ជាតិ
សេដ្ឋកិច្ច
បណ្តាញ ALiSEA ជួយកសិករ ឱ្យសម្របខ្លួនទៅនឹងការអនុវត្ត កសិអេកូឡូស៊ី
25, Nov 2022 , 7:59 pm        
រូបភាព
សមាជិកបណ្តាញ ALiSEAមួយចំនួននៅកម្ពុជា។ រូបថត៖ អ៊ូ​ សុខមាន
សមាជិកបណ្តាញ ALiSEAមួយចំនួននៅកម្ពុជា។ រូបថត៖ អ៊ូ​ សុខមាន
បណ្ដាញ ALiSEA ជាវេទិកាថ្នាក់តំបន់ ដែលនឹងជួយពង្រឹងផ្នែកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមទាំងសុខសុវត្ថិភាពរបស់កសិករ និងអ្នកបរិភោគតាមរយៈការកាត់បន្ថយការប្រើប្រាស់ជី-ថ្នាំគីមី។ ជាពិសេសជួយដល់វិស័យកសិអេកូឡូស៊ីទាំងក្នុងស្រុក និងតំបន់។

 
ប្រព័ន្ធកសិកម្ម និងស្បៀងអាហារក្នុងតំបន់ កាន់តែមាននិរន្តរភាព សុវត្ថិភាព និងបរិយាប័ន្ន តាមរយៈការរួមបញ្ចូលសក្តានុពលនៃកសិអេកូឡូស៊ី។ នេះជាការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យកសិកម្ម ។
លោក សុខ សុថា បានពន្យល់ថា រចនាសម្ព័ន្ធនៃបណ្ដាញ ALiSEA គឺមានការចូលរួមពីរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងកសិករខ្នាតតូច ដើម្បីផលិត និងប្រើប្រាស់ចំណេះដឹងទៅបង្កើតដំណើរការនវានុវត្តន៍ ប្រកបដោយនិរន្តរ៍ភាព នៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ច-កសិកម្មរបស់កម្ពុជា។
  

លោក សុខ សុថា នាយកCFAP និងជាក្រុមប្រឹក្សាភិបាលបណ្តាញ ALiSEA។ រូបថត៖ អ៊ូ សុខមាន​

នាយកសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម(CFAP) និងជាក្រុមប្រឹក្សាភិបាលបណ្តាញ ALiSEAរូបនេះ  បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការអនុវត្តកសិអេកូឡូស៊ី គឺមានសារៈសំខាន់មែនទែនសម្រាប់កម្ពុជា​ ក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែសក្កានុពលផ្នែកស្បៀងអាហារដែលមានសុវត្ថិភាពខ្ពស់ បើធៀបនឹងប្រទេសជិតខាង។
 
 «ការអនុវត្តកសិកម្មបែបកសិអេកូឡូស៊ីនេះ អាចជួយដល់ក្រុមកសិករកម្ពុជាយើងបានច្រើន តាមរយៈការកាត់បន្ថយធាតុចូលពីបរទេស និងបង្កើតផលិតថ្មីសម្រាប់ទីផ្សារ»។​ លោក សុថា​ បាននិយាយបែបនេះ​ដោយបន្តរៀបរាប់ថា៖ «បើយើងអនុវត្តកសិកម្មដែលប្រើប្រាស់ជី​និងថ្នាំពុលគីមីដូចសព្វថ្ងៃនេះ  គឺមិនអាចប្រកួតប្រជែងឈ្នះ​គេបានឡើយ ជាពិសេសប្រទេសវៀតណាម ពីព្រោះគេដើរមុនហើយបានឆ្ងាយហើយ ទាំងផ្នែកបច្ចេកទេស ទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យកសិកម្ម រួមទាំងការលើកចិត្តនានាពីរដ្ឋាភិបាល»។
 
