ជាតិ
សង្គមជាតិ
ស.ស.យ.ក យកលោក ហ៊ុន ម៉ាណែត ធ្វើជាប្រធានកិត្តិយស
26, Nov 2022 , 10:20 pm        
រូបភាព
កូនប្រុសទាំង៣របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លោក ហ៊ុន ម៉ានិត កូនប្រុសទី២ (ឆ្វេងដៃគេ) លោក ហ៊ុន ម៉ាណែត កូនប្រុសទី១ (កណ្តាល) និងលោក ហ៊ុន ម៉ានី កូនប្រុសពៅ ថតសេលហ្វីជាមួយគ្នាក្នុងកម្មវិធីមួយនាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី
កូនប្រុសទាំង៣របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លោក ហ៊ុន ម៉ានិត កូនប្រុសទី២ (ឆ្វេងដៃគេ) លោក ហ៊ុន ម៉ាណែត កូនប្រុសទី១ (កណ្តាល) និងលោក ហ៊ុន ម៉ានី កូនប្រុសពៅ ថតសេលហ្វីជាមួយគ្នាក្នុងកម្មវិធីមួយនាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី
លោក ហ៊ុន ម៉ាណែត បងប្រុសទី១របស់លោក ហ៊ុន ម៉ានី បានក្លាយជាប្រធានកិត្តិយសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមរយៈការបោះឆ្នោតគាំទ្រ ពីសមាជិក-សមាជិកគណៈកម្មាធិការកណ្តាលនៃស.ស.យ.ក ក្នុងមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើតាមព័ត៌មាន ដែលផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស.ស.យ.ក។



ក្រៅពីនេះ គណៈកម្មាធិការកណ្តាលនៃស.ស.យ.ក. បានបោះឆ្នោតជ្រើសតាំងអនុប្រធានម្នាក់ទៀតរបស់ស.ស.យ.ក គឺលោក ទៀ សីហា ដែលជាអភិបាលខេត្តសៀមរាប។ សមាជិកថ្មី៩នាក់ក្នុងគណៈអចិន្រ្តៃយ៍ និងសមាជិកថ្មីជាង២០០នាក់ក្នុងគណៈកម្មាធិការកណ្តាលនៃស.ស.យ.ក ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងបន្ថែមដែរ។

ស.ស.យ.ក ធ្វើមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ស.យ.ក មានលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្ត ជាប្រធាន។ មុនបន្ថែមលោក ទៀ សីហា ស.ស.យ.ក មានអនុប្រធាន៦នាក់ គឺលោក សាយ សំអាល់ លោក គឹម រិទ្ធី លោក ឌី វិជ្ជា លោក សុះ មុះសិន លោក ស សុខា និងអ្នកស្រី ដាំ ដារិនី។


មហាសន្និបាតវិសាមញ្ញរបស់ស.ស.យ.ក ក្នុងថ្ងៃទី១ (រូបពីទំព័រហ្វេសប៊ុករបស់ស.ស.យ.ក)

បងប្រុសទី១របស់លោក ហ៊ុន ម៉ានី គឺលោក ហ៊ុន ម៉ាណែត ដែលទើបនឹងជាប់ឆ្នោតជាប្រធានកិត្តិយសស.ស.យ.ក ត្រូវគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។ ក្នុងក្របខ័ណ្ឌរដ្ឋ លោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោក ហ៊ុន ម៉ាណែត ជាសមាជិកម្នាក់នៃគណៈកម្មាធិការចិន្រ្តៃយ៍ ដែលជាអង្គការចាត់តាំងកំពូលរបស់គណបក្សប្រជាជនកម្ពុជា ហើយលោក ថែមទាំងជាប្រធានយុវជនថ្នាក់កណ្តាលរបស់គណបក្សកាន់អំណាចមួយនេះផងដែរ។ ប្រធានយុវជនថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុតក្នុងការដឹកនាំយុវជនរបស់គណបក្សប្រជាជនកម្ពុជា៕

Tag:
 សសយក
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com