ជាតិ
អាស៊ាន
តំណាងទីក្រុងជាង១០០ នឹងមកជុំគ្នានៅភ្នំពេញ
28, Nov 2022 , 11:59 am        
រូបភាព
ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពិភាក្សាពីការរៀបចំកិច្ចប្រជុំទីក្រុងអាស៊ាន។ រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពិភាក្សាពីការរៀបចំកិច្ចប្រជុំទីក្រុងអាស៊ាន។ រូបពីរដ្ឋបាលរាជធានីភ្នំពេញ
អភិបាល និងតំណាងទីក្រុងមិនតិចជាង១០០ទីក្រុងនោះទេ ដែលនៅក្នុងតំបន់អាស៊ាន និងទាំងនៅក្រៅតំបន់អាស៊ាន នឹងមកកាន់រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំទីក្រុងអាស៊ាន ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការផ្សាយរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។



កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាននៃកិច្ចប្រជុំទីក្រុងអាស៊ាន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើការងាររៀបចំកិច្ចប្រជុំទីក្រុងអាស៊ាននេះ។ ការផ្សាយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រជុំទីក្រុងអាស៊ាន ឆ្នាំ២០២២ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត។ 
 
ក្រសួងមហាផ្ទៃ សរសេរទៀតថា កិច្ចប្រជុំទីក្រុងអាស៊ាន នឹងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន ព្រមទាំងចែករំលែកការអនុវត្តល្អៗ និងទស្សនៈជាមួយគ្នា សម្រាប់ការកសាងសហគមន៏អាស៊ាន។
 
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ទើបនឹងបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ 
 
 

Tag:
 ប្រជុំទីក្រុងអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com