ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ជំរុញឱ្យរៀបចំផែនការស៊ីជម្រៅ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩
25, Nov 2022 , 2:19 pm        
រូបភាព
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា កំពុងថ្លែងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើទី៩ ស្តីពី«ដំណើរកឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។​ រូបថត៖ អ៊ូ​ សុខមាន
លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា កំពុងថ្លែងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើទី៩ ស្តីពី«ដំណើរកឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។​ រូបថត៖ អ៊ូ​ សុខមាន
បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងសញ្ញាវិជ្ជមានក៏ពិតមែន ប៉ុន្តែ នៅមានភាពផុយស្រួយ​ និងងាយរងគ្រោះ ព្រោះតែឥទ្ធិពលនៃវិបត្តិសកលនានា។ ធនាគារជាតិកម្ពុជា  កំពុងយកចិត្តដាក់ទុកដាក់ដោះស្រាយ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។



លោកស្រី ជា សិរី  ឧបការីទេសាភិបាលធនាគារជាតិ បានមើលឃើញថា  ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា  មានការថយចុះ ដែលបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗ ងើបឡើងវិញ ជាបន្តបន្ទាប់។ បើតាមលោកស្រី ជា សិរី ផែនការនៃការស្តារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយពាក់ព័ន្ធ គួរត្រូវបានសិក្សា និងពិភាក្សាឱ្យបានស៊ីជម្រៅ ក្រោយកូវីដ-១៩ ថមថយនេះ។
 
ដើម្បីប្រមូលធាតុចូលសម្រាប់ពិចារណារក្នុងការដាក់ចេញគោលនយោបាយថ្មីបន្ថែមទៀត ក្នុងបរិការណ៍សេដ្ឋកិច្ចកំពុងបន្តងើបឡើង​នេះ ធនាគារជាតិ បានជ្រើសរើសយកប្រធានបទស្រាវជ្រាវស្តីពី«ដំណើរកឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩សម្រាប់ឆ្នាំ២០២២»។​ 
 
ក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើទី៩  នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៤វិច្ឆិកា លោកស្រី ជា សិរី បានថ្លែង​ថា៖« ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញប្រកបដោយចីរភាព និងបរិយាបន្ន  គឺទាមទារឱ្យមានការដោះស្រាយមិនត្រឹមតែបញ្ហានៅសល់ពីវិបត្តិកូវីដ-១៩ប៉ុណ្ណោះទេ  ប៉ុន្តែ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗដែលកំពុងកើត មានដូចជា បញ្ហាអតិផរណាខ្ពស់ ការថមថយកំណើនសេដ្ឋកិច្ចពិភពលោក ​និងការប្រែប្រួលអាកាសធាតុ ជាដើម»។ 
 
ជាមួយនឹងបញ្ហាប្រឈមដែលមានលក្ខណៈពហុវិស័យនេះ ការបង្កើតវេទិកាពិភាក្សាដើម្បីប្រមូលមតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់  ក៏ដូចជាការចែករំលែកបទពិសោធន៍ឱ្យទៅវិញទៅមក គឺមានជាចាំបាច់ជាទីបំផុត។​​ នេះជាការជាលើកឡើងបន្ថែមរបស់លោកស្រី ជា សិរី ។
 
លោកស្រី បន្តថា កន្លងមកធនាគារជាតិ សង្កេតឃើញរបៀបរស់នៅក្នុងសង្គម និងការបម្រើការងារនៅតាមស្ថាប័ននានា មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយបានប្តូរទៅរកការប្រើប្រាស់ប្រព័ន្ធអនឡាញកាន់តែច្រើន មិនថាក្នុងអាជីវកម្ម ការងារ ឬការអប់រំនោះទេ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ៖ «និន្នាការនៃការប្រើបច្ចេកវិទ្យា នឹងមានកើនឡើងឥតឈប់ឈរ​ ដែលនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនផលិតភាព និងអាចចូមរួមចំណែកកាត់បន្ថយថ្លៃដើម និងបញ្ហាអតិផរណា ដែលយើងកំពុងជួបប្រទះនាបច្ចុប្បន្ន»។ 
 
តែយ៉ាងណាមិញ ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិរូបនេះ រំពឹថា ការពិភាក្សាគ្នា រវាង​អ្នកស្រាវជ្រាវ អ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ស្តីពី«ដំណើរកឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» នឹងផ្តល់ធាតុចូលសម្រាប់អ្នកធ្វើគោលនយោបាយយ៉ាងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានាពីវិបត្តិសកល​  ដើម្បីការអនុវត្តសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕ 
 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com