ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ទុកពេលឱ្យម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធ​ មកទូទាត់ឱ្យបានមុនដំណាច់ឆ្នាំនេះ
29, Nov 2022 , 8:29 am        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសដល់ម្ចាស់សហគ្រាស ត្រូវមកទូទាត់ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ ឱ្យបានមុនដំណាច់ ឆ្នាំ២០២២។ ករណីដែលម្ចាស់សហគ្រាសមិនមកទូទាត់បំណុលពន្ធជូនរដ្ឋតាមកំហិតនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តវិធានការទារបំណុលពន្ធ។

 
អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញមានម្ចាស់សហគ្រាសមួយចំនួន មិនព្រមចូលខ្លួនមកទូទាត់បំណុលពន្ធឡើយ បើទោះបីមានការអញ្ជើញជាច្រើនលើកច្រើនសារក៏ដោយ។ ដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុ ចំពោះការអនុវត្តវិធានការទារបំណុលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ ត្រូវមកទូទាត់ និងដោះស្រាយបំណុលពន្ធ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ ជាកំហិត។ នេះយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨វិច្ឆិកា។​
 
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងអស់ គឺអាចមកទូទាត់បំណុលនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលជាអង្គភាពគ្រប់គ្រងសហគ្រាស។  
 
ចំពោះម្ចាស់សហគ្រាសណា ដែលមិនព្រមចូលខ្លួនមកដោះស្រាយបំណុលឱ្យបានមុនដំណាច់ឆ្នាំ២០២២ នេះទេ អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តវិធានការទារបំណុលពន្ធ ដូចជា ព្យួរទុកជាបណ្តោះអាសន្ន នូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់សហគ្រាសដោយមិនអនុញ្ញាតឱ្យ ស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ និងឃាត់ទុកជាបណ្តោះអាសន្ន នូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។​
 
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏មានសិទ្ធិសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូលរបស់សហគ្រាស,​ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហគ្រាស ជាបណ្តោះអាសន្ន, សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកគណនីធនាគាររបស់សហគ្រាស ឬ/ និង បុគ្គលពាក់ព័ន្ធ, សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬ/ និង ការផ្ទេរភាគហ៊ុន និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗ។​
 
ករណីធ្ងន់ធ្ងរអគ្គនាយកដ្ឋានពន្ធដារ ក៏អាចដាក់ពាក្យបណ្តឹងទៅតុលាការ ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ មិនព្រមមកទូទាត់។ 
 
សិទ្ធិអំណាចខាងលើដែលអគ្គនាយកដ្ឋាននឹងអនុវត្តចំពោះម្ចាស់សហគ្រាសមិនព្រមមកទូទាត់ ឬចូលខ្លួនដោះស្រាយបំណុលពន្ធចូលជាតិនេះ គឺអនុលោមតាមមាត្រា១០៩, មាត្រា១១១, មាត្រា១១៣, មាត្រា១១៤, មាត្រា១១៥ និងមាត្រា១៣៤ នៃច្បាប់ស្តីពីសារពើពន្ធ៕ 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com