FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះកាតា បន្តខកចិត្ត ដោយបន្តចាញ់សេណេហ្កាល់ ៣-១
25, Nov 2022 , 10:00 pm        
រូបភាព
កាតា រងការខកចិត្តយ៉ាងខ្លាំងក្នុងនាមជាម្ចាស់ផ្ទះ FIFA World Cup 2022 ដោយបានចាញ់សេណេហ្កាល់ ៣-១ នាជំនួបជុំទីពីរពូល A ហើយក៏ជាបរាជ័យពីរលើកជាប់ៗគ្នាផងដែររបស់ក្រុមម្ចាស់ផ្ទះ។ នៅចុងតង់ទីមួយ Boulaye Dia រកបានគ្រាប់ដំបូងសម្រាប់សេណេហ្កាល់ ហើយ៣នាទីដំបូងនៃតង់ទីពីរ Famara Diedhiou បន្ថែមបាន១គ្រាប់ទៀត។ នៅនាទី៧៨ Mohammed Muntari វាយបកពីក្រោយមួយគ្រាប់ដែលជាគ្រាប់បាល់ដំបូងបំផុតរបស់កាតានៅ World Cup។ ទោះបីជាយ៉ាងណាក៏ដោយ Bamba Dieng បង្កើនការនាំមុខសារជាថ្មីសម្រាប់ក្រុមភ្ញៀវនៅនាទី៨៤។

 
ជំនួបរវាងម្ចាស់ផ្ទះកាតាទទួលភ្ញៀវសេណេហ្កាល់ នៅវគ្គទីមួយទម្រង់លេងរបស់ក្រុមទាំងពីរមានភាពប្រដំត្រសងគ្នាដោយពួកគេមានការវាយសម្រុកគ្នាទោវិញទៅមក ដោយគ្មានក្រុមណាគ្របដណ្តប់ខ្លាំងលើការប្រកួតប៉ុន្មានឡើយនៅដើមវគ្គទីមួយ។  
 
ការប្រកួតចេះតែបន្តរហូតដល់ពាក់កណ្តាលវគ្គ កាតាព្យាយាមដាក់សម្ពាធខ្លាំងលើសេណេហ្កាល់គ្មានឱកាសស៊ុតបានឡើយដោយខ្សែការពារសេណេហ្កាល់តែងរារាំងបានដោយជោគជ័យ ការប្រកួតឈានដល់នាទីចុងវគ្គទៅហើយពោលត្រឹមនាទី៤១ ឱកាសមាសធ្លាក់លើសេណេហ្កាល់ ដោយកីឡាករ Doulaye Dia អាចស៊ុតបំប៉ោងសំណាញ់ទីលើកាតាដោយការបង្កកំហុសភ្លាត់ស្នៀតក្នុងតំបន់គ្រោះថ្នាក់ពីខ្សែការពារកាតា។ ជំនួបនៅវគ្គទីមួយបានបញ្ចប់ទៅដោយលទ្ធផល ១-០ ដោយសេណេហ្កាល់នាំមុខលើម្ចាស់ផ្ទះកាតា។
 
ការប្រកួតបានបន្តនៅវគ្គទីពីរមិនដល់ ៣នាទីផងនោះ សេណេហ្កាល់រកបានឱកាសបន្ថែមគ្រាប់បាល់ជាថ្មីនាទី៤៨ ដោយការតែតបាល់បញ្ជូលទីយ៉ាងល្អពីសំណាក់កីឡាករ Famara Diedhiou ដែលជាការបញ្ជូនបាល់ពីកីឡាករ Ismail Jakobs។ កាតាព្យាយាមវាយមកវិញលើសេណេហ្កាល់ក្រោយត្រូវនាំមុខ ២-០ រហូតដល់នាទី ៧៨ កីឡាករ Mohamed Muntari តាមបាន ១គ្រាប់មកវិញ តែយ៉ាងណាការបង្កឱកាសគ្រាប់បាល់បន្ថែម ១គ្រាប់ពីកីឡាករ Bamba Dieng សារជាថ្មីស៊ុតបញ្ជូលទីនាទី ៨៤ ធ្វើឱ្យសេណេហ្កាល់បន្តនាំមុខលើកាតា ៣-១។ កាប្រកួតបានអូសបន្លាយរហូតបញ្ចប់ការប្រកួតសេណេហ្កាល់យកឈ្នះក្រុមម្ចាស់ផ្ទះ ៣-១ ជួយឱ្យពួកគេរកបាន៣ពិន្ទុបន្តក្តីសង្ឃឹមប្រកួតប្រជែង។
 
ក្រោយចាញ់សេណេហ្កាល់ក្នុងពូល A កាតាក្លាយជាក្រុមម្ចាស់ផ្ទះលើកដំបូងក្នុងរយៈពេល៩២ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ FIFA ក្នុងការប្រកួតពានរង្វាន់ World Cup ដែលចាញ់ពីរប្រកួតជាប់គ្នា។ នេះក៏ជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កាតាដែលអាចស៊ុតរកគ្រាប់បាល់នៅព្រឹត្តិការណ៍ World Cup ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ពួកគេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com