អន្តរជាតិ
បាតុកម្មដ៏កម្រប្រឆាំងរឹតត្បិតវិធានការកូវីដ-១៩ រាលដាលទៅជាការប្រឆាំងរដ្ឋាភិបាលចិន?
28, Nov 2022 , 2:54 pm        
រូបភាព
ដោយ:
ដោយ៖ឡាយ ស្រីពេជ្រ អន្តរជាតិ ()
 
ក្រោយចេញគោលនយោបាយគ្មានជំងឺកូវីដ-១៩ ជិតបីឆ្នាំ រដ្ឋាភិបាលចិនប្រឈមនឹងការតវ៉ាប្រឆាំងមិនធ្លាប់មានពីសំណាក់បាតុកររាប់ម៉ឺននាក់នៅទីក្រុងសំខាន់ៗទូទាំងប្រទេស។ ការតវ៉ាប្រឆាំងនេះជារឿងកម្របំផុត ពីព្រោះលោក ស៊ី ជិនភីង ដែលចូលកាន់តំណែងជាប្រធានាធិបតីចិនជិត ១០ឆ្នាំមកនេះតែងអនុវត្តច្បាប់សន្តិសុខជាតិដើម្បីបង្រ្កាបការបះបោរប្រឆាំងរដ្ឋាភិបាល។
 
គិតត្រឹមខែវិច្ឆិកា ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីរ ក្លាយជាប្រទេសតែមួយគត់លើពិភពលោកដែលបន្តអនុវត្តវិធានការដ៏តឹងរ៉ឹងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ វិធានការគ្មានកូវីដសំដៅលើគោលនយោបាយសុខាភិបាលសាធារណៈដែលត្រូវបានអនុវត្តដោយប្រទេសមួយចំនួននៅលោកខាងលិច អឺរ៉ុប និងអាស៊ីជាដើម អំឡុងជំងឺកូវីដ-១៩ ដើម្បីកុំឱ្យមានជំងឺកូវីដ-១៩ឆ្លងសូម្បីមួយករណីដើម្បីបានវិលទៅរកជីវិតធម្មតាវិញ។ 
 
យ៉ាងណាមិញ វិធានការគ្មានកូវីដនៅចិនជិតបីឆ្នាំមកនេះធ្វើឱ្យប្រជាជនមិនពេញចិត្តជាខ្លាំង ពីព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ដូចជាសេរីភាពរបស់ពួកគេផ្ទាល់។ ទន្ទឹមនេះ បន្ទាប់ពីមនុស្ស១០នាក់បាត់បង់ជីវិត និងប្រាំបួននាក់រងរបួស ដោយសារអគ្គិភ័យនៅប្លុកផ្ទះល្វែងមួយនៅទីក្រុង Urumqi តំបន់ស៊ីនជាំងនៅថ្ងៃទី២៤ ខែវិច្ឆិកា ប្រជាជននៅតំបន់នោះចាប់ផ្តើមតវ៉ាប្រឆាំងឱ្យរដ្ឋាភិបាលលុបចោលវិធានការដ៏តឹងរ៉ឹង។ 
 
ហេតុការណ៍នេះធ្វើឱ្យសាធារណជនខឹងជាខ្លាំងដែលជឿថាមកពីវិធានាការបិទខ្ទប់របស់រដ្ឋាភិបាលចិនដែលពន្យាពេលក្រុមពន្លត់អគ្គីភ័យពីការជួយសង្រ្គោះជនរងគ្រោះទាន់ពេលវេលា បើទោះមន្រ្តីក្រុង Urumqi ធ្វើសន្និសីទកាសែតច្រានចោលក៏ដោយ។​ 
 
ការតវ៉ាប្រឆាំងនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ក៏បានរីករាលដាលនៅទីក្រុងធំៗដូចជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ, រដ្ឋធានីប៉េកាំង, ទីក្រុងវូហាន, ទីក្រុងគ័ងចូវ, ទីក្រុងឡានចូវ និងទីក្រុងចឹងចូវដែលជាទីតាំងផលិតទូរស័ព្ទ iPhone ជាដើម។ 
 
មិនត្រឹមតែទាមទារសិទ្ធិសេរីភាពឡើងវិញប៉ុណ្ណោះទេ បាតុកររាប់ម៉ឺននាក់នេះថែមទាំងស្រែកឱ្យប្រធានាធិបតិចិន ស៊ី ជិនភីង ចុះចេញពីតំណែងទៀតផង។
 
« បក្សកុម្មុយនីស្តចុះចេញពីតំណែង។ លោក ស៊ី ជិនភីង ចុះចេញពីតំណែង!» នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនានាស្រង់ពាក្យស្លោកដែលបាតុការរាប់រយនាក់ស្រែកក្នុងទីក្រុងសៀងហៃនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា និងព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។ 
ដំបូងឡើយមុនក្លាយជាការតវ៉ាប្រឆាំង ប្រជាជនទាំងនោះគ្រាន់ប្រមូលផ្តុំគ្នាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះប៉ុណ្ណោះដែលមានភ្លើងទៀន ផ្កា ផ្ទាំងបដា នឹងលើកក្រដាសពណ៌សទទេស្អាតដែលតំណាងឱ្យការតវ៉ាប្រឆាំងនឹងការគាបសង្កត់។ ខណៈការតវ៉ានេះធ្វើឡើងដោយសន្តិភាព ការប៉ះទង្គិចគ្នាជាមួយប៉ូលិសក៏មានតិចតួចដែរ។
 
កន្លងមក ក្រុងប៉េកាំងអះអាងថា គោលនយោបាយគ្មានកូវីដគឺជាវិធានការជួយសង្រ្គោះជីវិត ហើយចាំបាច់ដើម្បីការពារប្រព័ន្ធសុខាភិបាលចិន។ មន្រ្តីក្រុងប៉េកាំងក៏បានប្តេជ្ញាបន្តជាមួយវិធានការនេះទៀតដែរ។
 
មកទល់ពេលនេះ អ្នកឆ្លងវីរុសបង្កជំងឺកូវីដ-១៩នៅចិនមានប្រហែល ៩,៥លានករណី ខណៈអ្នកស្លាប់មានជាងបីម៉ឺនករណី។ នេះបើតាមទិន្នន័យពីអង្គការសុខភាពពិភពលោក។ ប្រាំថ្ងៃជាប់គ្នាមកនេះ ករណីជំងឺកូវីដ-១៩នៅចិនកើនឡើងដល់ជាងបួនម៉ឺនករណីជាប្រចាំថ្ងៃ៕
 
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com