សម្រាប់នាយកសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មរូបនេះ ការអនុវត្តកសិកម្មបែបកសិអេកូឡូស៊ី គឺមាននិរន្តរភាពខ្ពស់ចំពោះវិស័យកសិកម្មកម្ពុជា ដោយសារតែកម្ពុជា​ជាប្រទេសមានក្រុមកសិករខ្នាតតូចច្រើន ហើយកសិករនីមួយៗគឺមានធនធានដែលបម្រើដល់ផ្នែកដាំដុះនៅកន្លែងស្រាប់ ដូចជា៖ ការផលិតជី កំប៉ុស្ត និងការផលិតថ្នាំពុលបណ្តេញសត្វល្អិតចង្រៃបែបធម្មជាតិ ជាដើម...។
 
បច្ចុប្បន្ន បណ្ដាញALiSEA នៅកម្ពុជាមានសមាជិកចំនួន ៦០​ ស្ថាប័ន ដែលអនុវត្តការងារ និងវិធីសាស្រ្តផ្សេងៗទាក់ទងនឹងកសិអេកូឡូស៊ី ខណៈបណ្តាញនេះក្នុងថ្នាក់តំបន់(កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា) មានសមាជិកជាង ២០០ស្ថាប័ន។ 
 
បើតាមលោកស្រីLucie Reynaud ប្រធានសម្របសម្រួលគម្រោង ASSET នៃ អង្គការ GRET បណ្តាញALiSE ជាបណ្តាញបើកចំហរកៀរគររកសមាជិក ដែលធ្វើការងារទាក់ទងនឹងកសិអេកូឡូស៊ី ដើម្បីអភិវឌ្ឍវិស័យកសិកម្ម។ លោកស្រី បានបញ្ជាក់ថា​ បណ្ដាញ ALiSEA នេះបង្កើតឡើងក្នុងគោលដៅពង្រឹងការចែករំលែកចំណេះដឹង និងបទពិសោធក្នុងចំណោមអ្នកអនុវត្តការងារ និងគំនិតផ្តូចផ្ដើមទាក់ទងនឹងកសិអេកូឡូស៊ី,​ បង្កើនភាពអាចមើលឃើញ និងទំនុកចិត្តនៃចលនាកសិអេកូឡូស៊ីទៅដល់អ្នកធ្វើគោលនយោបាយ រួមទាំងការជំរុញអភិវឌ្ឍ និងការសម្របខ្លួនទៅនឹងការអនុវត្តកសិអេកូឡូស៊ីរវាងកសិករ។
 

លោកស្រីLucie Reynaud ប្រធានសម្របសម្រួលគម្រោង SSET នៃអង្គការ GRET។ រូបថត៖ អ៊ូ សុខមាន

លោកស្រីLucie Reynaud បន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ក្នុងមហាសន្និបាតថ្នាក់ជាតិនៃបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២៣វិច្ឆិកា ដូច្នេះ៖« ការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ី គឺផ្តោតសំខាន់លើការប្រើប្រាស់ធនធានមានស្រាប់ក្នុងតំបន់យកមកប្រើប្រាស់ឡើងវិញ និងកាត់បន្ថយការប្រើប្រាស់ជីថ្នាំពុលគីមីកសិកម្ម។ ពេលដែលយើងអនុវត្តកសិកម្មបែបនេះ វានឹងជួយពង្រឹងចម្រុះភាពនិងសត្វល្អិតមានប្រយោជន៍ក្នុងដីដែលថែរក្សាគ្នាទៅវិញទៅមក ដើម្បីកែលម្អគុណភាពដី បរិស្ថាន»។
 
ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់កសិករខ្នាតតូចទាំងអស់ ឱ្យអនុវត្តកសិកម្មបែបកសិអេកូឡូស៊ី ដើម្បីទទួលបានផលចំណេញ ជួយដល់បរិស្ថាន និងទទួលបានចំណែកទីផ្សារខ្ពស់ នៃការផលិតស្បៀងអាហារដែលមានសុវត្ថិភាពទាំងអ្នកផលិត និងទាំងអ្នកទទួលទាន៕ 
 
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com