កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តធ្លាក់ចុះនៅឆ្នាំក្រោយ ប៉ុន្តែពិភពលោកទំនងនឹងអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ច ដោយសារចិន និងឥណ្ឌាដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី នឹងមានកំណើនខ្ពស់នៅឆ្នាំ ២០២៣។
របាយការណ៍ចុងក្រោយរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងកើនឡើងក្នុងអត្រា៣,១ភាគរយនៅឆ្នាំនេះ និងធ្លាក់មកត្រឹមតែ២,២ភាគរយក្នុងឆ្នាំ២០២៣។ ប្រសិនបើតម្លៃថាមពលកើនឡើងដល់កម្រិតខ្ពស់ ឬការផ្គត់ផ្គង់ថាមពលត្រូវបានរំខាននោះ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះទាបជាងការព្យាករ។
បើទោះបីជាមិនបានលើកឡើងដោយចំៗថាសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលទៅក្នុងវិបត្តិក៏ដោយ ប៉ុន្តែការព្យាកររបស់ OECD មានភាពអវិជ្ជមានជាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុន IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកំណើន ៣,២ភាគរយនៅឆ្នាំ ២០២២ និងថយចុះបន្តិចក្នុងអត្រា ២,៧ភាគរយនៅឆ្នាំក្រោយ។
បើតាមអង្គការ OECD ភាពផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក គឺជាលទ្ធផលកើតចេញពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានបង្កឱ្យមានវិបត្តិថាមពល និងជំរុញឱ្យមានអតិផរណានៅទូទាំងពិភពលោក។ អតិផរណាអូសបន្លាយ តម្លៃថាមពលខ្ពស់ ការធ្លាក់ចុះនៃកំណើនប្រាក់ចំណូលគ្រួសារ និងលក្ខខណ្ឌហិរញ្ញវត្ថុតឹងតែង ទាំងអស់នេះសុទ្ធតែជាកត្តាដែលរុញច្រានសេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ OECD កាលពីថ្ងៃទី ២២ វិច្ឆិកា។
នៅក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ ពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចសំខាន់ៗរបស់បណ្តាប្រទេសនៅអាស៊ីដែលនឹងស្មើនឹងជិត៣ភាគ៤នៃកំណើន GDP សកលខណៈដែលសេដ្ឋកិច្ចនៅអាម៉េរិក និងអឺរ៉ុបធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារការចំណាយរបស់រដ្ឋាភិបាលលើការឧបត្ថម្ភធនថាមពល និងគោលនយោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ចវិនិយោគ ដូចជា NextGeneration EU និង ច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក (IRA) ។
ឯឥណ្ឌាត្រូវបានគេព្យាករថានឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេទីពីររបស់ពិភពលោកនៅឆ្នាំនេះនិងឆ្នាំក្រោយដោយមានកំណើន ៦,៦ភាគរយនិង ៥,៧ភាគរយរៀងគ្នា។ អារ៉ាប៊ីសាអូឌីតត្រូវបាន OECD ព្យាករថាជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់ពិភពលោកទាំងនៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេព្យាករថានឹងកើនឡើង ៣,៣ភាគរយនៅឆ្នាំនេះ និង ៤,៦ភាគរយនៅឆ្នាំក្រោយ។
ដោយឡែក សេដ្ឋកិច្ចអាម៉េរិកត្រូវបានព្យាករថានឹងកើនឡើងត្រឹមតែ ១,៨ភាគរយនៅឆ្នាំនេះនិង ០,៥ភាគរយនៅឆ្នាំក្រោយ។ អត្រាកំណើននៃបណ្តាប្រទេសសហភាពអឺរ៉ុបទាំង ១៩ ដែលប្រើប្រាស់ប្រាក់អឺរ៉ូក៏ត្រូវបានព្យាករថានឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំខាងមុខផងដែរ ក្នុងអត្រាកំណើនពី ៣,៣ភាគរយក្នុងឆ្នាំ ២០២២ និងត្រឹមតែ ០,៥ភាគរយក្នុងឆ្នាំ ២០២៣។
អគ្គលេខាធិការ OECD លោក Matthias Cormann បានលើកឡើងថា មានតែការបញ្ចប់សង្រ្គាមទេ ដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការកែលម្អទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ហើយអតិផរណានឹងនៅតែលើសពី ៩ភាគរយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំនេះ មុនពេលធ្លាក់ចុះមកត្រឹម ៦,៦ភាគរយក្នុងឆ្នាំ ២០២៣។
លើសពីនេះ ធនាគារកណ្តាលសំខាន់ៗបានកំណត់គោលដៅអតិផរណាត្រឹម ២ភាគរយ ហើយបានរក្សាអត្រាការប្រាក់ឱ្យនៅថេរក្នុងឆ្នាំនេះ ដើម្បីកំណត់ការកើនឡើងថ្លៃទំនិញ។ ប៉ុន្តែយុទ្ធនាការរឹតបន្តឹងនេះក៏បង្កើនហានិភ័យដល់សេដ្ឋកិច្ចពិភពលោកតាមរយៈការបង្កើនបន្ទុកបំណុលលើគ្រួសារ អាជីវកម្ម និងរដ្ឋាភិបាល។ ប្រទេសដែលមានប្រាក់ចំណូលទាបនឹងនៅតែងាយរងគ្រោះជាពិសេសចំពោះតម្លៃអាហារ និងថាមពលខ្ពស់ ខណៈដែលការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុអាចបង្កើនហានិភ័យនៃវិបត្តិបំណុល៕