FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ហិង្សាផ្ទុះឡើង ក្នុងទីក្រុងប្រ៊ុចសែល ក្រោយ ម៉ារ៉ុក យកឈ្នះ បែលហ្ស៊ិកនៅ ​​​​​World Cup
28, Nov 2022 , 2:12 pm        
រូបភាព
ក្រុមជម្រើសជាតិបែលហ្ស៊ិក ប្រកួតចាញ់ម៉ារ៉ុកក្នុងលទ្ធផល ២-០ នៅព្រឹត្តិការណ៍ FIFA World Cup 2022 ។ បរាជ័យនេះ បានធ្វើឱ្យអ្នកគាំទ្របែលហ្ស៊ិក ផ្ទុះកំហឹង និងបង្កបញ្ហាកើតឡើងនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។



អ្នកគាំទ្រជាច្រើន បាននាំគ្នាដើរវាយបំបែកកញ្ចក់ហាងលក់ទំនិញ រួមជាមួយការដុតកាំជ្រួច និងដុតរថយន្ត នៅតាមដងផ្លូវនៃទីក្រុងប្រ៊ុចសែល។ បើតាមមន្ត្រីប៉ូលីសក្នុងទីក្រុង យ៉ាងហោចមនុស្សចំនួន ១១នាក់ ក្នុងហេតុការណ៍នោះ ត្រូវបានចាប់ខ្លួន និងមនុស្សម្នាក់ទៀត បញ្ជូនទៅឃុំឃាំងភ្លាមៗ។ 
 
«មនុស្សរាប់សិបនាក់ ក្នុងនោះក៏មានខ្លះពាក់អាចធំ បានព្យាយាមតតាំងជាមួយនឹងក្រុមមន្ត្រីប៉ូលិស និងបង្កជាភាពអសន្តិសុខជាសាធារណៈ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នប៉ូលីសទីក្រុងប្រ៊ុចសែល។
 
នាកុប្បកម្មនោះ  ក្រុមមន្ត្រីប៉ូលិសជាង១០០នាក់ ត្រូវបានដាក់ពង្រាយតាមតំបន់សំខាន់ៗមួយចំនួន ក្នុងកណ្តាលទីក្រុងប្រ៊ុចសែល​ ដើម្បីបង្កាការរីករាលដាលនៃអំពើហិង្សាពីសំណាក់អ្នកគាំទ្រទាំងនោះ។
 
តាមការបង្ហោះមួយរបស់លោក Philippe Close លើបណ្តាញសង្គម Twitter អភិបាលក្រុងប្រ៊ុចសែល បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើររបស់អ្នកគាំទ្រ ដែលបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្នុងទីក្រុង។ 
 
«ខ្ញូំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរ រួមជាមួយហេតុការណ៍ដែលបានកើតមាននារសៀលថ្ងៃនេះ ក្រុមប៉ូលិសបានធ្វើអន្តរាគមន៍យ៉ាងតឹងរឹងលើបញ្ហានេះរួចរាល់ហើយ ដូច្នេះខ្ញុំក៏សូមណែនាំអ្នកគាំទ្រដែលធ្វើដំណើរមកកាន់កណ្តាលទីក្រុង។ ហើយមន្រ្តីប៉ូលិសក៏កំពុងតែធ្វើការងារអស់សមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនាពេលនេះ ហើយខ្ញុំបានស្នើសុំឱ្យប៉ូលិសចាប់រាល់អ្នកដែលបង្កនូវបញ្ហា។»។ នេះបើតាមការលើកឡើងរបស់លោក Close។
 
មិនត្រឹមតែទីក្រុងប្រ៊ុចសែលឡើយ នៅទីក្រុង Liege ភាគខាងកើតនៃប្រទេសបែលហ្ស៊ិក ក៏មានមនុស្ស ៥០នាក់ បានវាយប្រហារស្ថានីយ៍ប៉ូលិសក្នុងតំបន់ និងវាយបំបែកកញ្ចក់រថយន្តប៉ូលិសផងដែរ ។ ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ក្រុមប៉ូលិសប្រើប្រាស់រថយន្តបាញ់ទឹកបង្រ្កាបពួកគេ។
 
នាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ដែលជំនួបពូល F រវាងបែលហ្ស៊ិកទល់ម៉ារ៉ុក បានបញ្ចប់ទៅក្នុងលទ្ធផល ២-០ ។ បែលហ្ស៊ិក ក៏ប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូលនេះដែរ ។ 
 
គួរបញ្ជាក់ដែរថា ប្រទេសបែលហ្ស៊ិក ក៏ជាជម្រករបស់ប្រជាជនម៉ារ៉ុក ជាង ៥សែននាក់ផងដែរ នាពេលបច្ចុប្បន្ន៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com