កីឡាជាតិ
ជាតិ
ការទស្សទាយរបស់លោក Honda ជិតក្លាយជាការពិត ស្របពេលភ្នំពេញក្រោនឡើងឈរកំពូលតារាង CPL
28, Nov 2022 , 3:53 pm        
រូបភាព
កីឡាករ-លឹម-ពិសុទ្ធ-ប្រជែងយកបាល់ជាមួយកីឡាករ-វិសាខា-រូបពីក្លិបភ្នំពេញក្រោន
កីឡាករ-លឹម-ពិសុទ្ធ-ប្រជែងយកបាល់ជាមួយកីឡាករ-វិសាខា-រូបពីក្លិបភ្នំពេញក្រោន
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ធ្លាប់បានទាយថា ក្រុមភ្នំពេញក្រោន នឹងក្លាយជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល២០២២។ អំឡុងពេលគ្រូសញ្ជាតិជប៉ុនទាយនោះ ព្រះខ័នរាជស្វាយរៀងនៅឈរលេខ១នៅឡើយទេ ស្របពេលភ្នំពេញក្រោននៅលេខ៣។ បច្ចុប្បន្ន ភ្នំពេញក្រោន បានឡើងទៅចំណាត់ថ្នាក់លេខ១ វិញហើយ ដោយមាន៤៩ពិន្ទុ ដូចគ្នាជាមួយក្រុមលេខ៣ វិសាខា និងលេខ៣ព្រះខ័នរាជ ស្វាយរៀង។ តើការទស្សទាយរបស់លោក Honda អាចក្លាយជាការពិតឬ ទេស្របពេលតំណែងជើងឯក CPL ឆ្នាំ២០២២ ត្រូវកាត់សេចក្តីនៅជំនួបបិទរដូវកាល។


 
កាលពីថ្ងៃទី២៦ ខែតុលា នៅទីស្នាក់ការរបស់ក្រុមហ៊ុន Cambodian Premier League (CPL) លោក Keisuke Honda បានឆ្លើយសំនួរអ្នកគាំទ្រថា ភ្នំពេញក្រោន អាចនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូល។ បន្ទាប់ពីបានប្រាប់នូវចម្លើយរួច មានអ្នកគាំទ្រមួយចំនួន បានរិះគន់ និងសើចចំអកចំពោះ អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ ដោយចាត់ទុកថា នេះ គឺជារឿងអស់សំណើច និងមិនអាចទៅរួចទេ ដែលភ្នំពេញក្រោន អាចក្លាយទៅជាម្ចាស់ជើងឯក។ ម្យ៉ាងវិញទៀត ពួកគេ ក៏បានរិះគន់ទៀតថាលោក Keisuke Honda មិនដែលតាមដានការប្រកួតបាល់ទាត់កម្ពុជា។ 
 
គិតចាប់ពីថ្ងៃទី២៦ តុលា នៅពេលលោក Keisuke Honda បានទាយនោះ ភ្នំពេញក្រោន មានតែ៣៩ពិន្ទុ ឈរលេខ៣ ខណៈលេខ២ វិសាខា មាន៤០ពិន្ទុ និងព្រះខ័នរាជស្វាយរៀង មាន៤៦ពិន្ទុ ឈរលេខ១។ បន្ទាប់ពីឆ្លងកាត់ការប្រកួត៤លើកក្រោយមកនេះ ភ្នំពេញក្រោនបានដណ្តើមចំណាត់ថ្នាក់លេខ១ក្នុងតារាង CPL វិញ ក្រោយឈ្នះ៣ និងស្មើ១ ស្របពេល វិសាខាឈ្នះ៣ ចាញ់១ និងព្រះខ័នរាជស្វាយរៀង ចាញ់៣ ឈ្នះ១ នៅលេខរៀងបន្តបន្ទាប់ ដោយមាន៤៩ពិន្ទុស្មើគ្នា។ 
 
ជាមួយឱកាសរបស់ក្លិបភ្នំពេញក្រោន លោក Keisuke Honda ដូចជាពេញចិត្តនូវទម្រង់លេងរបស់កីឡាករ លឹម ពិសុទ្ធ យ៉ាងខ្លាំង។ នេះ បើយោងទៅលើការសរសេរ និងបង្ហោះរូបលោក និង លឹម ពិសុទ្ធ លើហ្វេសប៊ុករបស់ អ្នកចាត់ការរូបនេះ។
 
