ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
«ភ្លយ» ឧបករណ៍តន្ត្រីដ៏​កម្ររបស់ជនជាតិដើមភាគតិចជង នៅ​តំបន់អារ៉ែង
27, Nov 2022 , 2:40 pm        
រូបភាព
ឧបករណ៍ភ្លេង «ភ្លយ» របស់ជនជាតិដើមភាគតិច «ជង» នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។
ឧបករណ៍ភ្លេង «ភ្លយ» របស់ជនជាតិដើមភាគតិច «ជង» នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។
ភ្នំពេញ៖ «ភ្លយ»​​ ជាឧបករណ៍ភ្លេងរបស់ជនជាតិដើម​ភាគតិច​ «ជង» ស្ថិតនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង។ ឧបករណ៍ភ្លេងនេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវខ្មែរថា ជាឧបករណ៍កម្រ និងស្ទើរតែបាត់វត្តមាន។ ឧបករណ៍ភ្លេង «ភ្លយ» ជាឧបករណ៍ភ្លេងផ្លុំ ដើម្បីបង្កើតជាសំឡេង ហើយវាត្រូវបានគេធ្វើឡើងពី ផ្លែឃ្លោកសាយដៀវ, បំពង់ឫស្សី, បិទដោយជ័រម្រោម លាយក្រមួនឃ្មុំ និង ចងដោយវល្លិផ្ដៅ។



លោក ជិន នឿន ប្រធានផ្នែកសេវាកម្មទទួលភ្ញៀវ នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ប្រាប់សារព័ត៌មាន ThmeyThmey25 ថា ឧបករណ៍«ភ្លយ»នេះ​ ត្រូវបានអ្នកភូមិយកផ្លុំក្នុងពិធី ឡើងព្រៃដំរី, សែនអ្នកតា និងសែនក្រុងពាលីជាដើម។ បើតាមសម្ដីលោក ជិន នឿន បច្ចុប្បន្ននៅភូមិជំនាប់ ឃុំជំនាប់ ក្នុងសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង គឺមានតែពលរដ្ឋ២នាក់ប៉ុណ្ណោះ ដែលចេះ​ធ្វើឧបករណ៍ប្រភេទនេះ។
  

លោក ជិន នឿន ប្រធានផ្នែកសេវាកម្មទទួលភ្ញៀវ នៅសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង កំពុងកាន់ឧបករណ៍ភ្លេង «ផ្លយ» នាវេទិកាជាតិ អេកូទេសចរណ៍ លើកទី៣ រាជធានីភ្នំពេញ។ 

លោកអះអាងបន្ថែមដូច្នេះ៖ «សព្វថ្ងៃមានតែ២នាក់ទេ ដែលចេះធ្វើ គឺតា​មានអាយុខ្ទង់ចន្លោះ៦០ ឬ៧០ គាត់ធ្វើលែងចង់កើតហើយ គឺនៅសល់កូនសិស្សគាត់មួយអាយុខ្ទង់ជា៣០ជាង។ ឯអ្នកចេះលេងឧបករណ៍ប្រភេទនេះមានតែ៣ ឬ៤នាក់ទេ»។ លោកបន្ថែមថា សម្រាប់លោកជាអ្នកបន្តវេន ពិតជាបារម្ភពីការបាត់បង់នៃឧបករណ៍ភ្លេងប្រភេទនេះ ខណៈអ្នកដែលមានជំនាញផលិត និងចេះផ្លុំមានតិចតួច៕
 

«ភ្លយ» ឧបករណ៍ភ្លេងផ្លុំ របស់ជនជាតិដើមភាគតិច​«ជង»។ 


Tag:
 ThmeyThmey25
  ភ្លយ
  ជនជាតិជង
  កោះកុង
  អារ៉ែង
© រក្សាសិទ្ធិដោយ thmeythmey.com