ជាតិ
សង្គមជាតិ
មេសហជីពណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវឃាត់ខ្លួនលើកទី២ កញ្ញា ឈឹម ស៊ីថរ ឡើងនិយាយក្នុងកម្មវិធីមួយ កាលពីខែឧសភា ឆ្នាំ២០២២។ រូបពី CCHR
× សមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ បានឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ មេសហជីពម្នាក់របស់ក្រុមបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ក្នុងព្រលានយន្តហោះភ្នំពេញ នៅម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពេលកញ្ញាវិលមកពីប្រទេសអូស្រ្តាលីវិញ។ សារព័ត៌មានថ្មីៗ ទទួលបានព័ត៌មាននេះ ពីលោក អំ សំអាត មន្រ្តីអង្គការលីកាដូ។
លោក អំ សំអាត បានប្រាប់ថា ពេលឃាត់ខ្លួនភ្លាមៗ កញ្ញា ឈឹម ស៊ីថរ នៅអាចប្រើទូរស័ព្ទបាន ហើយកញ្ញា បានផ្តល់ព័ត៌មានពីការឃាត់ខ្លួនកញ្ញា ដល់លោក រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិលផ្សេងទៀត។ មន្រ្តីអង្គការលីកាដូរូនេះ មិនទាន់ដឹងឡើយថា សមត្ថកិច្ច ឃាត់ខ្លួនកញ្ញា ដោយសារកញ្ញាប្រព្រឹត្តបទល្មើសអ្វី។ លោក បញ្ជាក់ដូច្នេះថា៖«គេ គ្រាន់តែប្រាប់ខ្លីថា ការចាប់កញ្ញា គឺធ្វើតាមដីកាតុលាការ តែយើង មិនទាន់ដឹងថាជាដឹកាអីទេ»។
សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជុំវិញការចាប់កញ្ញា ឈឹម ស៊ីថរ នោះទេ ដោយប្រព័ន្ធទូរស័ព្ទ ប្រាប់ថា លេខទូរស័ព្ទរបស់លោក កំពុងជាប់រវល់ ពេលសារព័ត៌មានថ្មីៗ ហៅទៅពីរ-បីដង។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយចម្ងល់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា កញ្ញា ឈឹម ស៊ីថរ មិនអនុវត្តតាមដីកាសម្រេចរបស់តុលាការ ដែលចេញកាលពីខែមីនា ឆ្នាំ២០២២។ លោក ថ្លែង ដីកានេះ គឺកំណត់ឲ្យកញ្ញា ឈឹម ស៊ីថា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ទោះបីជាកញ្ញា ត្រូវបានអនុញ្ញាតិឲ្យនៅក្រៅឃុំក្តី ហើយកញ្ញា មិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសឡើយ។ អ្នកនាំពាក្យនគរបាលភ្នំពេញរូបនេះ មានប្រសាសន៍ដូច្នេះថា៖«គាត់ [ទៅក្រៅប្រទេស] ធ្វើនេះ គឺល្មើសហ្នឹងដីការបស់តុលាការ»។
លោក បន្តថា នគរបាលនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលអន្តោប្រវេសន៍ ដែលឈរជើងនៅព្រលានយន្តហោះ ក្នុងការឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ។ លោក ផ្តល់ព័ត៌មានថា ក្រោយឃាត់ខ្លួន កញ្ញា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការភ្នំពេញ។
កញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ច ចាប់ខ្លួនម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២២ តែក្រោយមក ត្រូវដោះលែងវិញ។ ដូចការអះអាងរបស់លោក សាន សុខសីហា កញ្ញា ឈឹម ស៊ីថរ ត្រូវតុលាការ ដាក់បម្រាមមិនឲ្យចេញទៅក្រៅប្រទេស ដោយកញ្ញា អាចដើរហើរបានតែក្នុងប្រទេសប៉ុណ្ណោះ ដ្បិតកញ្ញា នៅបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
កញ្ញា ជាមេសហជីពម្នាក់ ដែលដឹកនាំក្រុមបុគ្គលិកណាហ្កាវើលដ៍ ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកបុគ្គលិកមួយចំនួន ដែលត្រូវបានបណ្តេញចេញ ឲ្យចូលបម្រើការងារវិញ។ ពួកគេ តវ៉ាតាំងចុងឆ្នាំ២០២១មកម្ល៉េះ តែរហូតមកដល់ចុងឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមិនយល់ព្រមតាមការទាមទាររបស់ពួកគេ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាជាង៣ពាន់នាក់របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរ ខិតខំដោះស្រាយជម្លោះរវាងកម្មករ ជាមួយរោងចក្រ និងរវាងបុគ្គលិក ជាមួយក្រុមហ៊ុន៕ © រក្សាសិទ្ធិដោយ thmeythmey.com