កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ពិធីបិទកីឡាជាតិលើកទី៣ នឹងមានភាពអស្ចារ្យជូនប្រជាពលរដ្ឋទូទាំងប្រទេស
26, Nov 2022 , 11:39 am        
រូបភាព
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១។
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១។
ដោយ:
«យើងសង្កេតឃើញហើយថា មានការបំផ្ទុះព័ត៌មានដ៏ធំមួយសម្រាប់ពិធីការបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ របស់យើង អ៊ីចឹងនៅពិធីបិទនេះយើងនឹងធ្វើឱ្យអ្វីមួយមានភាពអស្ចារ្យថែមទៀត ដែលយើងនឹងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស»។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និយាយដូច្នេះ ក្រោយបញ្ចប់កិច្ចប្រជុំវឌ្ឍនភាពពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិមរតកតេជោ។

 
ថ្វីដ្បិតពិធីបើកជោគជ័យមួយចំនួនធំក៏ពិត គណៈកម្មាធិការជាតិរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ នៅតែត្រូវកែលម្អភាពខ្វះចន្លោះមួយចំនួនបន្ថែមទៀតសម្រាប់ក្នុងពិធីបិទ នៅថ្ងៃទី៣០​ ខែវិច្ឆិកា ខាងមុខនេះឱ្យមានភាពរលូន។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាខ្វះខាតដែលមានការចូលរួមពីគណៈកម្មការចម្រុះ មានសាលារដ្ឋបាលរាជធានីភ្នំពេញ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ក្រសួងអប់រំយុវជន និងកីឡា និងអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកីឡាជាតិ។ បើតាមមន្រ្តីដដែល គោលដៅសំខាន់ជាងគេគឺសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងទឹកពិសា។
 
ចំពោះអ្វីដែលពិសេសនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ លោក អគ្គលេខាធិការ បានស្រាយបញ្ជាក់ថា នឹងធ្វើឱ្យទិដ្ឋភាពទាំងមូលក្នុងពហុកីឡដ្ឋានជាតិមានភាពអស្ចារ្យ ដែលជាក្តីសង្ឃឹមមួយសម្រាប់បន្តទៅថ្ងៃអនាគត។
 
លោក វ៉ាត់ ចំរើន និយាយថា៖«នៅក្នុងពិធីបិទនេះគឺយើងបានត្រៀមតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារបស់យើង និងរៀបចំឱ្យមានការសម្តែងមួយចំនួនទៀត ដែលផ្តល់ក្តីសង្ឃឹមទៅអនាគតសម្រាប់ប្រទេសជាតិរបស់យើងឱ្យមានភាពត្រចះត្រចង់»។
 
គួរបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាឡាំពិក(ជនមានពិការភាព)លើកទី១ នឹងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡ្ឋានជាតិមរតកតេជោ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋជាង៤ម៉ឺននាក់៕

Tag:
 (កីឡាជាតិលើកទី៣
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com