អន្តរជាតិ
កាណាដា នឹងចាយលុយ១,២ពាន់លានដុល្លារក្នុងយុទ្ធសាស្ត្របន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ
25, Nov 2022 , 5:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
កាណាដា នៅថ្ងៃទី២៤ ខែវិច្ឆិកា បានបញ្ចេញយុទ្ធសាស្រ្តថ្នាក់ជាតិជាលើកដំបូងទាក់ទិនការបន្ស៊ាំខ្លួននឹងអាកាសធាតុ និងគ្រោងចំណាយទុន១,២ពាន់លានដុល្លារក្នុងយុទ្ធសាស្រ្តនេះ ជាមួយការប្ដេជ្ញាជួយការពារសហគមន៍ប្រជាជនប្រឆាំងនឹងការកើនឡើងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។



ដូចប្រទេសជាច្រើនជុំវិញពិភពលោកដែរ កាណាដា ប្រឈមមុខការកើនឡើងបញ្ហាបរិស្ថានធ្ងន់ធ្ងរបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ តាមរយៈគ្រោះមហន្តរាយផ្សេងៗ ការខាតបង់ប្រចាំឆ្នាំជាមធ្យមរបស់កាណាដា អាចកើនឡើងដល់ជាង១១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលក្រុងអូតាវ៉ា។
រដ្ឋាភិបាលអូតាវ៉ាអះអាងថា ការចំណាយលុយលើការអភិវឌ្ឍគោលដៅនៃយុទ្ធសាស្ត្រសម្របខ្លួន នឹងជួយកាត់បន្ថយការខាតបង់ដោយសារគ្រោះមហន្តរាយក្នុងប្រទេស ហើយជំរុញអត្ថប្រយោជន៍សេដ្ឋកិច្ចទាំងមូលដោយផ្ទាល់ និងដោយប្រយោល។
 
«ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបានឈានដល់មាត់ទ្វាររបស់យើងហើយ។ យើងមិនត្រឹមតែត្រូវកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ យើងក៏ត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដែលកើតឡើងលើយើងផងដែរ»។ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាណាដា លោក Steven Guilbeault លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍បង្ហាញពីយុទ្ធសាស្រ្តថ្មី។ 
 
យុទ្ធសាស្ត្របន្ស៊ាំខ្លួននឹងអាកាសធាតុ ផ្តោតលើចំណុចអាទិភាពចំនួនប្រាំរួមមានការកែលម្អសុខភាព ការសាងសង់និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យរឹងមាំនិងធន់ ការការពារធម្មជាតិនិងជីវចម្រុះ ការគាំទ្រសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ។ 
 
ក្នុងចំណោមចំណុចអាទិភាពទាំង៥ រដ្ឋាភិបាលកាណាដាគ្រោងចំណាយ១,២ពាន់លានដុល្លារសម្រាប់អភិវឌ្ឍយុទ្ធសាស្ត្រសម្របខ្លួនដែលនាំឱ្យមានភាពធន់។ សរុបទាំងគម្រោងនេះ កញ្ចប់ថវិកាសម្រាប់ចំណាយសរុបមានជាង៥ពាន់លានដុល្លារ។
 
សេចក្តីថ្លែងការណ៍បានលើកឡើងពីឧទាហរណ៍លើការសាងសង់អគារថ្មីដែលអនុវត្តតាមស្តង់ដារធន់នឹងទឹកជំនន់ និងភ្លើងឆេះជាដើម។ វាអាចជួយកាណាដាសន្សំការចំណាយប្រមាណ៣,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
 
វិទ្យាស្ថានអាកាសធាតុកាណាដា (CCI) ដែលវិភាគលើកិច្ចការនេះបានអះអាងថា ការផ្លាស់ប្តូររបស់ក្រុងអូតាវ៉ា ជាជំហានទៅមុខដ៏សំខាន់មួយដើម្បីចូលរួមដោះស្រាយវិបត្តិអាកាសធាតុក្នុងប្រទេស និងសាកល ប៉ុន្តែដើម្បីសម្រេចគោលដៅដ៏ធំនេះ វាចាំចាប់ត្រូវការព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែលយុទ្ធសាស្ត្របន្ស៊ាំខ្លួននោះទៅដោះស្រាយហានិភ័យអាកាសធាតុ។ 
គួរបញ្ជាក់ថា កាណាដាជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី៤ ក្នុងពិភពលោក និងជាប្រទេសបញ្ចេញកាបូនច្រើនបំផុតលំដាប់ទីពីរក្នុងចំណោមក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន២០ បន្ទាប់ពីចិន៕ 
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com