ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ ជំនួបជាមួយសមាជិកបក្ស សម្តេច ហ៊ុន សែន នឹងជម្រាបពីសភាពការណ៍ប្រទេស និងអាចមានប្រសាសន៍ពីរឿងបោះឆ្នោត
25, Nov 2022 , 5:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងសន្និបាតវិសាមញ្ញនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងសន្និបាតវិសាមញ្ញនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
ដោយ៖ ទេពញាណ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា នឹងជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវិមាន៧មករា ដែលជាទីស្នាក់កណ្តាលរបស់គណបក្សកាន់អំណាចមួយនេះ។



លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា មន្រ្តីរាជការតាមស្ថាប័ននានា ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា នឹងចូលរួមក្នុងពិធីជួបសំណេះសំណាលនេះ។ លោក លើកឡើងថា អ្នកចូលរួម អាចជាមន្រ្តីសមាជិកថ្នាក់មធ្យម និងថ្នាក់ខ្ពស់របស់គណបក្ស។ 
 
លោក ផ្តល់ព័ត៌មានថា អ្នកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចប្រធាន ប្រហែលជាមានប្រមាណ៤ពាន់នាក់ ដែលស្មើនឹងចំនួនកៅអីក្នុងសាលជាន់ទី៥នៃវិមាន៧មករា។ មន្រ្តីនាំពាក្យគណបក្សកាន់អំណាចរូបនេះ មានប្រសាសន៍ដូច្នេះថា៖«សម្តេច នឹងផ្តល់អនុសាសន៍ពីសភាពការណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីឲ្យសមាជិកបានយល់ដឹង»។ 
 
លោក សុខ ឥសាន សន្និដ្ឋានថា ដោយសារការបោះឆ្នោតថ្នាក់ជាតិឆ្នាំឆ្នាំ២០២៣ជិតមកដល់ សម្តេច ហ៊ុន សែន ប្រហែលជាចៀសមិនផុតពីការមានប្រសាសន៍ខ្លះៗជុំវិញការបោះឆ្នោតនេះទេ ដើម្បីកំណត់យុទ្ធសាស្រ្តយកឈ្នះបន្តទៀត។ 
 
លោក បន្តថា មួយរយៈនេះ សម្តេចនាយករដ្ឋមន្រ្តី បានចុះជួបប្រជាជន កងកម្លាំង និងមន្រ្តីរាជការ នៅតាមរាជការ-ខេត្តនានា ហើយឥឡូវ ដល់ពេលដែលសម្តេច ត្រូវជួបមន្រ្តីរាជការ ដែលជាសមាជិកគណបក្ស។ លោក អះអាងថា ដោយសារការជួបសំណេះសំណាលនេះ ស្ថិតក្នុងក្របខ័ណ្ឌបក្ស ដូច្នេះ អ្នកចូលរួម មិនតម្រូវឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ ហើយការចូលរួមរបស់ពួកគេ ក៏មិនប៉ះពាល់ដល់ម៉ោងការងាររដ្ឋដែរ ដ្បិតពិធីនេះ ត្រូវធ្វើឡើងក្នុងថ្ងៃសៅរ៍៕  
 

Tag:
 ហ៊ុន សែន
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com