ជាតិ
ប្រសិទ្ធភាពថាមពល ជាកត្តាពន្លឿនដ៏ចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព
26, Nov 2022 , 8:29 am        
រូបភាព
ដោយ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា  លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា
ដោយ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា
ខណៈពេលដែលយើងទាំងអស់គ្នាខិតខំស្តារឡើងវិញ ពីផលប៉ះពាល់ពីរត្រួតដោយសារ​ការរាតត្បាត​ជាសកលនៃជំងឺកូវីដ-១៩ និងការឈ្លានពានលើប្រទេសអ៊ុយក្រែនពីប្រទេសរុស្ស៊ី ការកំណត់មាគ៌ា​កំណើន​សេដ្ឋកិច្ចថ្មី​ដែលកាន់តែមានភាពធន់ទៅនឹងវិបត្តិនានា និងដែលកាន់តែមានលក្ខណៈបរិយាបន្ន ហើយប្រើប្រាស់​ធនធានតិចជាងមុន បានក្លាយជាអាទិភាពសំខាន់ជាងគេ។ ភាពចំាបាច់នៃអន្តរកាលបៃតងបានក្លាយជា​អាទិភាព​ខ្ពស់មួយនៅក្នុងរបៀបវារៈគោលនយោបាយសកល និងធាតុផ្សំដ៏សំខាន់ក្នុងការបន្តកិច្ចចរចា​ក្នុងសន្និសីទ​ស្តីពី​ការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ លើកទី ២៧ នៅប្រទេសអេហ្ស៊ីប (COP27 – ថ្ងៃទី ៦-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២)។

 
ក្នុងចំណោមវិធាននានាដែលត្រូវបានដាក់ចេញដើម្បីសម្រេចមហិច្ឆតានេះ ការបង្កើនប្រសិទ្ធភាព​ថាមពល​ត្រូវបានទទួលស្គាល់យ៉ាងជាក់ច្បាស់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីសម្រេចជោគជ័យ​ឱ្យ​បានឆាប់បំផុតលើខឿនជាច្រើន រាប់ចាប់ពីការសម្រេចបានការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាខ្ពស់ពាក់ព័ន្ធនឹង​អាកាសធាតុ រហូតដល់ការធានាសន្តិសុខថាមពលរបស់ជាតិ។
 
ប្រសិទ្ធភាពថាមពល អាចរួមចំណែកដល់ការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDCs) ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​នៅក្នុង​ប្រទេស និងកាត់បន្ថយការបំពុលខ្យល់ ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់មនុស្សគ្រប់គ្នា។ នេះនាំឱ្យមាន​ការ​ប្រើប្រាស់ថាមពលតិចជាងមុន ដើម្បីសម្រេចលទ្ធផលដូចគ្នា តាមរយៈការបង្កើន​សមិទ្ធកម្មឱ្យដល់​កម្រិត​អតិបរមា និងកាត់បន្ថយការខ្ជះខ្ជាយផ្នែកថាមពល។ គេអាចសម្រេចគោលដៅនេះ តាមរយៈការអនុវត្តឱ្យកាន់​តែប្រសើរ និងវិនិយោគលើបច្ចេកវិទ្យា គម្រោងប្លង់ និងសម្ភារបរិក្ខារនានាដែលរួមចំណែកផ្ទាល់ដល់​ការសម្រាលសម្ពាធ​មកលើបរិស្ថាន និងកាត់បន្ថយថ្លៃដើមផលិតកម្ម ដែលផ្តល់ឱកាសបន្ថែមទៀត ដើម្បីបង្កើននិរន្តរភាព ភាព​ប្រកួត​ប្រជែង និងកំណើនសេដ្ឋកិច្ច។
 
