ដោយ៖ ឈិន យួន (យុវជនឃុំអណ្ដូងទឹក)
ស្រុកបូទុមសាគរ, កោះកុង៖ កត្តាជីវភាព និងផ្ទះឆ្ងាយពីសាលារៀន បានបង្ខំឱ្យយុជនចំនួន ១៧នាក់ នៃវិទ្យាល័យបូទុមសាគរ សម្រេចចិត្តបោះបង់ចោលការសិក្សា។ ក្នុងចំណោមសិស្សទាំងនោះ ភាគច្រើនជាសិស្សស្រី ដោយអ្នកខ្លះ ត្រូវបានឪពុកម្ដាយបង្ខំឱ្យរៀបការ ឬធ្វើការងារ ឯអ្នកខ្លះទៀតខ្វះខាតមធ្យោបាយ ក្នុងការធ្វើដំណើរ។
ពាក់ព័ន្ធបញ្ហានេះ គណៈគ្រប់គ្រងវិទ្យាល័យបូទុមសាគរ បានបង្ហាញការសោកស្ដាយខ្លាំង នៅពេលឃើញសិស្សក្រីក្រ ដែលមកពីតំបន់ដាច់ស្រយាល គ្មានឱកាសទទួលបានចំណេះដឹង និងការអប់រំ តាមអ្វីដែលពួកគេចង់បាន។ បើតាមលោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ កន្លងមកសាលាក៏បានស្វះស្វែងរកអាហារូបករណ៍ និងពន្យល់ដល់អាណាព្យាបាល និងសិស្ស សូមកុំឱ្យបោះបង់ការសិក្សាដែរ។
លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ
លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ គ្រឹះស្ថានសិក្សារបស់លោក មានសិស្សមិនតិចជាង ១០នាក់នោះទេ ដែលបានបោះបង់ការសិក្សា ភាគច្រើនបណ្ដាលមកពីកត្តាខ្លួនឯង និងគ្រួសារ។ ជាក់ស្ដែងនៅឆ្នាំ២០២២នេះ មានសិស្សចំនួន ១៧នាក់ បានសម្រេចចិត្តបញ្ចប់ការសិក្សារបស់ខ្លួន ក្នុងនោះស្រ្តី១២នាក់។
លោក បន្តថា អត្រាសិស្សបោះបង់ការសិក្សានៅពេលនេះ បានក្លាយជាបញ្ហាចោទមួយរបស់សាលា។ សិស្សខ្លះឈប់រៀនដោយសារផ្ទះឆ្ងាយ ហើយគ្មានមធ្យោបាយធ្វើដំណើរមកសាលា។ ឯខ្លះទៀត ត្រូវឪពុកម្ដាយបង្ខំឱ្យទៅធ្វើការងាររោងចក្រ ឬនេសាទ និងមួយចំនួនទៀត ឈប់រៀនដោយបញ្ហាផ្ទាល់ខ្លួន។
សិស្សដែលបោះបង់ការសិក្សាច្រើនជាងគេ គឺថ្នាក់ទី៧ ១១ និង១២។ លោក អឿ សុទ្ធី ប្រាប់ដូច្នេះថា៖« អ្នកបោះបង់ការសិក្សានេះ ភាគច្រើនបណ្ដាលមកពីកត្តាជីវភាព។ អ្នកខ្លះទៀត នៅពេលដែលជីវភាពគាត់ពិបាក់ពេកទៅ ក៏សម្រេចចិត្តឈប់ ហើយថ្នាក់ធំៗ អាចឈប់រៀនដោយសារឳពុកម្ដាយបង្ខំឱ្យធ្វើរោងចក្រ ខ្លះទៅក៏ទៅក្ដាម ឬបង្គាអ៊ីចឹងទៅ។ ចំណែកថ្នាក់ទី១១ និង១២ បើបោះបង់ ដោយសាររៀបការ»។
លោក អឿ សុទ្ធី បញ្ជាក់ថា អត្រាបោះបង់ការសិក្សា នៅក្នុងគ្រឹះស្ថានរបស់លោក ពិបាកនឹងកាត់បន្ថយណាស់ ប៉ុន្តែជាវិធានការ សាលាចុះទៅប្រមូលព័ត៌មាន និងពន្យល់ពីសារៈសំខាន់នៃការសិក្សាទៅកាន់សិស្ស និងអាណាព្យាបាល ធ្វើយ៉ាងឱ្យពួកគេបានបញ្ចប់ការសិក្សាត្រឹមកម្រិតទុតិយភូមិ។ ក្រៅពីនេះ សាលា ក៏បានស្វះស្វែងរកអាហារូបករណ៍ ដើម្បីលើកទឹកចិត្តសិស្សឱ្យត្រឡប់មករៀនសូត្រវិញផងដែរ។
លោក ប្រាប់ដូច្នេះថា៖«យើងខំបញ្ចុះបញ្ចូល ឱ្យពួកគាត់រៀនបានយ៉ាងហោច ត្រឹមទុតិយភូមិដែរ។ ប៉ុន្តែអ្នកខ្លះក៏ស្ដាប់ អ្នកក៏អត់ អ៊ីចឹងបញ្ហាលំបាកគឺមកពីកត្តាជីវភាព។ តែជីវភាពពិបាកហើយ ទោះយើងទាញប៉ុនណា ក៏គាត់មិនមកដែរ ព្រោះអ្នកខ្លះ មានទាំងអាហារូបករណ៍ឱ្យហើយ ក៏គាត់នៅបោះបង់ចោលទៀត»។
បើតាម លោក អឿ សុទ្ធី ក្នុងចំណោមសិស្សសរុប ៤៨៣នាក់ មានសិស្សខ្លះ មកពីតំបន់ដាច់ស្រយាលដូចជា ភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូមុមសាគរ ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ និងឃុំជីផាត ស្រុកថ្មបាំង មានចម្ងាយជាង៣០គីឡូម៉ែត្រ ពីវិទ្យាល័យបូទុមសាគរ។ ស្របពេល រដូវវស្សា បានបង្កការលំបាកយ៉ាងខ្លាំងដល់ពួកគេ ក្នុងការធ្វើដំណើរមកសាលារៀន ដោយសារផ្លូវខូច ឬដាច់ ខណៈសិស្សខ្លះ ត្រូវស្នាក់នៅវត្ត ឬបន្ទប់ជួល និងខ្លះទៀត ត្រូវធ្វើដំណើរដោយជិះទូកចម្លងមករៀន។
យ៉ាងណា នាយកវិទ្យាល័យរូបនេះ ស្វាគមន៍ជានិច្ច រាល់សិស្សដែលបានបោះបង់ការសិក្សា ហើយសុំដាក់ពាក្យចូលរៀនវិញ។ ជាមួយគ្នានេះ លោក សំណូមពរឱ្យអាណាព្យាបាល ចូលរួមបញ្ជូនកូនមកទទួលសេវាអប់រំឡើងវិញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)