FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អាល្លឺម៉ង់ និងបែលហ្ស៊ិក ប្រឈមហាលអាវត្រឹមវគ្គចែកពូលរៀងខ្លួន
28, Nov 2022 , 11:29 am        
រូបភាព
បន្ទាប់ពីបរាជ័យនៅជំនួបបើកឆាក ក្រុមជម្រើសជាតិអាល្លឺម៉ង់ប្រឈមអស់កៅអីទៅវគ្គខ្វែង ក្រោយបានត្រឹមស្មើជាមួយអេស្ប៉ាញក្នុងជំនួបទី២ពូល E នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។ បែលហ្ស៊ីក ដែលឈ្នះមួយ និងចាញ់មួយក្រោមថ្វីជើងម៉ារ៉ុក ក៏ពិបាកនឹងដណ្តើមកៅអីទៅវគ្គ១៦ក្រុមផងដែរ ដ្បិតជំនួបចុងក្រោយពូល F ត្រូវប៉ះក្រុមខ្លាំងក្រូអាស៊ី។



ជំនួបទី២ពូល E នៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់នៅតែមិនអាចរកបាន៣ពិន្ទុ ក្រោយស្មើជាមួយអេស្ប៉ាញ ១-១។ ដោយសារប្រកួតបើកឆាកអាល្លឺម៉ង់ចាញ់ជប៉ុន ២-១ ដូច្នេះម្ចាស់ជើងឯក World Cup ៤សម័យមួយនេះទើបរកបាន១ពិន្ទុឈរបាតតារាង និងប្រឈមមិនអាចបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។
 
ជំនួបចុងក្រោយ អាល្លឺម៉ង់ត្រូវប៉ះកូស្តារីកាដែលរកបាន៣ពិន្ទុដំបូងតាមរយៈជ័យជម្នះ ១-០ លើកសាម៉ូរ៉ៃជប៉ុននៅជំនួបទី២របស់ពួកគេ។ ដោយឡែកជប៉ុនដែលឈរលេខ២ក្នុងតារាងពូល E មាន៣ពិន្ទុស្មើក្រុមលេខ៣កូស្តារីកា ប៉ុន្តែមានសំណល់គ្រាប់បាល់ល្អជាង ត្រូវបន្តជួបក្រុមកំពូលតារាងអេស្ប៉ាញនៅជំនួបចុងក្រោយ។
 
ក្នុងពូល E នេះ បើទោះល្អឺម៉ង់ឈ្នះកូស្តារីកានៅជំនួបចុងក្រោយ ក៏មិនប្រាកដថាបានឡើងទៅវគ្គបន្តដែរ ប្រសិនបើជប៉ុន ស្មើអេស្ប៉ាញ។ ផ្ទុយទៅវិញបើជប៉ុនអាចយកឈ្នះអេស្ប៉ាញទៅទៀត នោះអាល្លឺម៉ង់នឹងធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។ ជំនួបចុងក្រោយពូល E នឹងធ្វើនៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង២រំលងអាធ្រាត្រ ដំណាលគ្នា។
 
សម្រាប់ក្រុមបែលហ្ស៊ិកវិញ បន្ទាប់ពីចាញ់ម៉ារុក ២-០ នៅជំនួបទី២ពូល F បានធ្វើឱ្យពួកគេ ពិបាកក្នុងការទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។ ឆ្លងកាត់២ប្រកួតបែលហ្ស៊ិករកបាន៣ពិន្ទុនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយក្រុមកំពូលតារាងក្រូអាស៊ី និងម៉ារ៉ុកដែលមាន៤ពិន្ទុដូចគ្នា។ កាណាដាដែលចាញ់២ប្រកួតជាប់គ្នាហាលអាវទៅហើយ។
 
ជំនួបចុងក្រោយពូល F បែលហ្ស៊ិកត្រូវប៉ះក្រុមខ្លាំងក្រូអាស៊ី​ ខណៈម៉ារ៉ុកជួបកាណាដា។ ម៉ារ៉ុកជាក្រុមមានប្រៀបដ្បិតប៉ះក្រុមខ្សោយក្នុងពូលសម្រាប់ជំនួបចុងក្រោយព្រោះត្រូវការត្រឹមស្មើប៉ុណ្ណោះ ដោយឡែកបែលហ្ស៊ិកមានភាគរយតិចដើម្បីទៅវគ្គបន្ត ដ្បិតគូប្រជែងខ្លូនក្រូអាស៊ី ត្រូវការត្រឹមស្មើដូចគ្នាដើម្បីទៅវគ្គខ្វែង។ បែលហ្ស៊ិកត្រូវការឈ្នះដាច់ខាងដើម្បីគេផុតពីការហាលអាចត្រឹមវគ្គចែកពូល។
 
ការប្រកួតចុងក្រោយពូល F នឹងធ្វើនៅថ្ងៃទី១ ខែធ្នូ នៅវេលាម៉ោង១០យប់ដំណាលគ្នា៕
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com