ជាមួយគ្នានេះដែរ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា គោលដៅក្នុងការប្រកួតជាមួយវិសាខា គឺជ័យជំនះ ដែលទទួលបាន៣ពិន្ទុ។ គ្រូបង្វឹករូបនេះ ចាត់ទុកថាក្រុមខ្លួន បានឆ្លងកាត់ឧបសគ្គធំមួយហើយ ប៉ុន្ដែត្រូវផ្ដោតសំខាន់នៅការប្រកួតជាមួយបឹងកេត ព្រោះមិនមែនជារឿងងាយស្រួលទេ ក្នុងការយកឈ្នះក្រុមណាមួយក្នុងចំណោមក្រុម៣នេះ។ 
 
«ឥឡូវ ត្រូវផ្ដោតសំខាន់លើការប្រកួតថ្ងៃសៅរិ៍ ជាមួយបឹងកេត។ នេះ គឺជាការប្រកួតដ៏លំបាក និងប្រើស្មារតីប្រកួតខ្លាំង។ ពួកយើង ចូលចិត្តប្រកួតក្រោមសម្ពាធ ដែលវាជំរុញឲ្យយើងផ្ដោស្មារតី និងការប្ដេជ្ញាចិត្តយកជ័យជំនះកាន់តែខ្ពស់។ យើង ចង់នាំយកជ័យលាភី សម្រាប់អ្នកគាំទ្រយើង និងជាកិត្តិយសសម្រាប់ប្រធានក្លិប (រិទ្ធី សំណាង)។ ជ័យជំនះទាំងអស់ គឺសម្រាប់គាត់។ យើង មានថ្ងៃនេះ ព្រោះតែគាត់។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។ 
 
គ្រូបង្វឹករូបនេះ​ ក៏មានសុទ្ឋិនិយមចំពោះ កីឡាករ លឹម ពិសុទ្ធ ផងដែរ បន្ទា​ប់ពីកីឡាកររូបនេះ បានបង្ហាញទម្រង់លេង បានយ៉ាងល្អបន្ទាប់ពីខ្លួន បានព្យាបាលរបួសជើង អស់ចំនួន ៣លើក ក្នុងរដូវកាលនេះ។  លោក Oleg Starynskyi បានបញ្ជាក់ដូច្នេះថា៖«គាត់ គឺជាកីឡាករល្អ។ តែគួរឲ្យសោកស្ដាយ គាត់ខកខានការប្រកួតមួយចំនួន ដោយសាររបួស។ របួស៣លើកនោះ គឺដោយសារការប្រជែងយកបាល់ពីក្រោយខ្នងគាត់ យ៉ាងធ្ងន់ធ្ង ហើយមិនទទួលបានកាតក្រហមទេ។»។
 
កាលប្រកួតសប្ដាហ៍ទី២៦ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នំពេញក្រោន បានយកឈ្នះក្រុមវិសាខា ៣-២ នៅកីឡដ្ឋានព្រីនស៍។ កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន រកបាន២គ្រាប់ នៅនាទី៥៦ និង៩០+៣ រីឯ មិត្តរួមក្រុម កីឡាករ Yudai Ogawa រកបាន់១គ្រាប់ នៅនាទី៨១។ ចំណែក កីឡាករ ឧក សុវណ្ណ របស់វិសាខា រកបាន១គ្រាប់ នៅនាទី៧២ និង Marcos Vinicius រកបាន១គ្រាប់ នៅនាទី៩០+១។ទន្ទឹមគ្នានេះដែរ ក្លិបព្រះខ័នរាជស្វាយរៀង ឈ្នះលើ ក្លិបបឹងកេត ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា ខណៈបឹងកេត មានត្រឹម៣៩ពិន្ទុ។ 
 
ការប្រកួតកាត់សេចក្តីចុងក្រោយរបស់ភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង ដើម្បីរកម្ចាស់ជើងឯកពានរង្វានខេមបូឌានព្រីមៀលីគរដូវកាល២០២២ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ដោយភ្នំពេញក្រោនទទួលបឹងកេត ស្របពេលព្រះខ័នរាជស្វាយរៀង ស្វាគមន៍វិសាខា៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com