ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនTELEMOBILE នឹងដំឡើងបង្គោលអង់តែនទូរគមនាគមន៍ ចំនួន២២៣ នៅ១៥រាជធានី-ខេត្ត
28, Nov 2022 , 8:59 pm        
រូបភាព
រូបតំណាង៖ បង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័តមួយកន្លែងនៅខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍
រូបតំណាង៖ បង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័តមួយកន្លែងនៅខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍
ក្រុមហ៊ុនTELEMOBILE បានបោះទុនជាង២៧លានដុល្លារអាម៉េរិក​ ដើម្បីសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែន ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍វិស័យទូរគមនាគមន៍កម្ពុជា។ ក្រុមហ៊ុននេះ នឹងសង់បង្គោលអង់តែនចំនួន២២៣ រាជធានី-ខេត្តគោលដៅមួយចំនួន។​

 
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)  បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគឱ្យក្រុមហ៊ុន TELEMOBILE (CAMBODIA) CORPORATION (T.C.C)​ សាងសង់បង្គោលអង់តែនទូរគមនាគមន៍ចំនួន១៥រាជធានី-ខេត្តគោលដៅ។ នេះបើយោងតាមការចុះផ្សារបស់​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៥វិច្ឆិកា។​
 

គំរូផែនការវិនិយោគរបស់ក្រុមហ៊ុន TELEMOBILE ក្នុងការសាងសង់បង្គោលអង់តែនទូរគមនាគមន៍ចំនួន ២៣៣ នៅ១៥រាជធានី-ខេត្ត។ រូបថត៖ CDC 

CDC បានបញ្ជាក់ថា ក្រុមហ៊ុននេះ​ នឹងសាងសង់​ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍សរុប២៣៣ បង្គោល នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងខេត្តតាកែវ ក្រោមទុនវិនិយោគសរុប ២៧,៥លានដុល្លារ។​
 
បើតាម CDC  ការវិនិយោគថ្មីរបស់ក្រុមហ៊ុន អាចបង្កើតការងារដល់ពលរដ្ឋបានជាង១០០កន្លែង​ ផងដែរ។ 
 
លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ គឺជាសសរស្តម្ភសំខាន់មួយ គាំទ្រសង្គមនិងសេដ្ឋកិច្ចឌីជីថលកម្ពុជា។ លោកបានបន្តរៀបរាប់ដូច្នេះ៖ « បណ្តាប្រតិបត្តិករដែលមានអាជ្ញាបណ្ណ អាចរួមចំណែកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងនោះរួមទាំងក្រុមហ៊ុន Telemobile (Cambodia) Corporation ដែលស្ថាបនានិងចែករំលែកការប្រើប្រាស់រួមគ្នានូវបង្គោលអង់តែនទូរគមនាគមន៍នៅរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុង ដើម្បីពង្រីកការគ្របដណ្តប់និងពង្រឹងគុណភាពសេវាទូរគមនាគមន៍»។
 
យោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ចំនួន ៦៩។ ក្នុងនោះ មាន៥ ជាប្រតិបត្តិករទូរសព្ទចល័ត, មាន៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត(ISP) និង៥ទៀត ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ ទិន្នន័យដដែលបានបង្ហាញថា  អ្នកប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជា មានជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តមាន ជាង១៧លាននាក់, សេវាទូរសព្ទអចល័ត មានជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័ត មានជាង៣១ម៉ឺននាក់៕
 

Tag:
 ទូរសព្ទចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com