FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុកយកឈ្នះបែលហ្សិក ២-០ និងជាការឈ្នះលើកទីពីរក្នុងរយៈពេល ១៤ឆ្នាំ
27, Nov 2022 , 10:02 pm        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ម៉ារ៉ុកបំបាក់បែលហ្ស៊ិកដណ្តើមបាន ៣ពិន្ទុដ៏សំខាន់ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Al Thumama ជំនួបពូល F នៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022  នៅប្រទេសកាតា។ រយៈពេល ១៤ឆ្នាំ ប៊ែលហ្ស៊ិកនៅតែមិនអាចយកឈ្នះលើម៉ារ៉ុកបាន។

 
ផ្តើមការប្រកួតនៅវគ្គទីមួយរវាងប៊ែលហ្ស៊ិកនិងម៉ារ៉ុក ក្រុមទាំងពីរនេះបានបានព្យាយាមរៀងខ្លួន ដើម្បីស្វែងរកឱកាសក្នុងការស៊ុតបញ្ជូលទីគ្នា តែបើទោះបីព្យាយាមសម្រុកខ្លាំងយ៉ាងណា ក្រុមនីមួយៗក៏មិនធ្វេរប្រហែសធ្វើឱ្យគូប្រកួតអាចរកបានឱកាសល្អក្នុងការស៊ុតឡើយ។ វគ្គទីមួយដ៏តានតឹងនៅតែបន្តដោយគ្នាលទ្ធផលគ្រាប់បាល់ប្រែប្រួល ខណៈម៉ារ៉ុកក៏មានឱកាសដាក់សម្ពាធខ្លាំងលើប៊ែលហ្ស៊ិកនៅពាក់កណ្តាលវគ្គក្តី។
 
ការវាយសម្រុកគ្នាទៅវិញទៅមកកាន់តែមានភាពខ្លាំងឡើងក្រុមទាំងពីរធ្វើបានល្អរៀងៗខ្លួនក្នុងការស៊ុតសំដៅសំណាញ់ទី រហូតដល់ចុងវគ្គពោលនៅនាទីបន្ថែមទៅហើយ ម៉ារ៉ុករកបានឱកាសមាសបើកការនាំមុខមុនលើបែលហ្ស៊ិកក៏ដូចជាគ្រាប់ដ៏សំខាន់ពីស៊ុតបាល់ពិន័យ Free Kick ពីសំណាក់ Hakim Ziyech ប៉ុន្តែគ្រាប់បាល់នោះត្រូវបានបដិសេធមិនផ្តល់ឱ្យព្រោះកីឡាករម៉ារ៉ុកម្នាក់ស្ថិតនៅជំហ Off Side។ បញ្ចប់វគ្គទីមួយដ៏គួរឱ្យជក់ចិត្តក្រុមទាំងសងខាងមានលទ្ធផលត្រឹមស្មើ ០-០ ដដែល។
 
វគ្គទីពីរដ៏អស្ចារ្យនៃក្រុមទាំងសងខាង ចាប់ផ្តើមដោយការសម្រុកខ្លាំងមិនបណ្តែតបណ្តោយឱ្យនាទីដែលជាឱកាសល្អៗកន្លងផុតទៅបានទេ ទាំងបែលហ្ស៊ិក ម៉ារ៉ុកសម្រុកគ្នាខ្លាំងទៅវិញទៅមកចាបើតាំងពីដើមវគ្គតែម្តង។ ឱកាសស៊ុតលើគ្នាមួយលើកជាពីរលើកត្រូវកន្លងផុត ក្រោយអ្នកចាំទីក្រុមទាំងសងខាងបង្ហាញបច្ចេកទេសល្អដូចគ្នាក្នុងការសង្គ្រោះបាល់មិនឱ្យរបូត។
 
ការសម្រុកគ្នាខ្លាំងតែងមានការបង្កកំហុស បែលហ្ស៊ិកបង្កកំហុងបានផ្តល់ឱកាសឱ្យម៉ារ៉ុកចំណេញបានការស៊ុតបាល់ពិន័យ Free Kick នៅត្រឹមនាទី៧៣ ហើយកីឡាករដែលទើបប្តូរចូលនៅវគ្គទីពីរ Abdelhamid Sabiri ស៊ុតមួយជើងយ៉ាងល្អទម្លុះរបាំងចាំទីដ៏រឹងមាំរបស់ Thibaut Courtois សម្រេចការនាំមុខ ១គ្រាប់លើបែលហ្ស៊ិក។ ការប្រកួតប្រជែងដ៏តឹងតែងចាប់ផ្តើមបន្តការប្រកួត បែលហ្ស៊ិកត្រូវម៉ារ៉ុកនាំមុខបានព្យាយាមវាយសម្រុក និងផ្លាសប្តូរយុទ្ធសាស្ត្រដើម្បីស្វែករកគ្រាប់តាមស្មើមកវិញ តែការព្យាយាមនៅមិនអាចរកគ្រាប់តាមស្មើបាន តែបែរជាម៉ារ៉ុកជាអ្នកស៊ុតគ្រាប់បាល់ទីពីរបន្ថែមទៅវិញដោយកីឡាករ Zakaria Aboukhlal នាទី ៩០+២ ក្នុងនាទីបន្ថែម។ ចប់ការប្រកួតដោយលទ្ធផល ម៉ារ៉ុកយកឈ្នះប៊ែលហ្ស៊ិក ២-០។
 
ជាការខកចិត្តថ្មីមួយសម្រាប់ប៊ែលហ្ស៊ិកក្រោមថ្វីជើងម៉ារ៉ុកនៅ World Cup 2022 ជំនួបពូល F ហើយក៏ជាលើកទីពីរក្នុងរយៈពេល ១៤ឆ្នាំ ដែលបែលហ្ស៊ិកមិនអាចសងសឹងយកឈ្នះលើម៉ារ៉ុកវិញបាន ក្រោយចាញ់ម៉ារ៉ុក ៤-១ តាំងពីឆ្នាំ ២០០៨ ដែលជាការប្រកួតមិត្តភាព។ 
 
ជួបគ្នានៅព្រឹត្តិការណ៍ World Cup លើកគិតចាប់តាំងពីឆ្នាំ ១៩៩៤ មក ម៉ារ៉ុកយកឈ្នះលើបែលហ្ស៊ិកវិញបានសម្រេចក្នុងរយៈពេល ២៦ឆ្នាំ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com