ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងផលិតស្ទីកឃ័រទំនើបមួយប្រភេទ ដែលមាន ឃ្យូអកូដ (QR Code) ភ្ជាប់ទៅលើផ្លែទុរេនកំពត ដើម្បីទប់ស្កាត់ការក្លែងបន្លំឈ្មោះ និងគុណភាព។
នៅក្នុងកិច្ចសំណេះសំណាលជាមួយម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អះអាងថា ក្រសួងកសិកម្ម គ្រោងផលិតស្ទីកឃ័រទំនើបដែលមានឃ្យូអកូដ (QR Code) សម្រាប់បិទលើផ្លែទុរេន សម្រាប់សម្គាល់ពីទីតាំងចម្ការ ពូជ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ច្បាស់លាស់។ នៅពេលកសិករទទួលបាន ឃ្យូអកូដ (QR Code) ហើយ លោក ជឿជាក់ថា អ្នកទទួលទាន នឹងមានទំនុបចិត្តកាន់តែខ្លាំងជាមួយរសជាតិ និងគុណភាពទុរេនកំពត ដោយមិនបាម្ភពីការក្លែងបន្លំឈ្មោះទៀតនោះទេ។
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានជំរុញឱ្យ អគ្គនាយកដ្ឋានកសិកម្ម សិក្សាពីដំណាំទុរេនកំពត ដើម្បីបង្កើតជាសហគមន៍កសិកម្ម ក្នុងការពង្រឹកម៉ាកសម្គាល់ភូមិសាស្រ្តឡើងវិញ។ ការចង់ក្រងជាសហគមន៍កសិកម្មនេះ នឹងជួយគាំទ្រដល់តម្លៃ និងការពារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពតផងដែរ។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចសំណេះសំណាលជាមួយម្ចាស់ចម្ការទុរេន នៅខេត្តកំពត។ រូបពី ហ្វេសបុករបស់លោក
លោក ឈឹម សុវណ្ណរិទ្ធី ម្ចាស់ចម្ការទុរេនមួយកន្លែង នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញការគាំទ្រចំពោះយន្តការ របស់ក្រសួងកសិកម្ម ក្នុងការលើកកម្ពស់ ម៉ាកសម្គាល់ទុរេនកំពត។ លោកជឿជាក់ថា ការភ្ជាប់ ឃ្យូអកូដ (QR Code) លើទុរេននេះ បានផ្ដល់ប្រយោជន៍ច្រើនដល់កសិករដែលជាផលិត ដូចជា ទប់ស្កាត់ការបន្លំឈ្មោះ តម្លៃទីផ្សារ ជា
ពិសេសផ្ដល់ភាពទុកចិត្តពិតប្រាកដមួយដល់អ្នកអតិថិជន។ ម្យ៉ាងទៀត នេះគឺជំហានថ្មីមួយ ដែលកសិករអាចមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ផ្សារភ្ជាប់ទៅនឹងកសិកម្មបាន។

លោក ឈឹម សុវណ្ណរិទ្ធី ម្ចាស់ចម្ការទុរេនមួយកន្លែង នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ រូបពី ហ្វេសបុករបស់លោក
លោក ប្រាប់ដូច្នេះថា៖«ខ្ញុំគាត់គិតថា ការភ្ជាប់ ឃ្យូអកូដ លើទុរេន គឺគេអត់អាចក្លែងបន្លំបាន នៅពេលទុរេន បរទេសចូលមក។ យើងដឹងហើយថា បច្ចេកវិទ្យានេះ ទំនើប អ៊ីចឹង ខ្ញុំចង់ឱ្យកសិករហ្នឹង ស្គាល់ថាអ្វីបច្ចេកវិទ្យា ដោយផ្សារភ្ជាប់ជាមួយកសិកម្មយើង ក៏ល្អម្យ៉ាងដែរ»។
កសិកររូបនេះ បានឱ្យដឹងថា កន្លងទៅការធ្វើទីផ្សារទុរេនកំពត មានលក្ខណៈពិបាក ដោយសារតែអតិថិជន មិនជឿទុកចិត្ត ហើយអ្នកខ្លះទៀតក៏និយាយថា ទុរេនដែលលោកដាំផ្ទាល់ដៃ ជាទុរេននាំចូលពីបរទេស ជាដើម។ ដូច្នេះ កសិកររំពឹងថា បច្ចេកវិទ្យា ឃ្យូអកូដ (QR Code) នឹងជួយកំណត់សម្គាល់ឈ្មោះ និងគុណភាពទុរេនកំពត។
លោក សុវណ្ណរិទ្ធី ប្រាប់ដូច្នេះថា៖« ខ្ញុំមានអារម្មណ៍ថា អន់ចិត្តដែរ ព្រោះយើងដាំ និងមើលថែខ្លួនឯងទាំងអស់ ប៉ុន្តែ នៅពេលយកទៅលក់ លើទីផ្សារបែជាគេមិនទុកចិត្ត។ តែគេអត់ទុកចិត្តផលិតផលយើងហើយ វាប៉ះពាល់ដល់តម្លៃ និងទីផ្សារយើងមែនទែន ព្រោះ ទុរេនបរទេស មានតម្លៃថោក។ អ៊ីចឹង បើមានវិធីណាមួយ អាចបញ្ជាក់ពី ផលិតសម្គាលភូមិសាស្រ្តបាន គឺល្អ»។
ជាមួយគ្នានេះ លោក ស្នើក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាជីថ្នាំកសិកម្មឡើងថ្លៃ និងផ្ដល់បច្ចេកទេស បន្ថែមទៀតដល់កសិករ។
សូមជម្រាបថា នៅឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុងមួយឆ្នាំ ក្នុងនោះ ខេត្តកំពត មានផ្ទៃដីដុះទុរេនប្រមាណ ១២៣១ហិកតា៕