FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កាមេរូននិងស៊ែប៊ីចែកគ្នាម្នាក់ ១ពិន្ទុ ទោះមានស៊ុតបញ្ចូលទីគ្នាច្រើនក្នុងការប្រកួតក្តី
28, Nov 2022 , 7:03 pm        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ការប្រកួតរវាងកាមេរូនទល់នឹងស៊ែប៊ីជំនួបពូល G នាកីឡដ្ឋាន Al Janoub បញ្ចប់ទៅដោយលទ្ធផលស្មើ ៣-៣ ក្រុមទាំងពីរចែកគ្នាម្នាក់ ១ពិន្ទុ បើទោះបីមានគ្រាប់ស៊ុតបញ្ចូលទីលើគ្នាច្រើនរៀងខ្លួនៗក្តី។ កាមេរូននៅតែមិនអាចយកឈ្នះស៊ែប៊ីវិញបាននៅព្រឹត្តិការណ៍ World Cup ក្រោយប៉ះគ្នាពីរលើកទាមងលើកនេះ។

 
ការប្រកួតនៅវគ្គទីមួយកាមេរូកហាក់បីមានប្រៀបខ្លាំងលើស៊ែប៊ីដោយការវាយសម្រុកជារឿយៗទៅកាន់តំបន់ប្រអប់ទី តែគ្រាប់បាល់រួមជាមួយឱកាសល្អៗនៅដើមវគ្គមិនមានការកើតឡើងឡើយ។ រហូតដល់នាទី ២៩ ក្រោយការសម្រុកគ្នាខ្លាំងទៅវិញទៅមក គ្រាប់បាល់ដំបូងធ្លាក់ទៅក្នុងដៃកាមេរូន ដោយការស៊ុតពីកីឡាករ Jean Castelletto ប៉ុន្តែការប្រកួតដ៏ជក់ចិត្តនេះបានកែប្រែលទ្ធផលសឹងមិនគួរឱ្យជឿដោយត្រឹមតែ ២នាទីប៉ុណ្ណោះនៅនាទីបន្ថែមចុងម៉ោងស៊ែប៊ីវាយបកលើកាមេរូន ២គ្រាប់លឿនៗដោយការស៊ុតពីកីឡាករ Strahinja Pavlovic និង Sergej Milinkovic-Savic នៅនាទី៤៥+១ និង ៤៥+៣។ 
 
បញ្ចប់ការប្រកួតត្រឹមវគ្គទីមួយស៊ែប៊ីជាក្រុមនាំមុខលើកាមេរូនដោយលទ្ធផល ២-១។ ឈានចូលការប្រកួតវគ្គទីពីរ ដោយចាប់ផ្តើមមិនបាន ៧នាទីផងនោះខ្សែប្រយុទ្ធ Aleksander Mitrovic ស៊ុតបំប៉ោងសំណាញ់ទីគ្រាប់ទីបីលើកាមេរូននៅនាទី៥៣។ 
 
ក្រោយត្រូវស៊ែប៊ីនាំមុខដល់ទៅពីរគ្រាប់ក្តី នៅ១០នាទីក្រោយមក ការធ្វេរប្រហែលពីខ្សែការពារនៃក្រុមស៊ែប៊ីបានបង្កឱកាសដល់កាមេរូនដែលព្យាយាមរកគ្រាប់តាមស្មើ ស៊ុតបញ្ចូលទីតាមបាន ២គ្រាបើមកវិញត្រឹម ២នាទី ដោយកីឡាករ Vincent Aboubakar នាទី៦៤ និង Aric MaximChoupo-Moting នាទី៦៦។ ការប្រកួតដ៏អស្ចារ្យនឹងជាការប្រកួតដែលមានគ្រាប់បាល់ស៊ុតបញ្ចូលលើទីគ្នាច្រើនលើកដំបូងនៅ World Cup 2022 បានអូសបន្លាយលទ្ធផលស្មើ ៣-៣ រហូតដល់ចប់ការប្រកួត។
 
សម្រាប់កាមេរូននេះរយៈពេល ១២ឆ្នាំហើយដែលពួកគេបានប៉ះស៊ែប៊ីលើកទីពីរនៅ World Cup 2022 នេះដោយពួកគេនៅតែមិនអាចយកឈ្នះលើស៊ែប៊ីវិញបាន ក្រោយចាញ់ស៊ែប៊ីនៅឆ្នាំ 2010 ក្នុងលទ្ធផល៤-៣ ប្រកួតមិត្តភាព៕
 

© រក្សាសិទ្ធិដោយ thmeythmey.com