ជាតិ
សង្គមជាតិ
អង្គការមូលនិធិទំពាំងស្នងឫស្សី ប្រកាសអនុវត្តកម្មវិធីគ្រប់គ្រងសំរាមនៅតំបន់ចុងឃ្នៀស
27, Nov 2022 , 10:20 pm        
រូបភាព
ការប្រមូលសំរាមដែលអណ្ដែតទឹកក្នុងសហគមន៍ចុងឃ្នៀស។ រូបភាព៖ NG02
ការប្រមូលសំរាមដែលអណ្ដែតទឹកក្នុងសហគមន៍ចុងឃ្នៀស។ រូបភាព៖ NG02
សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) ដោយមានកិច្ចសហការជាមួយអាជ្ញាធរ បានប្រកាសអនុវត្តកម្មវិធីគ្រប់គ្រង និងប្រមូលសំរាមប្លាស្ទិក នៅសហគមន៍ចុងឃ្នៀស បឹងទន្លេសាប។

 
ក្នុងបេសកកម្មដើម្បីសហគមន៍បឹងទន្លេសាបគ្មានប្លាស្ទិក និងសង្រ្គោះប្រព័ន្ធជីវៈចម្រុះ បឹងទន្លេសាប អង្គការ NGO2 និងអង្គការដៃគូឈ្មោះថា Ocean Recovery Alliance សហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានប្រកាសចាប់ផ្តើមគម្រោងកម្មវិធីគ្រប់គ្រងសំរាម និងប្រមូលយកតែ ប្លាស្ទិក (Waste Management and Harvest Plastice Program) ដោយបំផុសសហគមន៍ ចុងឃ្នៀស ពិសេសអ្នករស់នៅលើផ្ទះបណ្ដែតទឹក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
 
លោក ស៊ា សុផល ប្រធានអង្គការ NGO2 លើកឡើងថា កម្មវិធីខាងលើនេះធ្វើលើគ្រួសារជិត ៧០០ ដោយមានការប្រើទូក និងឧបករណ៍ដូសយកតែសំរាមប្លាស្ទិកដែលអណ្ដែត។ លោកបន្ថែម ថា កម្មវិធីនេះធ្វើឡើងស្របជាមួយទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើងស្អាត និងបៃតង»។
 
ក្នុងកម្មវិធីសម្អាតបរិស្ថានដែលរៀបចំនៅសហគមន៍ចុងឃ្នៀស នាព្រឹកថ្ងៃទី២៦ វិច្ឆិកា លោក ស៊ា សុផល រៀបរាប់ថា សកម្មភាពខាងលើបែងចែកជាពីរក្រុម ដោយមួយក្រុម សម្រាប់ស្រង់សំរាមចេញពីទឹក និងមួយក្រុមទៀតជាយុវជនស្ម័គ្រចិត្តចុះអប់រំតាមខ្នងផ្ទះ ឱ្យពួកគាត់ដូរទម្លាប់ថ្មីឈប់បោះចោលសំរាមទៅក្នុងទឹក។ នេះជាកម្មវិធីប្រចាំឆ្នាំ ដែលអង្គការធ្វើ ការលើបរិស្ថានរបស់លោក ស៊ា សុផល ប្រកាសអនុវត្តន៍គម្រោងរយៈពេល៣ឆ្នាំ។
 
ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ សារី បានឱ្យដឹងថា ការគ្រប់គ្រងសំរាមក្នុងសហគមន៍រស់នៅលើ ទឹកមានការលំបាកបន្ដិច ដែលពលរដ្ឋភាគច្រើនទម្លាប់ចោលសំរាមក្នុងទឹកដែលបង្កឱ្យប៉ះពាល់ ដល់ធនធានជីវៈចម្រុះក្នុងទឹក ក៏ដូចជាសុខភាពរបស់ពលរដ្ឋដែរ។ យ៉ាងណា ទាំងកម្មវិធីសម្អាត នាន ក៏ដូចជាកម្មវិធីគ្រប់គ្រងសំរាម និងប្រមូលសំរាមដែលរៀបចំនៅពេលនេះ លោកចៅសង្កាត់ យល់ថា វានឹងបន្តជំរុញទឹកចិត្ត និងស្មារតីដល់សហគមន៍ឱ្យយល់ដឹងពីបញ្ហាខាងលើ បានមួយកម្រិតទៀត ដើម្បីឱ្យសហគមន៍មានបរិស្ថានស្អាត។
 
ចូលរួមក្នុងពិធីខាងលើដែរ អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានលើកឡើង ពីសារប្រយោជន៍សំខាន់ៗនៃប្រព័ន្ធជីវៈចម្រុះ និងសក្កានុពលដែលមានក្នុងបឹងទន្លេសាប។ ក្រៅពីអង្គរវត្ត បឹងទន្លសាបបានទាក់ទាញទេសចរចូលទស្សនាជាច្រើន ហើយប្រសិនបើ សហគមន៍កាន់តែស្អាត នោះចំណូលដែលហូរតាមវិស័យទេសចរដល់សហគមន៍ ក៏កើនឡើងដែរ។​ នេះជាសាររបស់លោក ពិន ប្រាកដ ទៅកាន់អ្នកចូលរួមកម្មវិធីសម្អាត បរិស្ថាននៅសហគមន៍ចុងឃ្នៀស៕

Tag:
 សំរាម
  ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com