អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អាន់វ៉ា ប្រកាសមិនយកប្រាក់ខែតាមការសន្យា ហើយដឹកនាំម៉ាឡេស៊ីក្នុងរដ្ឋាភិបាលរួបរួមជាតិ
25, Nov 2022 , 2:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបថត AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបថត AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកាថា នឹងដឹកនាំរដ្ឋាភិបាលរួមរួបដែលរួមមានបក្សនយោបាយធំៗបី Pakatan Harapan(PH), Barisan Nasional (BN) និង Gabungan Parti Sarawak(GPS) ជាមួយបក្សនយោបាយតូចៗមួយចំនួនទៀត។ លោក អាន់វ៉ា ក៏ប្រកាសមិនយកប្រាក់ខែតាមការសន្យារបស់ខ្លួនអំឡុងយុន្ធនាការបោះឆ្នោតដែរ។

 
ក្នុងសន្និសីទកាសែតដំបូងក្រោយស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងជារដ្ឋាភិបាលរួបរួមដែលមានការចូលរួមពីបក្សនយោបាយផ្សេងៗក្នុងសភាដែលផ្តល់អាសនៈគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាល។ មហាក្សត្រម៉ាឡេស៊ីតែងតាំង លោក អាន់វ៉ា ជានាយករដ្ឋមន្រ្តី ហើយស្នើឱ្យបង្កើតរដ្ឋាភិបាលរួបរួមមួយតំណាងឱ្យគ្រប់ពូជសាសន៍ និងសាសនានៅម៉ាឡេស៊ី។ 
 
«ត្រឹមពេលល្ងាចមុនពិធីស្បថចូលកាន់តំណែង រដ្ឋាភិបាលរួបរួមជាតិមួយនេះមានបក្សនយោបាយ Pakatan Harapan(PH), Barisan Nasional (BN) និង Gabungan Parti Sarawak(GPS)។ ដូចនេះ ជាមួយចំនួនភាគច្រើននេះ និងភាពខ្លាំងរបស់ PH វាជាប្លុកដ៏ធំបំផុត»។ លោក អាន់វ៉ា លើកឡើងបែបនេះអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែវិច្ឆិកា។ 
 
បើតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០រូបនេះដែលទើបស្បថចូលតំណែងថ្មីថ្មោង បក្សនយោបាយផ្សេងទៀតដូចជា Parti Warisan Sabah (PWS), បក្សសម្ព័ន្ធប្រជាធិបតេយ្យរួបរួមម៉ាឡេស៊ី និងសមាជិកភាឯករាជ្យដទៃទៀតក៏រួមបញ្ចូលក្នុងរដ្ឋាភិបាលរួបរួមរបស់លោកដែរ។ មុនការប្រកាសនេះ បក្ស Gabungan Pakyat Sabah(GRS) ដែលមានប្រាំពីរអាសនៈនៅសភាបង្ហាញជំហរគាំទ្រចូលរួមរដ្ឋាភិបាលរួបរួមដែរ។ 
 
លោក អាន់វ៉ា ក៏អះអាងដែរថា ក្នុងនាមជានាយរដ្ឋមន្រ្តីដែលតំណាងប្រជាជនម៉ាឡេស៊ីគ្រប់ជាតិសាសន៍ តែងបើកទ្វារទទួលបក្សផ្សេងឱ្យចូលរួមជាមួយលោកដូចជា បក្សនយោបាយ Perikantan Nasional (PN)ជាដើម។ កន្លងមក PN សម្ព័ន្ធភាពដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ទទួលបាន ៧៣​ កៅអីក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ប្រកាសមិនចូលរួមក្នុងរដ្ឋាភិបាលរួបរួមដែលដឹកនាំដោយបក្សប្រឆាំង PH របស់លោក អាន់វ៉ា ឡើយ។ 
 
ទន្ទឹមនេះ លោក អាន់វ៉ា វ័យ៧៥ឆ្នាំគូសវាសពីការផ្លាស់ប្តូរដ៏ធំ និងក្តីសង្ឃឹមថ្មីសម្រាប់ម៉ាឡេស៊ី ដោយលោកចង់លើកកម្ពស់កិត្តិយសរបស់ប្រជាជន បញ្ចប់អំពើពុករលួយ ការរំលោភអំណាច ក៏ដូចជាតស៊ូដើម្បីជីវិតប្រជាជាន។
ទាក់ទងនឹងការតែងតាំងតំណែងឧបនាយករដ្ឋមន្រ្តីវិញ លោក អាន់វ៉ា បញ្ជាក់ថាមុខតំណែងនេះនឹងត្រូវកាន់កាប់ដោយបុគ្គលមកពីសម្ព័ន្ធភាព ឬបក្សនយោបាយផ្សេងក្នុងរដ្ឋាភិបាលរួបរួមដូចជា BN និង GPS ពីព្រោះតំណែងនាយករដ្ឋមន្រ្តីមកពីបក្ស PH ទៅហើយ។
 
ក្រៅពីនេះ នាយករដ្ឋមន្រ្តីរូបនេះក៏ប្រកាសមិនយកប្រាក់ខែតាមការសន្យាអំឡុងយុទ្ធនាការបោះឆ្នោតសភាដែរ។ លោក​ អាន់វ៉ា ព្រមទាំងបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកានឹងមានការបោះឆ្នោតទំនុកចិត្តក្នុងសភាដើម្បីជាតេស្តថា លោកទទួលបានសំឡេងភាគច្រើននៅសភាជាន់ទាបនេះដែរឬទេ។
 
នៅថ្ងៃដដែលនោះ​ អតីតនាយករដ្ឋមន្រ្តី ​មូហ៊ីឌីន យ៉ាស៊ីន ដែលសម្ព័ន្ធភាពរបស់លោកឈ្នះ៧៣កៅអី ក៏ប្រកាសថា លោកមានសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលដែរ។ លោកក៏ទាមទារឱ្យលោក អាន់វ៉ា បញ្ជាក់ពីសំឡេងភាគច្រើនក្នុងសភាដែរ៕
 
 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com