FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កាណាដាជាក្រុមទីពីរធ្លាក់ស្វ័យប្រវត្តិបន្ទាប់ពីម្ចាស់កាតា ក្រោយត្រូវក្រូអាស៊ីបំបាក់ ៤-១
28, Nov 2022 , 12:53 am        
រូបភាព
ក្រូអាស៊ីបានធ្វើឱ្យកាណាដាក្លាយជាក្រុមទីពីរធ្លាក់ចេញពីការប្រកួតពានរង្វាន់ FIFA World Cup 2022 ដោយស្វ័យប្រវត្តិត្រឹមការប្រកួតជុំទីពីរវគ្គចែកពូលនៃជំនួបពូល F រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា នេះ។ កាណាដាជាក្រុមទីពីរបន្ទាប់ពីម្ចាស់ផ្ទះកាតាដែលបានធ្លាក់ចេញដោយស្វ័យប្រវត្តិត្រឹមការប្រកួតទីពីរនៃវគ្គចែកពូល។
 
ចាប់ផ្តើមការប្រកួតនៅវគ្គទីមួយមិនដល់ ២នាទីផង កាណាដាបានបើកការនាំមុខដោយសារស៊ុតយ៉ាងល្អឥតខ្ចោះពីខ្សែប្រយុទ្ធវ័យក្មេង Alphonso Davies ជួយឱ្យក្រុមមកពីទ្វីបអាម៉េរិកខាងជើងនាំមុខលើក្រូអាស៊ី ១-០ តែម្តង។ 
 
យ៉ាងណាមិញក្រោយរបូតគ្រាប់បាល់ដំបូងទៅកាណាដា ក្រូអាស៊ីបានកែប្រែស្ថានកាលខ្លួនឡើងវិញដោយការគ្រប់គ្រងបាល់ដើម្បីស្វែករកឱកាសាយបកលើកាណាដាវិញ។ 
 
ការប្រកួតឈានដល់នាទី ៣៦ កីឡាករ Andrej Kramaric អាចស៊ុតគ្រាប់តាមស្មើ ១-១ លើកាណាដា ដើម្បីជាការឆ្លើយតបការនាំមុខតាំងពីដើមវគ្គរបស់គូប្រកួត។ មិនបណ្តោយឱកាសរសាត់កាន់តែឆ្ងាយនៅចុងវគ្គហៀបនឹងបញ្ចប់ការប្រកួតទៅហើយកីឡាករ Marko Livaja ស៊ុតបន្ថែមបើកការនាំមុខឱ្យក្រូអាស៊ីត្រឹមនាទី ៤៤ បញ្ចប់វគ្គទីមួយក្នុងលទ្ធផល ២-១។
 
ផ្លាស់ប្តូរយុទ្ធសាស្ត្រ និងកែសម្រួសស្ថានកាល នៅវគ្គទីពីរទាំងក្រូអាស៊ី និងកាណាដាបើកការវាយសម្រុកគ្នាខ្លាំងជាងវគ្គទីមួយ ដោយការសម្រុកគ្នាខ្លាំងតែគ្មានការស៊ុតបំប៉ោងសំណាញ់ទីគ្នាឡើយនៅដើមវគ្គទីពីរ។ ក្រូអាស៊ីនៅតែបន្តធ្វើបានល្អខ្លាំងក្នុងការវាយសម្រុកលើកាណាដា គ្រាប់ស៊ុតបញ្ជូលទីលើកទីបីកើតមាននៅនាទី ៧០  ដោយការស៊ុតពីកីឡាករ Kramaric ដែលរកបានគ្រាប់តាមស្មើនៅវគ្គទីមួយ។ 
 
ទោះនាំមុខ ៣គ្រាប់លើកាណាដា ក្រូអាស៊ីដែលអាចបំបែកយុទ្ធសាស្ត្រគូប្រកួតនៅតែព្យាយាមដាក់សម្ពាធខ្លាំងបន្ថែមទៀត ដើម្បីបន្តរកគ្រាប់បាល់ មិនបញ្ចប់ឡើយត្រឹមលទ្ធផល ៣-១ គ្រាប់បាល់ទី៤ បន្តកើតមានសម្រាប់ក្រអាស៊ីដោយកីឡាករ Larvo Majer ស៊ុតបន្ថែមក្នុងនាទីបន្ថែមចុងក្រោយ ជួយក្រូអាស៊ីឈ្នះកាណាដា ៤-១។
 
កាណាដាក្លាយជាក្រុមទីពីរនៅព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពីម្ចាស់ផ្ទះកាតាដែលធ្លាក់ចេញដោយស្វ័យប្រវត្តិត្រឹមការប្រកួតទីពីរក្នុងវគ្គចែកពូល។ នេះជាការខកចិត្តជាលើកទីពីរសម្រាប់កាណាដានៅក្នុងព្រឹត្តិការណ៍ World Cup ដែលពួកគេបានបង្ហាញខ្លួនដោយធ្លាក់ចេញពីការប្រកួតទាំងពីរលើក។ កាណាដាបង្ហាញខ្លួនលើកដំបូងឆ្នាំ ១៩៨៦ និងឆ្នាំ ២០២២ ជាលើកទីពីរក្នុងរយៈពេល ៣៦ឆ្នាំ៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com