អន្តរជាតិ
លោក ពូទីន ចែករំលែកទុក្ខសោកជាមួយម្តាយទាហានរុស្ស៊ីដែលស្លាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែន 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជួបជាមួយម្ដាយទាហានរុស្ស៊ីដែលពលីនៅអ៊ុយក្រែន។ រូបថត AFP
×![]()
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានជួបជាមួយម្ដាយរបស់ទាហានរុស្ស៊ីដែលបានពលីជីវីតក្នុងសមរភូមិជាមួយអ៊ុយក្រែន ហើយបានចែករំលែកទុក្ខចំពោះការបាត់បង់នេះ។
សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យទាហានខ្ទង់ម៉ឺនបានស្លាប់ និងរងរបួសទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍អាម៉េរិក។ ជនជាតិរុស្សីរាប់សែននាក់ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែន។ ទាហានកំណែនជាច្រើនម៉ឺននាក់ក្នុងចំណោមយោធាបម្រុងជាង៣០ម៉ឺននាក់ដែលត្រូវបានកេណ្ឌក្នុងខែកញ្ញា ក៏ត្រូវបានបញ្ជូនទៅអ៊ុយក្រែនដែរ។
លោក ពូទីន នៅថ្ងៃទី២៥ ខែវិច្ឆិក ក៏បានជួបជាមួយម្ដាយរបស់ទាហានពលីជីវិតក្នុងសង្គ្រាមចំនួន១៧ នាក់នៅឯនិវេសនដ្ឋាន Novo-Ogaryovo របស់លោកនៅខាងក្រៅទីក្រុងមូស្គូដើម្បីប្រារព្ធទិវាមាតារុស្ស៊ី។ លោក ពូទីន បានលើកឡើងថា លោកយល់ពីការព្រួយបារម្ភរបស់ម្តាយទាហានដែលពលី និងការឈឺចាប់របស់ពួកគេដែលបានបាត់បង់កូនប្រុសក្នុងសង្ក្រាមនៅអ៊ុយក្រែន។
«ខ្ញុំចង់ឱ្យអ្នកដឹងថា ខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំប្រទេសទាំងមូល យើងចែករំលែកការឈឺចាប់របស់អ្នក»។ មេដឹកនាំរុស្ស៊ីបានថ្លែងបែបនេះ រួចបញ្ជាក់ថា គ្មានអ្វីអាចជំនួសការបាត់បង់កូនប្រុសនោះទេ ជាពិសេសសម្រាប់ម្តាយគ្រប់រូប។
ស្រ្តីជាម្តាយដែលទៅពីផ្នែកផ្សេងៗ ហើយជួបមេដឹកនាំរុស្ស៊ី បានសម្តែងអំណរគុណចំពោះការដឹកនាំរបស់លោក ពូទីន និងបានជូនពរលោកឱ្យមានសុខភាពល្អ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ យ៉ាងណាមិញ សាច់ញាតិរបស់ទាហានផ្សេងទៀតដែលបានស្លាប់ក្នុងសង្រ្គាមដែរ និយាយថា វិមានក្រឹមឡាំងមិនបានអើពើការអង្វររបស់ពួកគេសម្រាប់កិច្ចប្រជុំមួយផ្សេងឡើយ ហើយអះអាងថា ជំនួបខាងលើ ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។
អំពីការខាតបង់របស់ខ្លួនក្នុងសង្គ្រាម កាលពីថ្ងៃទី២១ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និយាយថា ទាហានរុស្ស៊ីចំនួន៥,៩៣៧នាក់ត្រូវបានស្លាប់។ ចំនួននេះគឺទាបជាងការប៉ាន់ស្មានរបស់អន្តរជាតិ។ អាម៉េរិកបានប៉ាន់ប្រមាណកាលពីថ្ងៃទី៩ ខែវិច្ឆិកាថា ទាហានរុស្ស៊ី និងអ៊ុយក្រែនជាង១០ម៉ឺននាក់ ត្រូវបានស្លាប់ ឬរងរបួស៕
© រក្សាសិទ្ធិដោយ thmeythmey.com