ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរឃុំអណ្ដូងទឹក មិនរើសអើងក្នុងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋឡើយ
27, Nov 2022 , 4:00 pm        
រូបភាព
ដោយ៖ វុធ អ៊ីត(យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបទុមសាគរ, កោះកុង៖ អាជ្ញាធរឃុំអណ្ដូងទឹក តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានទៅទទួលសេវាសាធារណៈនៅក្នុងឃុំ ដោយមិនមានការរើសអើងអ្វីទៅលើបុគ្គលណាម្នាក់ឡើយ។ ទាំងប្រជាជនទូទៅ និងជនមានពិការភាពក្ដី ដោយអ្នកពិការភាពត្រូវផ្ដល់អទិភាពមុនគេ។
 
លោក ឃៀង យិង បានរៀបរាប់ថា នៅក្នុងឃុំអណ្តូងទឹកមានចំនួន ៧ភូមិ គឺភូមិអណ្ដូងទឹក, ភូមិជីមាល ភូមិជីត្រេះ ភូមិប្រៃ ភូមិតាអុក ភូមិតាមាឃ និងភូមិប្រទាល ដែលមានប្រជាពលរដ្ឋរស់នៅសរុបមាន ១ ៥១៣គ្រួសារ ដែលស្មើនឹង ៦ ៧២១នាក់។ ពលរដ្ឋបានទៅទទួលសេវាភាគច្រើនគឺ បញ្ជាក់ភាពនៅលីវ, ធ្វើសំបុត្រកំណើត, សំបុត្រទទួលមរណភាព, បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងបញ្ជាក់ឯកសារកម្ចីធនាគារជាដើម។


លោក ឃៀង យិង មេឃុំអណ្ដូងទឹក

មេឃុំរូបនេះបន្តថា សម្រាប់ថ្លៃកម្រៃសេវា នៅក្នុងឃុំបានកំណត់រួចនៅលើជញ្ជាំងរួចហើយ ប៉ុន្តែសម្រាប់ជនមានពិការភាព ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ខាងអាជ្ញាធរឃុំ មិនគិតលុយពីពួកគេនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរលើកទឹកចិត្តពួកគេ ទៅទទួលសេវានៅក្នុងឃុំឱ្យបានច្រើន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយឃុំ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
លោក ឃៀង យិង បញ្ជាក់ថា ៖«ខ្ញុំយកចិត្តទុកដាក់ដូចគ្នាទាំងអស់ មិនថាពលរដ្ឋទូទៅ ឬអ្នកពិការភាព ពួកយើងមិនរើសអើង ប្រកាន់វណ្ណៈ ពណ៌សម្បុរពូជសាសន៍អ្វីឡើយ។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកពិការភាព មកទទួលសេវានៅឃុំ និងផ្ដល់អាទិភាពឱ្យពួកគាត់មុនគេ មិនឱ្យចាំយូនោះទេ»។ 
 
យ៉ាងណាមិញលោកមេឃុំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យមានការអធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលទៅទទួលសេវាស្របពេលមានមនុស្សច្រើន ហើយធ្វើឱ្យនៅរង់ចាំយូរ និងមកទទួលសេវាឱ្យត្រូវម៉ោងធ្វើការ របស់ក្រុមការងារឃុំ។
 
អ្នកស្រី ឈិន ធី ពលរដ្ឋនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានលើកឡើងថា អ្នកស្រីទៅធ្វើសំបុត្រកំណើតឱ្យកូន នៅឃុំអណ្ដូងទឹក ឃើញថា អាជ្ញាធរឃុំបានយកចិត្តទុកដាក់ និងសួរនាំអ្នកស្រី ទៅទទួលសេវាអ្វី ដើម្បីឱ្យក្រុមការងារឃុំ ជួយធ្វើឯកសារឱ្យបានទាន់ពេលវេលា។ អ្នកស្រី ឈិន ធី បញ្ជាក់ថា៖ «ខ្ញុំទៅធ្វើសំបុត្រកំណើតកូនហ្នឹង អត់ចាំយូទេ។ ពេលខ្ញុំទៅធ្វើគេអត់ទារ ឬយកលុយផង តែខ្ញុំឱ្យថ្លៃទឹកតែពួកគាត់តិចតួច»។ 
អ្នកស្រីបន្តថា ចំពោះការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរឃុំអណ្ដូងទឹក មិនមានភាពយឺតយ៉ាវនោះទេ ពួកគាត់រួសរាយរាក់ទាក់ ស្វាគមន៍ប្រជាពលរដ្ឋទាំងអស់ ដែលទៅរកសេវា​​៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ផ្ដល់សេវាសាធារណៈ
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com