ជាតិ
សម្ដេច ហេង សំរិន បានប្រាប់ AIPA ថា មានតែការរួមគ្នាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបានឆាប់
24, Nov 2022 , 9:59 pm        
រូបភាព
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងប្រធាន AIPA-43 ។ រូបពី រដ្ឋសភា
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងប្រធាន AIPA-43 ។ រូបពី រដ្ឋសភា
ភ្នំពេញ៖ សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) បានជំរុញឱ្យមានការរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងសកលលោក ។

 
នាពិធីបិទមហាសន្និបាត AIPA-43 ដែលដំណើរការ៥ថ្ងៃមកនេះ សម្ដេច ហេង សំរិន បានបង្ហាញលទ្ធផលសម្រេច និងការអនុម័តជាច្រើន រួមមានការទទួលសមាជិកសង្កេតការណ៍ ចំនួន៣ប្រទេសបន្ថែមទៀត ដែលធ្វើឲ្យប្រទេសសង្កេតការណ៍ AIPA មានកើនឡើងដល់១៦ប្រទេស។ លើសពីនេះ ក៏មានការសម្រេចផ្លែផ្ការបស់គណៈកម្មាធិការជំនាញនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងស្ត្រីជាដើម។ 
 
ទន្ទឹមនេះ ភាគីសភាកម្ពុជា បានផ្ដួចផ្ដើមគំនិតថ្មីចំនួនពីរ គឺកិច្ចប្រជុំសភាវ័យក្មេង និងការបង្កើតបណ្ណាល័យឌីជីថលច្បាប់។ សម្ដេច ហេង សំរិន បានឲ្យដឹងទៀតថា AIPA និងប្រទេសសង្កេតការណ៍ ឱ្យខិតខំពិគ្រោះយោបល់រួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងក្នុងតំបន់និងសកល។ 
 
ត្រង់ចំណុចនេះ ប្រធាន AIPA-43 បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «មានតែការធ្វើការរួមគ្នាប៉ុណ្ណោះ ទើបយើងអាចរួមគ្នា ដោះស្រាយបាននូវបញ្ហា និងការប្រឈមសកលដែលកាន់តែមានលក្ខណៈសាំញ៉ាំ និងប្រែប្រួលយ៉ាងឆាប់រហ័សបំផុត»។ 
 
សម្ដេច ហេង សំរិន បានចាត់ទុក AIPA ជាស្ថាប័ននីតិប្បញ្ញត្តិ តំណាងឲ្យពលរដ្ឋតំបន់អាស៊ីអាគ្នេយ៍ និងតំណាងឆន្ទៈ ផលប្រយោជន៍ប្រជារាស្ត្រជាង៦៥០លាននាក់។ លើសពីនេះ ស្ថាប័ន AIPA ក៏ដើរតួនាទីសំខាន់ ក្នុងការសម្រេចនានា ដោយផ្ដោតលើប្រយោជន៍ពលរដ្ឋជាគោល។ សម្ដេចសង្ឈឹមថា លទ្ធផលដែលមហាសន្និបាត AIPA-43 សម្រេចបាននេះ នឹងអាចយកទៅអនុវត្តចេញជាសកម្មភាពជាក់ស្ដែង៕ 
 

Tag:
 AIPA
© រក្សាសិទ្ធិដោយ thmeythmey.com