អន្តរជាតិ
មេទ័ពអាវកាសអាម៉េរិក៖ ចិន កើនសមត្ថភាពផ្នែកអវកាស ដែលបង្កការគំរាមដល់អាម៉េរិក
28, Nov 2022 , 5:59 pm        
រូបភាព
ឧត្តមសេនីយ៍ Nina Armagno នៃកងកម្លាំងអវកាសអាម៉េរិក។ រូបថត US Air Force
ឧត្តមសេនីយ៍ Nina Armagno នៃកងកម្លាំងអវកាសអាម៉េរិក។ រូបថត US Air Force
សមត្ថភាពយោធាអវកាសរបស់ចិនកើនឡើនជាលំដាប់ក្នុងរយៈពេលចុងក្រោយនេះ ដែលបង្កើនហានិភ័យយ៉ាងខ្លាំងចំពោះអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់មន្រ្តីទទួលនាយសេនាធិការនៃកងកម្លាំងអវកាសអាម៉េរិកនៅថ្ងៃទី២៨ ខែវិច្ឆិកា។



លោកស្រី Nina Armagno ឧត្តមសេនីយ៍ឯកនៃកងកម្លាំងអវកាសអាម៉េរិក និយាយថា ទីក្រុងប៉េកាំងបានអភិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់ចំពោះបច្ចេកវិទ្យាយោធាអវកាស រួមទាំងផ្កាយរណបសម្រាប់ការទាក់ទង និងធ្វើយានអវកាសដែលអាចប្រើឡើងវិញបាន។ ការលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យយោធាអវកាសចិន កំពុងគំរាមអាម៉េរិក និងបណ្ដាប្រទេសលោកខាងលិចក្នុងវិស័យអវកាស។
 
«ខ្ញុំគិតថាវាអាចទៅរួច ដែលពួកគេអាចតាមទាន់ និងទៅលើសពួកយើង។ ដំណើរការលូតលាស់របស់ពួកគេពិតជាអស្ចារ្យ លឿនគួរឱ្យភ្ញាក់ផ្អើល»។ លោកស្រី Armagno បានលើកឡើងបែបនេះនៅក្នុងកម្មវិធីមួយនាទីក្រុងស៊ីដនី ដែលរៀបចំដោយវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្ររបស់អូស្ត្រាលី។
 
ក្រៅពីសរសើរការដើរទៅមុខយ៉ាងលឿនរបស់វិស័យយោធាអវកាសចិន មន្រ្តីសេនាធិការទ័ពអវកាសអាម៉េរិកក៏បានលើកឡើងដែរថា ចិនបានសាកល្បងបាញ់មីស៊ីលដោយមិនសូវគិតគូរដូចរុស្ស៊ីដែរ ដែលបង្កើតជាសំណល់ក្នុងលម្ហ ហើយបង្កើនហានិភ័យក្នុងដែនអវកាសនាប៉ុន្មានឆ្នាំថ្មីនេះ។ 
 
លោកស្រី​ Armagno បន្ថែមថា កម្ទេចកម្ទីសល់ពីការបាញ់មីស៊ីលទាំងនោះគំរាមកំហែងដល់ប្រព័ន្ធក្នុងលម្ហទាំងអស់ ហើយប្រព័ន្ធនោះមានសារៈសំខាន់ណាស់ចំពោះសន្តិសុខ សេដ្ឋកិច្ច និងផលប្រយោជន៍វិទ្យាសាស្ត្ររបស់ប្រទេសទាំងអស់ក្នុងពិភពលោក។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី Armagno បញ្ជាក់ថា ចិនជាប្រទេសតែមួយគត់ដែលមានបំណងកែទម្រង់សណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ហើយថែមទាំងចង់បង្កើនអំណាចសេដ្ឋកិច្ច ការទូត យោធា និងអំណាចបច្ចេកវិទ្យាឱ្យកាន់តែខ្លាំងឡើងក្នុងពេលជាមួយគ្នា។ 
 
កងកម្លាំងអវកាសអាម៉េរិកត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ ជាអង្គភាព យោធាឯករាជ្យរបស់អាម៉េរិកទី៦ បន្ទាប់ពីកងទ័ពជើងគោល ទ័ពជើងទឹក ទ័ពម៉ារីន ទ័ពអាកាស និងឆ្មាំសមុទ្រ។ កងកម្លាំងអវកាសអាម៉េរិកបង្កើតឡើងក្នុងគោលដៅទប់ស្កាត់ការកើនឡើងសមត្ថភាពយោធាអវកាសរបស់ចិន។ 
 
គួរកត់សម្គាល់ថា ទីភ្នាក់ងារអវកាសចិន (CMSA) នៅថ្ងៃទី២៨ ខែវិច្ឆិកា បានអះអាងក្នុងសន្និសីទសារព័ត៌មានមួយថាទីក្រុងប៉េកាំងនឹងបង្ហោះយានអវកាស Shenzhou-15 ដែលមានអវកាសយានិក ៣រូប ទៅកាន់ស្ថានីយអវកាសរបស់ខ្លួននៅម៉ោង១១ និង៨នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។ ចិនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាពិសោធន៍ដើម្បីរុករកអាចម៍ផ្កាយ និងភពតូចៗសម្រាប់ទាញយកធនធានធម្មជាតិផងដែរ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com