវិស័យ មានភាពធន់នឹងវិបត្តិ (Resilient) ដែលបានចូលរួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ និងកាត់បន្ថយផលប៉ះពាល់ដល់ការធ្លាក់ចុះនៃចំនួនទេសចរ ក្នុងអំឡុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងដូច្នេះក្នុងឱកាសបិទវេទិកា អេកូទេសចរណ៍ លើកទី៣។
នាឱកាសបិទវេទិកានៅថ្ងៃទី២២ ខែវិច្ឆិកា លោករដ្ឋមន្ត្រី ថោង ខុន សង្កត់ធ្ងន់ថា ក្នុងវិបត្តិកូវីដ-១៩ ចលនាទេសចរផ្ទៃក្នុង ទៅកាន់តំបន់អេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍ មានសន្ទុះកើនឡើងខ្លាំង។ ការណ៍នេះបានបង្កើតជាការងារ និងប្រាក់ចំណូល ដើម្បីលំនឹងជីវភាពរបស់ពលរដ្ឋសហគមន៍មូលដ្ឋាន។
សហគមន៍អេកូទេសចរណ៍តាមដងមេគង្គលើ។ រូបភាពពី ទំព័រហ្វេសប៊ុក NTFP EP Cambodia។
រដ្ឋមន្ត្រីទេសចរណ៍រូបនេះ បន្ថែមទៀតថា ក្នុងអំឡុងជំងឺឆ្លងសកល រដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការស្ដារ និងកែលម្អរចនាសម្ព័ន្ធចាំបាច់នានាផងដែរ។ ការស្ដារ និងកែលម្អនេះ សំដៅលើការគាំទ្រដល់កិច្ចដំណើរការឡើងវិញ នៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល។
ជាលទ្ធផលក្នុងវេទិកា អេកូទេសចរណ៍លើកទី៣នេះ រដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍មួយចំនួន ក្នុងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ គាំទ្រការកំណត់តំបន់អេកូទេសចរណ៍អាទិភាព និងជំរុញការអភិវឌ្ឍ ក្រោមគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។ បន្ថែមលើនេះ ត្រូវឯកភាពបន្តជំរុញការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្ដានុពល គ្រប់ដែនសមត្ថកិច្ចក្រសួងស្ថាប័នទាំងអស់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាវេទិកាជាតិ អេកូទេសចរណ៍លើកទី៣។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ ក្រសួង ជំរុញការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី, ការផ្គត់ផ្គង់ទឹកស្អាត, ការបន្តដំឡើងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណិត។ លើសពីនេះ ដោះស្រាយបញ្ហាការគ្រប់គ្រងសំរាម ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមបញ្ហាផ្សេងៗរបស់សហគមន៍។
លោក ថោង ខុន ផ្ដល់អនុសាសន៍ទៀតថា ក្រសួងឯកភាពសិក្សាបង្កើតនូវទម្រង់រួមមួយ (Common Platform) ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធ ចូលរួមលើការងារសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ស្របតាមគំរូនៃកិច្ចសហការចតុភាគី៤មុំ (4Ps: Public- Private- Partnership- People)។ មួយវិញទៀត ក្រសួងគាំទ្រការរៀបចំសំណើជូនរដ្ឋាភិបាល ក្នុងការរៀបចំ «ពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ»។
សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ក្នុងខេត្តស្ទឹងត្រែង។ រូបភាពពីទំព័រហ្វេសប៊ុក NTFP EP Cambodia។
បើតាមរដ្ឋមន្រ្តី ថោង ខុន ក្រសួងក៏គាំទ្រជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (កូវីដ-១៩) និងការព្យាករណ៍ពីអនាគត នៃអនុវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ក្រោយវិបត្តិកូវីដ-១៩ធូរស្បើយ។ ក្រសួងក៏បានឯកភាព ជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និង ការនាំភ្ញៀវទៅកាន់តំបន់អេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍។
ទន្ទឹមនឹងនេះ ក្រសួង បានឯកភាពដាក់ចេញនូវសេចក្ដីថ្លែងការណ៍ស្ដីពី «ការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី»។ សេចក្ដីថ្លែងការណ៍នេះ ជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ទូទាំងប្រទេស ប្រកបដោយទំនួលខុសត្រូវ និងបរិយាប័ន្ន៕
វេទិកាជាតិ អេកូទេសចរណ៍លើកទី៣។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។