អន្តរជាតិ
អនុប្រធានាធិបតីម៉ាឡាវី ត្រូវចាប់ខ្លួនក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ 
អនុប្រធានាធិបតីម៉ាឡាវី លោក Saulos Klaus Chilima។ រូបភាព៖ AFP
×![]()
ការិយាល័យប្រឆាំងអំពើពុករលួយម៉ាឡាវី នៅថ្ងៃទី២៥ ខែវិច្ឆិកា បានចាប់ខ្លួនអនុប្រធានាធិបតី លោក Saulos Klaus Chilima ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ។
តាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រឆាំងអំពើពុករលួយម៉ាឡាវីចេញនៅថ្ងៃទី២៥ ខែវិច្ឆិកា លោកអនុប្រធានាធិបតី Saulos Klaus Chilima ត្រូវបានបញ្ជូនទៅតុលាការ ដែលលោករងបទចោទចំនួន ៣ ក្នុងនោះរួមទាំងការប្រព្រឹត្តអំពើពុករលួយផង។
យ៉ាងណាមិញអនុប្រធានាធិបតីម៉ាឡាវី មិនបានបញ្ជាក់អ្វីឡើយជុំវិញការចោទប្រកាន់នេះ ប៉ុន្តែលោកអះអាងថា វាអាស្រ័យលើនីតិវិធីតុលាការ។
«ខ្ញុំមិនមានយោបល់អ្វីឡើយ។ យើងនឹងអនុញ្ញាតឱ្យតុលាការដំណើរការនីតិវិធីរបស់ខ្លួន»។ លោក Chilima បានបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រឆាំងអំពើពុករលួយម៉ាឡាវី ដែលស្ថិតនៅតំបន់អាហ្វ្រិកមួយនេះ លោក Chilima បានទទួលសំណូក ដើម្បីជួយដល់ក្រុមហ៊ុន Xaviar Limited និង Malachitte FZ ដែលមានជាប់ពាក់ព័ន្ធនឹងលោក Zuneth Sattar អ្នកជំនួញជនជាតិអង់គ្លេស។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយនេះ លោកអនុប្រធានាធិបតីម៉ាឡាវី បានទទួលលុយប្រមាណ ២៨ម៉ឺនដុល្លារ និងសម្ភារផ្សេងទៀត។
ការិយាល័យប្រឆាំងអំពើពុករលួយម៉ាឡាវី ក៏បានស៊ើបអង្កេតលើលោក Sattar និងមន្រ្តីម៉ាឡាវីផ្សេងទៀតផងដែរ ក្រោមបទចោទធ្វើឱ្យប៉ះពាល់ដល់ធនធានរបស់រដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com