កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពិធីបិទកីឡាជាតិលើកទី៣៖ មិនអនុញ្ញាតឱ្យមានបទចម្រៀងន័យអសុរស ទោះច្រៀងក្រៅផ្លូវការ
26, Nov 2022 , 6:30 pm        
រូបភាព
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងាររៀបចំពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងាររៀបចំពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
ដោយ:
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នឹងមិនអនុញ្ញាតឱ្យមានបទចម្រៀងមានន័យអសុរស ទោះច្រៀងក្រៅផ្លូវការក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC ដោយបន្ថែមថា នឹងមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកចំពោះបទចម្រៀងដែលតារាចម្រៀងត្រូវច្រៀង ក្នុងថ្ងៃពិធីការបិទព្រឹត្តិការណ៍កីឡាជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិមរតកតេជោ។



គណៈកម្មការរៀបចំបានជួបប្រជុំពិភាក្សាគ្នានៅថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីមានមហាជនជាច្រើនរិះគន់ទាក់ទិនទៅនឹងបទចម្រៀងពីរបទដែលច្រៀងដោយតារាចម្រៀង លោក ងួន ចាន់ដេវីត ក្រៅផ្លូវការនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងថ្ងៃបើកកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ មានពាក្យពេចន៍«អសុរស»មួយចំនួន។ 
 
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ពិធីបើកកីឡាជាតិលើក៣ ផ្លូវការគណៈកម្មការរៀបចំ គ្រប់គ្រងបានល្អ ប៉ុន្តែមានការអនុញ្ញាតឱ្យតារាចម្រៀងមួយចំនួនច្រៀងលេងកម្សាន្តជាមួយមហាជនអ្នកគាំទ្រនៅពិធីក្រៅផ្លូវការប៉ុណ្ណោះ។
 
អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC សង្កត់ធ្ងន់ថា៖«ពិធីបើករបស់យើងផ្លូវការរយើងបានគ្រប់គ្រងល្អណាស់ ទាំងពាក្យពេចន៍ក្នុងបទចម្រៀងមួយម៉ាត់ៗ ប៉ុន្តែដោយសារមានប្រតិកម្មពីមហាជន នៅក្នុងពិធីបិទកីឡាជាតិលើកទី៣ យើងមិនអនុញ្ញាតឱ្យមានបទច្រៀងអសុរសច្រៀងទៀតឡើយ ទោះក្រៅផ្លូវការ»។ 
 
ដោយឡែក សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានសម្តេចហ៊ុន សែន ដដែល គណៈកម្មការរៀបចំ បានអញ្ជើញតារាចម្រៀងល្បីៗនៅកម្ពុជាជាច្រើនរូបបន្ថែមទៀតចូលរួមផងដែរ។ 
 
តារាចម្រៀង លោកងួន ចាន់ដាវីត នឹងជើ្រសរើសបទចម្រៀង វីរនារី។ តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ក៏មានវត្តមានផងដែរ ដោយយកបទ Time To Rise មកសម្តែងក្នុងកម្មវិធីបិទ និងអ្នកស្រី ឱក សុគន្ធកញ្ញា ដែលនឹងយកបទរស់ជាខ្លួនឯង-Be Yourself មកបង្ហាញផងដែរ រួមជាមួយក្រុមសម្តែង ផ្សេងៗទៀត។។
 
កាលពីពិធីបើកកីឡាជាតិលើកទី៣  និងកីឡាជាតិជនពិការលើកទី១ មានអ្នកចូលរួមជិត៦ម៉ឺននាក់ ជាមួយនឹងកម្មវិធីដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់ព្រឹត្តិការណ៍កីឡាកម្ពុជា៕
 

Tag:
 (កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com