ជាតិ
សង្គមជាតិ
កម្ពុជា ដាក់ផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន «៥០ភាគរយ» នៅឆ្នាំ២០៣០
28, Nov 2022 , 9:59 pm        
រូបភាព
ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចណ៍ផ្លូវគោកលើកទី២ បានកំណត់ទិសដៅក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 
ដើម្បីសម្រេចបានក្នុងការកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចណ៍ផ្លូវគោកលើកទី២ 
បានដាក់គោលដៅសំខាន់២ ដែលត្រូវផ្តោត គឺ ទី១កាត់បន្ថយចំនួនអ្នកស្លាប់ និងចំនួនអ្នករបួស ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ទី២ បង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ ដោយផ្អែកលើសសរស្ដម្ភទាំង៦។ 
 
សរសរស្ដម្ភទាំង៦នោះ រួមមាន ទី១ ពង្រឹងការគ្រប់គ្រងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទី២ ពង្រឹងការអនុវត្តច្បាប់ ទី៣ ពង្រឹងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ទី៤ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់ ទី៥ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបន្ទាន់ និង ទី៦ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។
 
សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការជាតិទសវត្សរ៍សុត្ថភាពចរាចណ៍ផ្លូវគោកលើកទី២នេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ផែនការជាតិទសវត្សរ៍សុត្ថភាពចរាចណ៍ផ្លូវគោកលើកទី២ ត្រូវអនុវត្តចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០៣០ បន្ទាប់ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចណ៍ផ្លូវគោកលើកទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ត្រូវបានអនុវត្តចប់។ 
 
ក្នុងកិច្ចប្រជុំ១ កាលពីខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង ធ្លាប់លើកឡើងថា ជាមធ្យម ក្នុង១ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើតឡើង៩លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស១០នាក់៕ 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com