ប្រសិទ្ធភាពថាមពល ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីសម្រេចកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយ​ចីរភាព​ផងដែរ។ សម្រាប់ប្រជាពលរដ្ឋនៅតាមផ្ទះ ការសន្សំសំចៃថាមពលធ្វើឱ្យចំណាយលើថាមពលមាន​ការ​ថយ​ចុះ ដែលពួកគេអាចប្រើប្រាស់ប្រាក់សន្សំនេះសម្រាប់រ៉ាប់រងអាទិភាពចំណាយផ្សេងទៀត។ សម្រាប់​សហគ្រាស​វិញ នេះមានន័យថាជាការកាត់បន្ថយថ្លៃដើម បង្កើនសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់​មុខមាត់​នៃអាជីវកម្មរបស់ខ្លួន ដែលជាឧត្តមភាពមួយសម្រាប់ទាក់ទាញការវិនិយោគបន្ថែមទៀត។ ក្នុងន័យនេះ ប្រសិទ្ធភាពថាមពលរួមចំណែកធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពបៃតង ដែលបើកចំហឱកាស​ក្នុងការចូលរួមក្នុងទីផ្សារ​សកល​បន្ថែមទៀត។
 
ប្រសិទ្ធភាពថាមពល គឺជាធាតុផ្សំមួយដ៏សំខាន់នៃ NDCs របស់កម្ពុជា និងសន្តិសុខថាមពលរបស់ខ្លួន ដែលកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ជាពិសេសចំពេលដែលមានផលប៉ះពាល់ដោយសារ   សង្គ្រាមនៅអ៊ុយក្រែន។ បើទោះជាកម្ពុជាមិនមែនជាប្រទេសរងគ្រោះដោយផ្ទាល់នៃវិបត្តិថាមពលក៏ដោយ កម្ពុជា បានទទួលស្គាល់ពីភាពចំាបាច់ក្នុងការធានាសន្តិសុខថាមពល ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ខ្លួន ចំពោះវិបត្តិដែលកើតមាននៅក្រៅប្រទេស។ ឧទាហរណ៍ វិបត្តិបំណុលនៅក្នុងប្រទេសជិតខាងកម្ពុជា​មួយ​ចំនួន​អាចធ្វើឱ្យភាពងាយរងគ្រោះរឹតតែធ្ងន់ធ្ងរ ដោយសារតែមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងប៉ះពាល់​ដល់​តម្លៃ​នាំចូលថាមពល។ កម្ពុជា ក៏ដឹងពីភាពចាំបាច់ក្នុងការកាត់បន្ថយការពឹងអាស្រ័យលើការនាំចូលថាមពល និងកាត់បន្ថយផលប៉ះពាល់ដោយសារការប្រែប្រួលនៃតម្លៃឥន្ធនៈផូស៊ីល ដូច្នេះការវិនិយោគលើថាមពល​កកើត​ឡើង​វិញ និងប្រសិទ្ធភាពថាមពលអាចជួយសម្រាលដល់ផលប៉ះពាល់ទាំងនេះ។ 
 
ដូច្នេះ តើយើងត្រូវធ្វើបែបណា ដើម្បីពន្លឿនប្រសិទ្ធភាពថាមពល? 
 
គេត្រូវការពេលយូរ ដើម្បីផ្លាស់ប្តូរឥរិយាបថ ហើយការអនុវត្តជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថអាច​រួម​ចំណែក​នាំឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គល និងសហគ្រាសជាបណ្តើរៗ។ បណ្តាប្រទេសនានានៅជុំវិញ​ពិភពលោកកំពុងដាក់ចេញនូវគោលនយោបាយ និងប្រមែប្រមូលការអនុវត្តល្អ ដែលអាចជំរុញការផ្លាស់ប្តូរ​ឥរិយាបថ។ គំនិតផ្តួចផ្តើម ដូចជាកម្មវិធីអន្តរកាលទៅរកថាមពលស្អាត LIFE នៅសហភាពអឺរ៉ុប មាន​គោលដៅ​ផ្តល់​ការគាំទ្រដល់ការរៀបចំចងក្រងការអនុវត្តល្អៗផ្នែកប្រសិទ្ធភាពថាមពល ដើម្បីឆ្លើយតបចំពោះ​ឧបសគ្គ ពាក់ព័ន្ធ​នឹងឥរិយាបថ ទីផ្សារ និងលិខិតបទដ្ឋានគតិយុត្ត ដែលធ្វើឱ្យរាំងស្ទះដល់ការសម្រេចបាន​នូវ​ប្រសិទ្ធភាពថាមពល។ 
 
