ជាតិ
សង្គមជាតិ
រដ្ឋាភិបាលកម្ពុជា សរសេរច្បាប់ចរាចរណ៍សាជាថ្មីឡើងវិញ
25, Nov 2022 , 3:29 pm        
រូបភាព
ប៉ូលិសចរាចរណ៍ ចុះបំពេញការងារលើដងផ្លូវនាពេលកន្លងមក។
ប៉ូលិសចរាចរណ៍ ចុះបំពេញការងារលើដងផ្លូវនាពេលកន្លងមក។
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសាជាថ្មីឡើងវិញ ដោយកិច្ចការនេះ គឺជាបន្ទុករួមគ្នារបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់នេះ ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ បូករួមទាំងមន្រ្តីបច្ចេកទេសផ្សេងទៀត។

 
សម្ដេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចាស់ បានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់ទៅតាមការប្រែប្រួលក្នុងសង្គមកម្ពុជា និងបានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ បើតាមសម្តេចរដ្ឋមន្រ្តី ដោយសារការសិក្សាបានរកឃើញថា ច្បាប់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងការអនុវត្តសព្វថ្ងៃ មានមាត្រាជាចម្រើន ដែលត្រូវធ្វើវិសោធនកម្ម ទើបសម្ដេច ស្នើទៅប្រមុខរាជរដ្ឋាភិបាល សុំសរសេរសេចក្តីព្រាងច្បាប់ចរចារណ៍នេះសាជាថ្មីឡើងវិញតែម្តង។ 
 

 សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មិ។ 
 
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មី បានរាយការណ៍ជូនអង្គប្រជុំថា ក្នុងចំណោមខ្លឹមសារសំខាន់ៗ សេចក្ដីព្រាងច្បាប់នេះ ក៏មានចែងផងដែរ អំពីការកំណត់ប្រភេទបទល្មើសចរាចរណ៍ច្បាស់លាស់ ដើម្បីឲ្យការអនុវត្តវត្តច្បាប់មានភាពប្រសើរឡើង។ លោក បន្តថា ក្រុមការងារ បានបើកកិច្ចប្រជុំ២២លើក រហូតឈានទៅតាក់តែងបានសេចក្ដីព្រាងច្បាប់ថ្មីនាពេលនេះ។
 
សម្ដេច ស ខេង អរគុណលោក តូច ចាន់កុសល ដែលបានដឹកនាំក្រុមការងារអន្តរក្រសួង ក្នុងរៀបចំកិច្ចប្រជុំជាច្រើនលើក រហូតឈានទៅសម្រេចបានសេចក្ដីព្រាងច្បាប់ជាបឋមក្នុងដំណើរការបង្កើតច្បាប់ចរាចរណ៍ថ្មីនេះ។ 
 
សូមបញ្ជាក់ ច្បាប់ចរាចរណ៍ចាស់ មានជិត១០០មាត្រា ហើយត្រូវបានប្រកាសឲ្យប្រើប្រាស់ នៅឆ្នាំ២០០៧៕ 

អត្ថបទទាក់ទង
 
 

Tag:
 ស ខេង
  ច្បាប់ចរាចរណ៍ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com