FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អូស្ត្រាលីបន្តក្តីសង្ឃឹមក្រោយឈ្នះទុយនីស៊ី និងជាសការឈ្នះវគ្គចែកពូលលើកដំបូងតាំងពីឆ្នាំ ២០១០
26, Nov 2022 , 6:58 pm        
រូបភាព
រូបភាព៖ Socceroos
រូបភាព៖ Socceroos
ក្រុមបាល់ទាត់កង់ហ្គូរូជម្រើសជាតិអូស្ត្រាលីបន្តក្តីសង្ឃឹមខ្លួនក្នុងការប្រកួតប្រជែងដណ្តើមកៅអីទៅវគ្គ ១៦ក្រុមបន្ត ក្រោយពួកគេបានយកឈ្នះលើទុយនីស៊ីក្នុងលទ្ធផល ១-០ នៃការប្រកួតជុំទីពីរវគ្គចែកពូលថ្ងៃទី ២៦ខែវិច្ឆិកា នាកីឡដ្ឋាន Al Janoub ប្រទេសកាតា។

 
ការប្រកួតប្រជែងដណ្តើម ៣ពិន្ទុដ៏ស្វីតស្វាយរវាងទុយនីស៊ីនិងអូស្ត្រាលីបានចាប់ផ្តើមការប្រកួតសម្រាប់ជំនួបពូល D ដោយអូស្ត្រាលីផ្ទាល់ជាក្រុមដែលវាយសម្រុកខ្លាំងលើគូប្រកួតនៅដើមវគ្គនេះ។ កីឡាករមកពីក្រុមសងខាងបានបង្ហាញសមត្ថភាពរៀងៗខ្លួនលើទីលានដើម្បីជួយក្រុមក្នុងការស្វែករកគ្រាប់បាល់ អំឡុងជាការប្រកួតទីពីរដ៏សំខាន់មិនអាចបណ្តែតបណ្តោយឱ្យឱកាសរសាត់ទៅឆ្ងាយបានដើម្បីប្រជែងកៅអីទៅកាន់វគ្គបន្ទាប់។
 
អូស្ត្រាលីបានបើកការនាំមុខមុនលើទុយនីស៊ីត្រឹមនាទី ២៣ ដោយការតែតបាល់បញ្ជូលទីយ៉ាងល្អបំប៉ោងសំណាញ់ទីពីសំណាក់ខ្សែបម្រើ Mitchell Duke។ ក្រោយនាំមុខលើទុយនីស៊ី អូស្ត្រាលីបានបន្តដាក់គំនាបលើទុយនីស៊ីតែយ៉ាងណាក្រុមមកពីទ្វីបអាហ្រ្វិកក៏អាចកែប្រែស្ថានកាលមកវិញ ដោយពួកគេក៏អាចមានឱកាសស៊ុតនៅតំបន់ប្រអប់ទីរបស់អូស្ត្រាលីមួយលើកជាពីរលើកដែរ។ ការប្រកួតអូសបន្លាយដល់ចប់វគ្គទីមួយក្នុងលទ្ធផល ១-០។ 
 
ជំនួបដ៏តានតឹងនេះបានចាប់ផ្តើមការប្រកួតនៅវគ្គទីពីរ មិនមែនអូស្រ្តាលីទៀតឡើយដែលបន្តដាក់សម្ពាធលើគូប្រកួត តែផ្ទុយទៅវិញទុយនីស៊ីបានរៀបចំយុទ្ធសាស្ត្រលក្នុងការវាយសម្រុកលើអូស្ត្រាលីដើម្បីស្វែករកគ្រាប់បាល់តាមស្មើ។ គំនាប ការសម្រុកក្នុងប្រអប់ទីពីសំណាក់កីឡាករទុយនីស៊ីជារឿយៗបានបង្កគ្រោះថ្នាក់ដល់អូស្ត្រាលី តែរនាំងដ៏រឹងមាំនៃខ្សែការពារក៏ដូចជាអ្នកចាំទីបានជួយសង្គ្រោះគ្រាប់បាល់ទាំងនោះ មិនឱ្យទុយនីស៊ីមានឱកាសតាមស្មើ ១មកវិញបានឡើយ។ បញ្ចប់ការប្រកួតអូស្ត្រាលីអាចទប់ស្កាត់ការសម្រុកខ្លាំងពីទុយនីស៊ី និងរក្សាលទ្ធផល ១-០ ឱ្យនៅដដែល។
 
លទ្ធផល ១-០ ជួយពាំនាំជ័យជម្នះលើកដំបូងសម្រាប់អូស្ត្រាលីក្នុងការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក៏ដូចជាជ័យជម្នះក្នុងវគ្គចែកពូលលើកដំបូងដែរតាំងពីឆ្នាំ ២០១០ ដែលអូស្ត្រាលីបង្ហាញខ្លួននៅ World Cup។ ៣ពិន្ទុដ៏សំខាន់បានជួយឱ្យអូស្ត្រាលីបន្តក្តីសង្ឃឹមខ្លួនប្រជែងទៅវគ្គបន្ត ខណៈពួកគេនឹងត្រូវជួបដាណឺម៉ាកជំនួបចុងក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com