ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ភ្លើងសូឡា៤៧៦អំពូល ត្រូវបានបំពាក់បំភ្លឺផ្លូវពេលយប់ក្នុង​ឃុំអណ្ដូងទឹក ​
27, Nov 2022 , 8:49 am        
រូបភាព
ដោយ៖ ណាន គីមហ៊ួយ (យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ ក្នុងឃុំអណ្ដូងទឹក បានដាក់ភ្លើងសូរឡាបំភ្លឺផ្លូវចំនួន ៤៧៦អំពូលរួចរាល់ហើយ ដោយអំពូលទាំងនោះ បានមកពីការចូលរួមពីប្រជាពលរដ្ឋ ការរៃអង្គាសពីសម្បុរសជន និងមានការយកចិត្តទុកដាក់ពីអភិបាលស្រុកបទុមសាគរចំពោះឃុំអណ្ដូងទឹក​។



លោក ឃៀង យិង មេឃុំអណ្ដូងទឹក បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១ មានភាពខុសគ្នាពីឆ្នាំ២០២២ ដោយសារកាលពីឆ្នាំមុន នៅក្នុងឃុំការដាក់ភើងបំភ្លឺផ្លូវបានតិច ហើយបច្ចុប្បន្ន អាជ្ញាធរបានពង្រាយអំពូលសូឡាបានចំនួន ៧ភូមិ ដែលសរុបមាន ៤៧៦អំពូល​នៅទីតាំងគោលដៅធំៗ ពោលគឺកន្លែងដែលងងឹតខ្លាំង។ 


   លោក ឃៀង យិង មេឃុំអណ្ដូងទឹក
 
លោក​មេឃុំ នៃឃុំអណ្ដូងទឹក បញ្ជាក់ថា ការដាក់ភ្លើងបំភ្លឺផ្លូវជួយកាត់បន្ថយភាពងងឹងនៅតាមផ្លូវ កាត់បន្ថយករណីចោរកម្ម ព្រមទាំងផ្ដល់ភាពងាយស្រួលដល់សិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់។ អំពូលសូឡាបានបំពាក់ចាប់ពីស្ពានអណ្ដូងទឹក រហូតដល់ផ្លូវសាយភូថង ដាក់នៅតំបន់ភ្នំ និងតាមភូមិមួយចំនួនទៀតផងដែរ។
 
លោក ឃៀង យិង បញ្ជាក់ដូច្នេះ៖«ដាក់សូរឡាតាមផ្លូវធ្វើឱ្យមានសោភ័ណភាពតាមផ្លូវល្អ នៅក្នុងឃុំក៏ប្រសើរជាងមុន កាត់បន្ថយហានិភ័យចោរលួច ចោរឆក់ ហើយក្មេងខិលខូចក៏អត់មាន ប្រជាពលរដ្ឋមានភាពកក់ក្ដៅ»។ 
 
មេឃុំរូបនេះ បន្ថែមថា អាជ្ញាធរឃុំបានដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងឃុំឱ្យបានល្អ ព្រមទាំងណែនាំជនខិលខូចមួយចំនួន កុំឱ្យប្រព្រឹត្តអំពើខុសពីច្បាប់នៅតាមផ្លូវសាធារណៈ និងទីកន្លែងងងឹតផងដែរ។ 
  

ភ្លើងបំភ្លឺផ្លូវនៅឃុំអណ្ដូងទឹក
 
បើទោះក្នុងឃុំបានដាក់អំពូលរួចរាល់ចំនួន ៤៧៦អំពូលក៏ពិតមែន ប៉ុន្តែមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះនៅក្នុងឃុំនេះ មានតំបន់ងងឹង និងដាច់ស្រយាលច្រើន។ ដូច្នេះលោក យិង បាន និងកំពុងស្វែងរកជំនួយបន្ថែមពីសប្បុរសជន និងតាមរយៈក្រុមហ៊ុនផ្សេងៗទៀត ដែលមានសមត្ថភាព អាចជួយដល់ឃុំអណ្ដូងទឹកជុំវិញការដាក់អំពូលសូឡា។
 
ជាមួយគ្នានេះ លោក ឃៀង យិង ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ ជួយថែរក្សាអំពូល ដែលបានដាក់រួចហើយឱ្យបានល្អ ប្រសិនបើមានការខូចខាត ទីកន្លែងណាមួយ ត្រូវឱ្យរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ភ្លើងសូឡា
  បូទុមសាគរ
  ឃុំអណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com