ជាតិ
សង្គមជាតិ
បេសកជន UN ផ្តល់យោបល់ឲ្យបង្កើនការប្រើរថយន្តសាធារណៈ ដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
24, Nov 2022 , 10:59 pm        
រូបភាព
លោក ជីន ថូត មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក ចូលជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ជីន ថូត មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក ចូលជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ជីន ថូត (Jean Todt) បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសុវត្ថិភាពផ្លូវថ្នល់ ផ្តល់យោបល់ឲ្យកម្ពុជា បង្កើនការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយមធ្យោបាយធ្វើដំណើរលើដងផ្លូវ ហើយអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ លោក លើកយោបល់នេះឡើងក្នុងជំនួបជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិមានរដ្ឋសភា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ 

 
សម្តេច ស ខេង អរគុណលោក ជីន ថូត ចំពោះការចូលរួមផ្តល់មតិយោបល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងថា កម្ពុជា ខិតខំកាត់បន្ថយអត្រាមរណភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែ នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវតែបន្តខិតខំដោះស្រាយ ដូចជា ការបំពាក់សម្ភារបច្ចេកទេស ដែលបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាដើម។ 
 
សម្តេចរដ្ឋមន្រ្តី បន្តថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំ២ គឺទី១ កត្តាមនុស្ស និងទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ សម្តេច ជម្រាបលោក ជីន ថូត ថា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ កិច្ចការសំខាន់ៗ២ ត្រូវតែធ្វើទន្ទឹមគ្នា គឺទី១ បន្តពង្រឹងការអនុវត្តច្បាប់ ទី២ បន្តលើកកម្ពស់ការយល់ដឹងពីច្បាប់ និងស្មារតីគោរពច្បាប់របស់ប្រជាជន។ សម្តេច បន្ថែមថា រដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសផ្លូវល្បឿនលឿន ដែលមានច្រើនគន្លង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
 
លោក ជីន ថូត ថ្លែងទៅកាន់សម្តេច ស ខេង ថា ក្នុងកិច្ចការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ រដ្ឋាភិបាលកម្ពុជា កំពុងដើរនៅលើផ្លូវត្រឹមត្រូវស្របតាមអភិក្រមរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោក បានបញ្ជាក់ពីការបន្តចូលរួមរបស់លោកជាមួយរដ្ឋាភិបាលកម្ពុជា លើការងារធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះ៕  
 

Tag:
 ស ខេង
  Jean Todt
  UN
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com