ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន ធ្វើខួបកំណើត២៧ឆ្នាំ
27, Nov 2022 , 10:50 am        
រូបភាព
រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន មានអាយុកាល២៧ឆ្នាំហើយ។ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀន បានរៀបចំប្រារព្ធពិធីរម្លឹកខួប២៧ឆ្នាំនៃការបង្កើតគណបក្សនេះ។

 
យោងតាមសេចក្តីប្រកាសព័ត៌មាន ពិធីរម្លឹកខួប២៧ឆ្នាំនៃការបង្កើតគណបក្សភ្លើងទៀន ត្រូវបានរៀបចំឡើងផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គណបក្សភ្លើងទៀន ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ តែថ្នាក់ដឹកនាំ ពុំបានធ្វើពិធីរម្លឹកខួបចំថ្ងៃទី៩វិច្ឆិកានោះទេ ដោយទើបនឹងរៀបចំនៅថ្ងៃ២៧វិច្ឆិកានេះ។ 
 
គណបក្សភ្លើងទៀន ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី មានឈ្មោះដើមថា គណបក្សជាតិខ្មែរ ហើយក្រោមមក គណបក្សនេះ ត្រូវប្តូរឈ្មោះ មកជាឈ្មោះរបស់លោកតែម្តង គឺគណបក្ស សម រង្ស៊ី។ រហូតមកដល់អំឡុងឆ្នាំ២០១៧ គណបក្ស សម រង្ស៊ី ត្រូវឆ្លងកាត់ការប្តូរឈ្មោះម្តងទៀត ដោយប្តូរមកជាគណបក្សភ្លើងទៀន ដូចសព្វថ្ងៃនេះ ទៅតាមការតម្រូវរបស់ច្បាប់ស្តីពីគណបក្សនយោបាយ។ 
 
បច្ចុប្បន្ន គណបក្សភ្លើងទៀន ត្រូវគេមើលឃើញថា ជាគណបក្ស ដែលហាក់មានភាពលេចធ្លោជាងគេ ក្នុងចំណោមគណបក្សជំទាស់ ដោយមានការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ជាភស្តុតាង។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ គណបក្សភ្លើងទៀន ទទួលបានអាសនៈ ច្រើនជាងគេ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយគណបក្សភ្លើងទៀន ទទួលបានជាង២អាសនៈ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបានជាង៩ពាន់អាសនៈ។ 
 
ថ្នាក់ដឹកនាំសំខាន់ៗនៃគណបក្សភ្លើងទៀន មានជាអាទិ៍ លោក ទាវ វណ្ណុល ជាប្រធាន លោក សុន ឆ័យ ជាអនុប្រធាន លោក ថាច់ សេដ្ឋា ជាអនុប្រធាន និងលោក គង់ គាំ ជាឧត្តមទីប្រឹក្សា៕ 
 

Tag:
 ខួបគណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com