ជាតិ
សង្គមជាតិ
អតីតបុគ្គិលកណាហ្កាវើលដ៍២៤៩រូបហើយ យល់ព្រមទទួលយកការទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារ
27, Nov 2022 , 1:00 pm        
រូបភាព
សកម្មភាពតំណាងបុគ្គលិក និយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ប្រមាណ៧០០នាក់បន្តធ្វើកូដកម្មដោយសន្តិវិធីទាមទារឱ្យមានការដោះលែងតំណាងសហជីពទាំង៨នាក់ និងដំណោះស្រាយវិវាទការងាររបស់ពួកគេតាមការទាមទារ កាលពីខែមករា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សកម្មភាពតំណាងបុគ្គលិក និយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ប្រមាណ៧០០នាក់បន្តធ្វើកូដកម្មដោយសន្តិវិធីទាមទារឱ្យមានការដោះលែងតំណាងសហជីពទាំង៨នាក់ និងដំណោះស្រាយវិវាទការងាររបស់ពួកគេតាមការទាមទារ កាលពីខែមករា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ចំនួន២៤៩រូបហើយ​ ដែលយល់ព្រមទូទាត់ប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន។ នៅសល់អតីតបុគ្គលិកចំនួន ១២៤នាក់ទៀត ដែលមិនទាន់យល់ព្រមទទួលយកការទូទាត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។


 
វិវាទរវាងបុគ្គលិក​ ជាមួយក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ដែលកើតចេញពីការបញ្ឈប់បុគ្គលិកមួយចំនួនពីការងារ បានអូសបន្លាយជិត១ឆ្នាំហើយ ពោលគឺតាំងពីចុងឆ្នាំ២០២១មក។ ក្រុមបុគ្គលិក នាំគ្នាធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុន ទទួលយកបុគ្គលិកទាំងនោះ បានចូលបម្រើការងារវិញ។  
 
ជុំវិញករណីនេះ មន្ត្រីជំនាញរបស់ក្រសួងការងារ បានផ្ទៀងផ្ទាត់ ការទូទាត់ដំណាច់បញ្ចប់កិច្ចសន្យាជាមួយតំណាងក្រុមហ៊ុន និងពិនិត្យឃើញថា ការទូទាត់ គឺត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។ ជាមួយគ្នានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ត្រៀមខ្លួនដើម្បីជួយសម្របសម្រួលក្នុងការស្វែងរកឱកាសការងារថ្មី សម្រាប់អតីតបុគ្គលិកផងដែរ។ 
 
ពាក់ព័ន្ធនឹងវិវាទខាងលើនេះ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មេសហជីពម្នាក់ របស់ក្រុមហ៊ុន កាស៊ីណូណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ ឃាត់ខ្លួន នៅព្រលានយន្តហោះភ្នំពេញ ពេលកញ្ញាត្រឡប់ពីប្រទេសអូស្ត្រាលីវិញ។ មេសហជីពរូបនេះ ត្រូវបានសមត្ថកិច្ច ធ្លាប់ចាប់ខ្លួនម្ដងរួចមកហើយ កាលពីអំឡុងខែមករា ឆ្នាំ២០២២ តែត្រូវបានដោះលែងវិញ។ 
 
ដោយឡែក ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាជាង៣ពាន់នាក់ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ ខិតខំដោះស្រាយជម្លោះរវាងកម្មករ ជាមួយរោងចក្រ និងរវាងបុគ្គលិក ជាមួយក្រុមហ៊ុនផងដែរ៕
relate 121517
 

Tag:
 ThmeyThmey
  វិវាទបុគ្គលិកណាហ្គាវើល
  ក្រសួងការងារ
© រក្សាសិទ្ធិដោយ thmeythmey.com