នៅកម្ពុជា អមជាមួយនឹងអាទិភាពដទៃទៀត រដ្ឋាភិបាលក៏មានបំណងជំរុញប្រសិទ្ធភាព​ថាមពលតាមអាគារនានាផងដែរ។ ក្នុងគម្រោងសាកល្បងមួយដែលទទួលបានថវិកាគាំទ្រពីសម្ព័ន្ធភាពប្រែប្រួល​អាកាសធាតុកម្ពុជា CCCA ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលនៅកម្ពុជាលើកទី ១ កាលពី​ខែមុនបាន​ទទួល​​ស្គាល់អាគារចំនួន ២២ របស់ក្រុមហ៊ុនចំនួន ១៤ ថាបានសន្សំសំចៃថាមពល ៩% គិតជាមធ្យម ដោយ​អាគារដែលជាប់ជ័យលាភីទី ១ អាចសន្សំបានរហូតដល់ ៣៦%។ គេអាចសន្សំសំចៃបានបែបនេះ ដោយ​មិន​ចាំបាច់​វិនិយោគលើសម្ភារបរិក្ខារអគ្គិសនី ឬការជួសជុលឡើងវិញនោះឡើយ។ ការប្រកួតប្រជែងនេះ ពឹងអាស្រ័យ​ទាំងស្រុងលើ​ការ​ប្តេជ្ញាចិត្ត និងការចូលរួមពីអ្នកប្រើប្រាស់អាគារ ដូចជាការិយាល័យ ទីតាំងពាណិជ្ជកម្ម អាគារសាធារណៈ និង​ឃ្លាំងជាដើម។ ការប្រកួតប្រជែងនេះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមក្នុងកម្រិតខ្ពស់ពីយុវជនកម្ពុជា មក​ពី​សាកលវិទ្យាល័យរដ្ឋ ចំនួន ៦ ដែលចូលរួមនៅក្នុងការប្រកួតប្រជែងនេះ។ យើងសង្ឃឹមថា គំនិតផ្តួចផ្តើម​បែបនេះនឹងត្រូវអនុវត្តបន្ត ក៏ដូចជានឹងមានការពង្រីកវិសាលភាពបន្ថែមទៀត ដល់គ្រឹះស្ថានរដ្ឋ និងឯកជន​ក្នុង​ទ្រង់ទ្រាយធំ និងជំរុញឱ្យមានឥរិយាបថដែលគិតគូរពីការប្រើប្រាស់ថាមពល ដើម្បីឱ្យឥរិយាបថបែបនេះ​ក្លាយ​ជាការអនុវត្តដែលមានលក្ខណៈស្តង់ដារ។
 
ដើម្បីពន្លឿនការផ្លាស់ប្តូរ ចាំបាច់ត្រូវមានការវិនិយោគ។ បច្ចុប្បន្ននេះរដ្ឋាភិបាលនានា និងវិស័យឯកជន​កំពុង​ដាក់​ឱ្យ​អនុវត្តនូវវិធានការជាច្រើន។ ឧទាហរណ៍ នៅកម្ពុជា UNDP បានសហការជាមួយនឹងសភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham) ដែលជាសភាពាណិជ្ជកម្មតំណាងឱ្យសហគមន៍ធុរកិច្ចអឺរ៉ុបនៅក្នុងប្រទេសនេះ ដើម្បី​ជួយរៀបចំក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈអំណោយផលសម្រាប់ ក្រុមហ៊ុនសេវាកម្មថាមពល(ESCOs)  តាមរយៈការផ្តល់ជាជំនាញឯកទេស និងដំណោះស្រាយផ្នែកហិរញ្ញប្បទានដល់អតិថិជន​ក្នុងការអនុវត្ត​វិធានការ​ប្រសិទ្ធភាពថាមពលដោយមិនចាំបាច់ត្រូវវិនិយោគមូលធនទ្រង់ទ្រាយធំជាងមុន។ នៅក្នុងឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ សហភាពអឺរ៉ុបបានសហការជាមួយ​នឹងក្រសួងពាក់​ព័ន្ធ​នានា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងក្រុមហ៊ុននានា ដើម្បីគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តដែលសន្សំសំចៃថាមពល។
 
ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន ការកំណត់ទិសដៅគោលនយោបាយឱ្យច្បាស់លាស់ គឺជាអ្វីដែលសំខាន់ និងចាំបាច់។ ឧទាហរណ៍ ផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ដែលទើបត្រូវ​បានអនុម័តកាលពីពេលថ្មីៗ​នេះ បានដាក់បញ្ចូលប្រសិទ្ធភាពថាមពលទៅក្នុងសេណារីយ៉ូរបស់ខ្លួន ដូចគ្នានឹងគោលនយោបាយជាតិស្តីពី​ប្រសិទ្ធភាព​ថាមពលដែលនឹងត្រូវប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំនេះផងដែរ។ វិធានការសំខាន់ៗផ្សេងទៀត​ដែល​បច្ចុប្បន្ន​កំពុងត្រូវបានពិចារណា រួមមានស្តង់ដារប្រសិទ្ធភាពថាមពលសម្រាប់អាគារ និងសម្ភារបរិក្ខារអគ្គិសនី​សំខាន់ៗ សវនកម្មថាមពល និងការអភិវឌ្ឍទីផ្សារក្រុមហ៊ុនសេវាកម្មថាមពល។ គោលនយោបាយ​ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារទាំងនេះនឹងដាក់ចេញនូវក្របខ័ណ្ឌ ក៏ដូចជាចំណុចដៅយ៉ាងជាក់ច្បាស់​សម្រាប់ពន្លឿនប្រសិទ្ធភាពថាមពលនៅកម្ពុជា។ 
 
ការផ្តល់អាទិភាពដល់ការអនុវត្តវិធានការទាំងនេះ នឹងធ្វើឱ្យកម្ពុជាស្ថិតលើមាគ៌ាត្រឹមត្រូវ ដើម្បីឈានទៅ​សម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលធានាបាននូវសមធម៌ និងភាពធន់ ជាមួយ​អត្ថប្រយោជន៍​​ផ្នែកសង្គម និងសេដ្ឋកិច្ច។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍រយៈពេលវែង យើងស្វាគមន៍ការប្តេជ្ញាចិត្ត​របស់កម្ពុជា ក៏ដូចជាវឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលបច្ចុប្បន្នក្នុងទិសដៅនេះ ហើយយើងត្រៀមខ្លួនរួច​ជាស្រេច ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ។
 
អត្ថបទដោយ៖
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា 
លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា 
 
សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា CCCA គឺជាភាពជាដៃគូមួយដែលទទួលបានថវិកាគំាទ្រពីសហភាពអឺរ៉ុប និង​ប្រទេសស៊ុយអែត អនុវត្តដោយ UNDP ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន។ សម្ព័ន្ធ CCCA ​ផ្តល់ការគាំទ្រដល់របៀបវារៈសកម្មភាពអាកាសធាតុនៅក្នុងប្រទេស ដូចជាការរៀបចំយុទ្ធសាស្ត្រ ច្បាប់ ការ​កៀរគរ​ហិរញ្ញប្បទានអាកាសធាតុពីប្រភពសាធារណៈ និងឯកជន និងការផ្តល់មូលនិធិគាំទ្រដល់គំនិតផ្តួចផ្តើមបន្ស៊ាំនិង​កាត់​បន្ថយការប្រែប្រួលអាកាសធាតុដែលមានលក្ខណៈនវានុវត្តន៍។
 

Tag:
 លិខិតមិត្តអ្នកអាន
© រក្សាសិទ្ធិដោយ thmeythmey.com